ស្ថានទូត​អាមេរិក​ព្រមាន​ពលរដ្ឋ​ខ្លួន ពី​សុវត្ថិភាព​ក្នុង​ប្រទេស​កម្ពុជា

សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួន ក្នុងរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ទៅកាន់ពលរដ្ឋអាមេរិក ដែលមានវត្តមាននៅកម្ពុជា ឲ្យធ្វើការប្រុងប្រយ័ត្ន ពីបញ្ហាសុវត្ថិភាព និងសន្តិសុខ ដែលបណ្ដាលមកពីការវិវត្តន៍ថ្មីៗ នៃបញ្ហានយោបាយនៅក្នុងប្រទេសនេះ។ សម្រាប់អ្នកនាំពាក្យរដ្ឋាភិបាលវិញ បានចាត់ទុកការលើកឡើង របស់ស្ថានទូតអាមេរិកនេះ ថាជាយុទ្ធនាការ«បំផុសបំផុល» បង្កើតរឿងខុសការពិត នៅកម្ពុជា។
ស្ថានទូត​អាមេរិក​ព្រមាន​ពលរដ្ឋ​ខ្លួន ពី​សុវត្ថិភាព​ក្នុង​ប្រទេស​កម្ពុជា
ទិដ្ឋភាពដាក់ពង្រាយកងកម្លាំងនគរបាល នៅចំណុចមុខវត្តបុទម ជាប់ព្រះបរមរាជវាំង កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ២០១៧។ (រូបថតលើហ្វេសប៊ុក)

ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅក្នុងរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយ ក្នុងល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ព្រមានពលរដ្ឋអាមេរិកទាំងឡាយណា ដែលកំពុងមានវត្តមានក្នុង ឬកំពុងធ្វើដំណើរទៅកាន់ ប្រទេសកម្ពុជា ឲ្យធ្វើការ«ប្រុងប្រយ័ត្ន» ពីបញ្ហាសុវត្ថិភាព និងសន្តិសុខ នៅក្នុងប្រទេសនេះ។

សេចក្ដីជូនដំណឹង បានសរសេរថា៖ «ការវិវត្តន៍ថ្មីៗ ដូចជាការចាប់ខ្លួនអ្នកនយោបាយ ការបណ្ដេញអង្គការក្រៅរដ្ឋាភិបាលអាមេរិក និងបុគ្គលិកបរទេសរបស់អង្គការនោះ រួមជាមួយនឹងវោហាស័ព្ទប្រឆាំងអាមេរិក ពីសំណាក់មន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលកម្ពុជា អាចបង្កើនភាពតានតឹងជាទូទៅ នៅក្នុងប្រទេសកម្ពុជា»។

ស្ថានតំណាងឲ្យប្រទេសអាមេរិក បានសរសេរ​នៅក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ​ទៀតថា៖ «ទោះបីស្ថានទូត មិនមានព័ត៌មានជាក់លាក់ទាក់ទងនឹងការធ្វើបាតុកម្ម ឬបញ្ហាសន្តិសុខ ដែលអាចមាន ក្នុងពេលនេះក៏ដោយ តែយើងសូមអំពាវនាវ ដល់ពលរដ្ឋអាមេរិកទាំងអស់ ឱ្យប្រុងប្រយ័ត្ន។ សូម្បីតែការធ្វើបាតុកម្ម ឬព្រឹត្តិការណ៍ ដែលត្រូវបាន​បង្កើតឡើង ក្នុងលក្ខណៈអហិង្សាក៏ដោយ ក៏ហេតុការណ៍អាចប្រែក្លាយ ជាការប្រឈមមុខ និងអាចឈានទៅដល់អំពើហិង្សា ដោយមិនអាចដឹងជាមុន។»។

អត្ថបទនោះ បានបន្តថា៖ «ស្ថានទូតអាមេរិក សូមលើកទឹកចិត្តឱ្យលោកអ្នក (ដែលជាពលរដ្ឋអាមេរិក) ជៀសវាងកន្លែង ដែលមានការជួបជុំមនុស្ស ហើយចាកចេញភ្លាមៗ ពីទីកន្លែងនោះ។ លោកអ្នកគួរតែប្រុងប្រយ័ត្ន ចំពោះការវិវត្តន៍នៃបញ្ហាសន្តិសុខ ក្នុងកន្លែងដែលលោកអ្នក កំពុងមានវត្តមាន និងតាមដានរបាយការណ៍ព័ត៌មានក្នុងស្រុក។ ចូរប្រុងប្រយ័ត្ន ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងត្រូវត្រៀមខ្លួនទុកជាមុន។»។

នៅចំពោះការព្រមាននេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានធ្វើប្រតិកម្មភ្លាមៗ ដោយហៅសេចក្ដីជូនដំណឹងខាងលើ ថាមានលក្ខណៈ ជាយុទ្ធនាការ«បំផុសបំផុល និងបង្កើតរឿងខុសពីការពិត នៅកម្ពុជា»។ លោកបានថ្លែងឡើងថា៖ «ការបង្ហោះព័ត៌មានបែបនេះ គឺជាការបំពុលបរិយាកាសនយោបាយពិត នៅក្នុងប្រទេសកម្ពុជា ខណៈដែលស្ថានភាពនយោបាយកម្ពុជា នៅតែដំណើរការធម្មតា គ្មានអ្វីគួរឱ្យព្រួយបារម្ភឡើយ»។

នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ចំណងការទូតរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា បានស្គាល់ភាពរកាំរកូស បន្ទាប់វិធានការជាច្រើន របស់រដ្ឋាភិបាលកម្ពុជា ប្រឆាំង(ផលប្រយោជន៍)អាមេរិក បានកើតមាន រាប់ចាប់តាំងពីការបិទអង្គការ «វិទ្យាស្ថានជាតិ ដើម្បីប្រជាធិបតេយ្យ (NDI)» និងការបណ្ដេញបុគ្គលិកបរទេស របស់អង្គការនេះ ចេញពីប្រទេសកម្ពុជានោះមក។

ព្រឹត្តិការណ៍ដែលធ្ងន់ធ្ងរជាងនេះ គឺសហរដ្ឋអាមេរិកត្រូវបានរដ្ឋាភិបាលកម្ពុជា ចោទកាលពីសប្ដាហ៍មុនថា បាននៅពីក្រោយគម្រោងការមួយ ដែលមានប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា «ជាអាយ៉ង» ក្នុងទិសដៅមួយ ដែលរដ្ឋាភិបាលកម្ពុជាអះអាង ជាការធ្វើ«បដិវត្តន៍ពណ៌»នៅកម្ពុជា ដើម្បីរំលំរដ្ឋាភិបាលលោក ហ៊ុន សែន ចេញពីអំណាច។

កាលពីម្សិលម៉ិញ ឯកអគ្គរដ្ឋទូតអាមេរិក លោក វីល្លៀម ហេត (William A. Heidt) បានថ្លែងនៅចំពោះក្រុមអ្នកសារព័ត៌មាន លើកឡើងពីក្ដីទោមនស្ស ប្រកបដោយការឈឺចាប់របស់លោក នៅចំពោះការចោទប្រកាន់ខាងលើ ហើយបានពន្យល់ថា គឺប្រទេសកម្ពុជាទៅវិញទេ ដែលជាអ្នកខាតបង់ និងដែលកំពុងដាក់ខ្លួនឯង ឲ្យ«ឯកោ»ពីសហគមន៍អន្តរជាតិ ខណៈប្រទេសកម្ពុជា កំពុងត្រូវការជំនួយ ឬការអនុគ្រោះ ពីប្រទេសទាំងនោះ ដ៏ច្រើនលើសលប់​នៅឡើយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់