វិទ្យុ​អាស៊ី​សេរី ផ្អាក​ការិយាល័យ​ព័ត៌៌មាន​របស់​ខ្លួន​នៅ​កម្ពុជា

វិទ្យុអាស៊ីសេរី បានចេញសេចក្ដីថ្លែងការណ៍ នៅមុននេះបន្តិច ផ្អាកដំណើរការការិយាល័យព័ត៌មានរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា មួយរយៈ។ ស្ថាប័នផ្សព្វផ្សាយអាមេរិក ផ្សាយជាខេមរភាសាមួយនេះ បានលើកពីមូលហេតុ ពីការផ្អាកនេះ ដោយសារ«ការបង្ក្រាប មក​លើ​សំឡេង​ឯករាជ្យ​ឥត​ស្រាកស្រាន្ត​ ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ ចុង​ក្រោយ​នេះ​ ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា»។
វិទ្យុ​អាស៊ី​សេរី ផ្អាក​ការិយាល័យ​ព័ត៌៌មាន​របស់​ខ្លួន​នៅ​កម្ពុជា
លោក ជុន ច័ន្ទបុត្រ អ្នកសារព័ត៌មាន និងជាអ្នកគ្រប់គ្រងមួយរូប នៃវិទ្យុអាស៊ីសេរី។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១២ កញ្ញា ២០១៧
  • កែប្រែចុងក្រោយ: September 12, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អាន និងបញ្ចេញយោបល់

«ជា​ការ​គួរ​ឲ្យ​សោកស្ដាយ​បំផុត ​ដែល​វិទ្យុ​អាស៊ីសេរី ត្រូវ​បង្ខំ​ចិត្ត​​ផ្អាក​ដំណើរការការិយាល័យ​ព័ត៌មាន ​នៅ​ទីក្រុង​ភ្នំពេញ របស់​ខ្លួន​មួយ​រយៈ» នេះ ជាអ្វីដែលវិទ្យុអាស៊ីសេរី (RFA) បានប្រកាសឲ្យដឹង នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលទើបចេញផ្សាយ នៅមុននេះបន្តិច។ សេចក្ដីថ្លែងការណ៍នោះ បានសរសេរបន្តថា៖ «ការ​បង្ក្រាប​មក​លើ​សំឡេង​ឯករាជ្យ​ ឥត​ស្រាកស្រាន្ត​ ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ ចុង​ក្រោយ​នេះ​ ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា មិន​អនុញ្ញាត​ ឲ្យ​វិទ្យុ​អាស៊ីសេរី បន្ត​បើក​ដំណើរ​ការ​ការិយាល័យ​ព័ត៌មាន​របស់​ខ្លួន​ ដោយ​ធានា ​អំពី​សុចរិតភាព ​នៃ​បេសកកម្ម​សារព័ត៌មាន (...) ជា​បន្ត​ទៅ​ទៀត​ បាន​នោះ​ទេ»។

វិទ្យុអាស៊ីសេរី បានបញ្ជាក់ទៀតថា៖ «ជា​ការ​ឆ្លុះ​បញ្ចាំង ​ឲ្យ​ឃើញ​កាន់​តែ​ប្រត្យក្ស​ជាក់ស្ដែង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​មាន​ចេតនា​អនុញ្ញាត ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី បន្ត​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​មុន​ពេល​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ត​ទៅ​ទៀត​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​បាន​ឆក់​យក​ឱកាស ​គ្រប់​បែប​យ៉ាង ដើម្បី​តាមដាន​ធ្វើ​ទុក្ខបុកម្នេញ​ មក​លើ​ក្រុម​អ្នក​រិះគន់ គូបដិបក្ខ​នយោបាយ ​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​ប្ដេជ្ញា​រាយការណ៍ ​អំពី​ការពិត​នៅ​ក្នុង​សង្គម​កម្ពុជា សព្វ​ថ្ងៃ ក្រោម​លេស​ចោទ​ថា បាន​រំលោភ​ច្បាប់​ស្ដីពី​សារពើពន្ធ និង​បែបបទ​រដ្ឋបាល​អាជ្ញាធរ​ បាន​បិទ​ស្ថានីយ​វិទ្យុ​ឯករាជ្យ​នានា ដែល​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន ​របស់​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ សំឡេង សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) និង​បិទ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily)។»។

«រដ្ឋាភិបាល​បាន​បង្ខំ​អោយ​កាសែត ឌឹ ខេមបូឌា ដេលី បិទ​ការិយាល័យ​របស់​ខ្លួន ដោយ​ពិន័យ​អោយ​បង់​ពន្ធ​ ច្រើន​ហួសហេតុ ហើយ​ដែល​បាន​រារាំង ​ម្ចាស់​កាសែត​នេះ គឺ​លោក ឌូគ្លាស អ៊ីរ៉ិច ស្ទៀល (Douglas Eric Steele) មិន​អោយ​ចេញ​ពី​ប្រទេស​បាន ក្រោម​ការ​គំរាមកំហែង​ ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ។ អាជ្ញាធរ​ក៏​បាន​ប្រើប្រាស់​ស្នៀត​ដូច​គ្នា​នេះ​ដែរ ប្រឆាំង​នឹង​វិទ្យុ​អាស៊ីសេរី បើ​ទោះ​បី​ជា​យើង​ បាន​ផ្ដល់​កិច្ច​សហប្រតិបត្តិការ​ពេញលេញ​ នៅ​ក្នុង​គ្រប់​ដំណាក់កាល​ទាំង​អស់ ដើម្បី​អនុលោម​តាម​រាល់​សំណើ​នានា ហើយ​និង​កិច្ច​ប្រឹងប្រែង​ដោយ​ស្មោះ ​អស់​ពី​ចិត្ត​របស់​យើង ដើម្បី​ធ្វើ​ការ​ចុះ​បញ្ជី​ ក្លាយ​ជា​ក្រុមហ៊ុន​ព័ត៌មាន ​ដែល​មាន​អាជ្ញាប័ណ្ណ​មួយ​យ៉ាង​ណា​ក៏ដោយ។ យ៉ាងណាមិញ អាជ្ញាធរ​បាន​សម្រេច​ជ្រើសរើស​ យក​នូវ​ការ​ចេញ​ផ្សាយ ​នូវ​សេចក្ដី​ថ្លែងការណ៍​មិន​ពិត និង​បាន​បង្កើន​វោហារសាស្ត្រ​ បំភិតបំភ័យ និង​គំរាមកំហែង កាន់​តែ​ខ្លាំង​ឡើងៗ ដែល​ភាគ​ច្រើន​ធ្វើ​ឡើង ​តាម​រយៈ​ការ​បញ្ចេញ​ឯកសារ​បែក​ធ្លាយ ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​ជួយ​បន្ទរ​ឲ្យ​រដ្ឋាភិបាល និង​សេចក្តី​ថ្លែងការណ៍​បញ្ច្រាស​គ្នា ​របស់​ស្ថាប័ន​ក្រសួង​ផ្សេងៗ​គ្នា។»។

«ការ​ប្រឈម ​នឹង​ស្ថានភាព​បំភិតបំភ័យ​បែប​នេះ មិន​មែន​ជា​រឿង​រ៉ាវ​ថ្មី​ថ្មោង​ឡើយ ​សម្រាប់​វិទ្យុ​អាស៊ីសេរី។ ក្រុម​អ្នក​កាសែត និង​ក្រុម​អ្នក​អត្ថាធិប្បាយ​របស់​យើង ទទួល​រង​នូវ​ការ​គំរាម ការ​ចាប់​ដាក់​ពន្ធនាគារ និង​ការ​បង្ខំ​ឲ្យ​ចាកចេញ ​ពី​ប្រទេស​នេះ ដើម្បី​បញ្ចៀស​ពី​ការ​ប៉ុនប៉ង​ចាប់​ខ្លួន ឬ​ធ្លាក់​ចូល ​ក្នុង​ស្ថានភាព​រឹត​តែ​អាក្រក់​ជាង​នេះ។ ក៏ប៉ុន្តែ​ដំណើរ​វិវត្តន៍​ចុង​ក្រោយ​ថ្មីៗ​នេះ រឹត​តែ​ធ្ងន់ធ្ងរ​ដល់​កម្រិត​មួយ​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ស្វះស្វែង​ដោយ​ឥត​អៀនខ្មាស កម្ចាត់​ចោល​នូវ​រាល់​ឧបសគ្គ ឬ​ឥទ្ធិពល​នានា ដែល​រារាំង​មិន​ឲ្យ​បក្ស​ពួក​របស់​ខ្លួន ​ទទួល​បាន​នូវ​ការ​ក្ដោបក្ដាប់​ អំណាច​ផ្ដាច់​ការ​ទាំង​ស្រុង ​តែម្ដង។»

កាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៧ លិខិតពីរសន្លឹក ដាច់ដោយឡែកពីគ្នា ដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក្រសួងព័ត៌មាន ​បានផ្ញើរទៅកាន់ម្ចាស់ស្ថានីយ៍ វិទ្យុមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ១០២ Mhz និងវិទ្យុសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ១០៥ MHz ដោយហាមវិទ្យុក្នុងស្រុកពីរចុងក្រោយ ដែលនៅផ្សាយព័ត៌មាន របស់វិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) មិនឲ្យ​ផ្សាយព័ត៌មានបន្ត ពី​វិទ្យុបរទេស​ ទាំងពីរនេះទៀត។ ក្រសួងបានបង្ហាញមូលហេតុថាថា គឺដោយ​សារ​ក្រសួង​រក​ឃើញថា វិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ ពុំទាន់បានចុះ​បញ្ជី​ ការិយាល័យតំណាង​ស្របច្បាប់ ​នៅក្រសួង​ព័ត៌មាន។

«ជនផ្ដាច់ការ អាចនឹងឡើងកាន់អំណាច...»

យ៉ាងណាក៏ដោយ ក៏ការបិតការិយាល័យ​ព័ត៌មាន​មួយរយៈនេះ មិនមានសេចក្ដីថា វិទ្យុអាស៊ីសេរីឈប់ផ្សាយព័ត៌មាន ជាខេមរភាសា ជុំវិញហេតុការណ៍ ពីប្រទេសកម្ពុជាឡើយ។ ស្ថាប័នផ្សព្វផ្សាយ ដែលទទួលឧបត្ថម្ភធុន ពីសភាសហរដ្ឋអាមេរិកមួយនេះ បានបញ្ជាក់ថា៖ «វិទ្យុ​អាស៊ីសេរី នឹង​បន្ត​រាយការណ៍​លើ​បញ្ហា និង​ព្រឹត្តិការណ៍​នានា ដែល​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម​កម្ពុជា ហើយ​នឹង​បន្ត​ផ្សព្វផ្សាយ​កម្មវិធី​ផ្សាយ សេចក្ដី​រាយការណ៍ និង​ព័ត៌មាន​នានា នៅ​លើ​រលកធាតុអាកាស​វិទ្យុ​កម្រិត​ទាប (SW) លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) យូធូប (YouTube) និង​គេហទំព័រ​របស់​យើង http://www.rfa.org/khmer/ ជា​បន្ត​ទៅ​ទៀត»។

សេចក្ដីថ្លែងការណ៍ បានបញ្ចប់ទៅ ដោយឃ្លាដូច្នេះថា៖ «ដូច​ដែល​ប្រវត្តិសាស្ត្រ​ បាន​ចារ​ទុក​មក​ហើយ​ថា ជន​ផ្ដាច់ការ​ អាច​នឹង​ឡើង​កាន់​អំណាច ហើយ​បង្ខំ​ឲ្យ​ពលរដ្ឋ​ក្នុង​ប្រទេស​របស់​ពួកគេ​ អនុវត្ត​តាម​ឆន្ទៈ​មានៈ​របស់​ខ្លួន ប៉ុន្តែ​នៅ​ទី​បំផុត​ទៅ ការ​ពិត​នឹង​នៅ​តែ​ឈ្នះ​ដដែល»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់