ស្ថានទូត​អាមេរិក​ទាត់​ចោល ការ​ចោទ​របស់​រដ្ឋាភិបាល​កម្ពុជា

នៅចំពោះរលក នៃការចោទប្រកាន់ប្រឆាំងសហរដ្ឋអាមេរិក ដែលហាក់មានសន្ទុះ កាន់តែកើនឡើង ពីសំណាក់រដ្ឋាភិបាលកម្ពុជា ជាពិសេស ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់នោះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានធ្វើសន្និសីទកាសែតមួយ កាលពីរសៀលថ្ងៃនេះ ទាត់ចោលការចោទប្រកាន់ទាំងនោះ ដោយបានពន្យល់ នូវករណីជាច្រើន រាប់បញ្ចូលទាំងតួនាទីអាមេរិក ក្នុងការជួយអភិវឌ្ឍន៍កម្ពុជា និងការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីសប្ដាហ៍កន្លងទៅ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមយកការថ្លែងដោយផ្ទាល់ របស់លោក វីល្លៀម ហេត (William A. Heidt) ឯកអគ្គរដ្ឋទូតអាមេរិក នៅក្នុងសន្នីសីទនោះ មកចុះផ្សាយទាំងស្រុង ដូចខាងក្រោម។
ស្ថានទូត​អាមេរិក​ទាត់​ចោល ការ​ចោទ​របស់​រដ្ឋាភិបាល​កម្ពុជា
លោក វីល្លៀម ហេត ឯកអគ្គរដ្ឋទូត នៅក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។ (រូបថត MONOROOM.info/ Dara)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១២ កញ្ញា ២០១៧
  • កែប្រែចុងក្រោយ: September 12, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អាន និងបញ្ចេញយោបល់

សូមអរគុណដែលបានអញ្ជើញមកថ្ងៃនេះ។ ខ្ញុំសូមធ្វើសេចក្តីថ្លែងការណ៏ខ្លីមួយ បន្ទាប់មក ខ្ញុំនឹងឆ្លើយ សំណួរលោកអ្នក។

នៅថ្ងៃទី២ កញ្ញា ខ្ញុំបានចាកចេញទៅសហរដ្ឋអាមេរិក ដោយមិនបានគ្រោងទុក ដោយសារហេតុផល ផ្ទាល់ខ្លួន។ ៤០ នាទីបន្ទាប់ពីខ្ញុំបានចាកចេញទៅ រដ្ឋាភិបាលបានចាប់ខ្លួនលោក កឹម សុខា ជាមេដឹកនាំបក្ស ប្រឆាំង ដោយចោទថាក្បត់ជាតិ ទាក់ទងនឹងមតិ ដែលលោកទំនងជាបាននិយាយ កាលពី ៤ ឆ្នាំមុន។

«ការចោទប្រកាន់ គ្មានមូលដ្ឋាន មិនត្រឹមត្រូវ និងខុសដោយចេតនា»

និយាយដោយត្រង់ទៅ ខ្ញុំគ្មានការភ្ញាក់ផ្អើលទាំងស្រុងនោះទេ នៅពេលខ្ញុំទទួលដំណឹង អកុសលនេះ។ តែខ្ញុំមានការភ្ញាក់ផ្អើល ចំពោះការចោទប្រកាន់ ទៅលើសហរដ្ឋអាមេរិក ទាក់ទងនឹងការចាប់ខ្លួនលោក កឹម សុខា ដែលគ្មានភស្តុតាងច្បាស់លាស់ ឬគួរអោយទុកចិត្តបាន បន្តិចណាសោះ។

វាគឺជាការចោទប្រកាន់ មិនធម្មតា។ ការងារការទូត ជាធម្មតា ត្រូវបានធ្វើដោយប្រើភាសា ដែលមានការប្រយ័ត្ន និងប្រកបដោយការគោរព គឺប្រភេទ នៃភាសាដែលខ្ញុំនឹងប្រើ នៅថ្ងៃនេះ។ សារដែលពិបាក ត្រូវបានបញ្ជូន ជាលក្ខណៈឯកជនសិន។ ប្រទេសជាមិត្តនឹងគ្នា តែងតែរកមើល វិធីបំបាត់ការខ្វែងគំនិតគ្នា។

តែនៅក្នុងឆ្នាំកន្លងទៅនេះ ជាច្រើនដងហើយ ដែលសហរដ្ឋអាមេរិក បានរងការចោទប្រកាន់ គ្មានមូលដ្ឋាន មិនត្រឹមត្រូវ និងខុសដោយចេតនា។

វាធ្វើអោយខ្ញុំមានអារម្មណ៍ឈឺចាប់ណាស់។ ខ្ញុំគិតថា លោកអ្នកដឹងហើយថា ខ្ញុំមានការទាក់ទងពិសេស ជាមួយប្រទេសកម្ពុជា ហើយខ្ញុំបានមក ដល់ប្រទេសកម្ពុជាកាលពី ២ ឆ្នាំមុន ដោយបានទទួលការណែនាំ ឲ្យខិតខំលើកកំពស់ ទំនាក់ទំនងរបស់យើង។ ជាការពិត ខ្ញុំនិងបុគ្គលិករបស់ខ្ញុំ តែងតែគោរពដល់គ្រប់គ្នា ចេញសេចក្តីថ្លែងការណ៍ ជាសាធារណៈ ក្នុងចំនួនតិចបំផុត ហើយត្រឹមត្រូវ ហើយរកមើលវិធីធ្វើសហប្រតិបត្តិការ និងលុបបំបាត់ ការខ្វែងគំនិតគ្នា រវាងប្រជាជនដ៏អស្ចារ្យ របស់យើងទាំងពីរ។

ខ្ញុំបានអញ្ជើញអ្នកសារព័ត៌មាន មកថ្ងៃនេះ ដើម្បីធ្វើការពន្យល់លើបីចំណុច។ ចំណុចទីមួយ គឺងាយទេ ពោលគឺថា រាល់ការចោទប្រកាន់ ដែលលោកអ្នកបានលឺ នៅក្នុងពេល​ប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្តីពីសហរដ្ឋអាមេរិក គឺសុទ្ធតែខុសទាំងអស់ ។ អត្ថបទនៅក្នុងសារព័ត៌មានថ្មីៗនេះ ស្តីពីការចាប់ខ្លួនលោក កឹម សុខា ត្រូវបានគេសរសេរខុសទាំងស្រុង និងដោយចេតនា ក្នុងការហៅអ្វី ដែលសហរដ្ឋអាមេរិកកំពុងធ្វើ នៅកម្ពុជា។ វាពិតជាការបង្វែរការយកចិត្តទុកដាក់ ចេញពីបញ្ហាពិតប្រាកដមែន (Red herrings)។

ឥឡូវ ខ្ញុំសូមជំរាបលោកអ្នក នូវអ្វីដែលយើងបាន និងកំពុងធ្វើ។ ខ្ញុំមិនអាន នូវបញ្ជីសកម្មភាពទាំងអស់នោះទេ តែការពិតគឺថា កម្មវិធីរបស់យើង មានការស៊ីចង្វាក់គ្នា គួរអោយកត់សំគាល់ តាំងពីស្ថានទូតរបស់យើង បានបើកឡើងវិញ នៅឆ្នាំ ១៩៩៤។

- យើងគឺជាអ្នកគាំទ្រដ៏ខ្លាំងមួយ ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសកម្ពុជា។ យើងបានជួយកម្ពុជា ក្នុងការបង្កើតក្របខ័ណ្ឌការងារមួយ ដែលបានទាក់ទាញ ក្រុមហ៊ុន សំលៀកបំពាក់ ល្បីៗនៅក្នុងពិភពលោក ដោយរួមទាំងក្រុមហ៊ុន របស់អាមេរិក រាប់សិបផងដែរ។ នៅក្នុងឆ្នាំ កន្លងទៅនេះ យើងបានបង្កើតឧស្សាហកម្មថ្មីស្រឡាងមួយ ដែលមានតំលៃ ១០០ លានដុល្លា ស្តីពីទំនិញសំរាប់ការធ្វើដំណើរ ដែលនៅពេលនេះ ប្រើកំលាំងកម្មករ ចំនួនជិត ១០០ ០០០ នាក់។

- គ្រាន់តែនៅឆ្នាំនេះ យើងបានសម្ពោធកម្មវិធី កសិកម្មថ្មីមួយ ដែលគិតគូរ ចំពោះបញ្ហានៃតំលៃកសិកផលទាបខ្លាំង ដែលប៉ះពាល់ដល់កសិករកម្ពុជា។ យើងបានជួយកម្ពុជា នៅក្នុងការដោះស្រាយបញ្ហា នៃផលិតភាពកសិកម្មទាប និងអសន្តិសុខស្បៀង អស់រយៈពេលជាង ២០ ឆ្នាំមកហើយ។

- យើងបានសំរេចភាពជឿនលឿនធំៗ នៅក្នុងការលើកកំពស់ សុខភាពសាធារណៈ នៅកម្ពុជា។ ដោយមានជំនួយរបស់អាមេរិក កម្ពុជាជិតក្លាយជាប្រទេសដំបូងគេនៅលើផែនដីនេះ ដែលខិតទៅជិត ការមានអត្រាឆ្លងមេរោគអេដស៍ ក្នុងកំរិត ០%។ យើងកំពុងតែដឹកនាំការស្រាវជ្រាវ នៅក្នុងការព្យាបាលជំងឺគ្រុនចាញ់ ដែលមានភាពស៊ាំ នឹងឱសថ។

- យើងបានផ្តល់ការអប់រំ ដល់ជនជាតិកម្ពុជា ចំនួនរាប់ពាន់នាក់ តាមរយៈកម្មវិធីផ្លាស់ប្តូរក្នុងការ សិក្សានិងជំនួយដទៃទៀត។ យើងបានកសាងទំនាក់ទំនងជិតស្និទ្ធ រវាងប្រជាជន និងប្រជាជន ដែលបានជាប្រយោជន៍ ដល់ប្រទេសទាំងពីរ ហើយបានធ្វើឲ្យមានការផ្សះផ្សាឡើងវិញ នៅកម្ពុជា។ យើងបានផ្តល់អំណាច ដល់ស្រ្តីរាប់ពាន់នាក់ ហើយបានជួយ បង្រៀនភាសាអង់គ្លេស ដល់កុមារ ដែលស្ថិតក្នុងស្ថានភាពខ្សត់ខ្សោយ។

- យើងគឺជាកំលាំងដ៏ខ្លាំង ក្នុងការធ្វើអោយមានយុត្តិធម៌។ យើងបានចាប់ខ្លួនឧក្រិដ្ឋជន ដែលជាការធ្វើឲ្យប្រទេសយើងទាំងពីរ មានសុវត្ថិភាព ហើយយើងបានប្រកៀកស្មាគ្នា ជាមួយរដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីកាត់បន្ថយការជួញដូរមនុស្ស។

- យើងបានធ្វើការអបអរ និងអភិរក្សវប្បធម៌ខ្មែរ។ ប្រជាជនអាមេរិកបានផ្តល់ថវិកា សំរាប់ធ្វើការអភិរក្សទ្រព្យសម្បតិ្តជាតិខ្លះ ដ៏មានតំលៃបំផុត របស់ប្រទេសកម្ពុជា ដូចជាប្រាសាទភ្នំបាក់ខែង និងប្រាសាទហាន់ជ័យ។

- យើងបានជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងពេលថ្មីៗនេះ មន្រ្តីរដ្ឋាភិបាលខ្លះ បានរិះគន់ផ្នែកនេះ នៃកម្មវិធីរបស់យើង តែយើងមានមោទនភាពចំពោះការងាររបស់យើង ក្នុងការកែលំអអភិបាលកិច្ច និងជួយអ្នកដឹកនាំ ក្នុងការឆ្លើយ ចំពោះប្រជាជន ដែលគេធ្វើជាតំណាងឲ្យ។ យើងបានជួយគណកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត ហើយបានបង្រៀន គណបក្សនយោបាយនានា ដោយរួមទាំងគណបក្សប្រជាជនកម្ពុជាផងដែរ ស្តីពីវិធីបង្ហាញ ពីកម្មវិធីរបស់គេដល់អ្នកបោះឆ្នោត។

«ចំការមីនរបស់ចិន សូវៀត និងវៀតណាម មានគ្រោះថ្នាក់ ១០ដង ជាងគ្រាប់បែកអាមេរិក»

ប្រវត្តិសាស្រ្ត បានដើរតួនាទីមួយចំណែក នៅក្នុងការចោទប្រកាន់ជាច្រើន ក្នុងចំណោមការចោទថ្មីៗ ទាំងនេះ ហើយយើងសូមទទួលស្គាល់កេរ្តិ៍ដំណែល របស់យើង នៅក្នុងសង្គ្រាមវៀតណាម។ តែយើងមានការប្តេជ្ញាចិត្ត នៅក្នុងការដោះស្រាយបញ្ហា នៃកេរ្តិ៍ដំណែលនេះ។ តើលោកអ្នកដឹងទេថា យើងបានផ្តល់ប្រាក់ចំនួន ជាង ១៦០ លានដុល្លា សំរាប់ការងារលុបបំបាត់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ? ពាក់កណ្តាលនៃប្រាក់នេះ ត្រូវបានប្រើ សំរាប់លុបបំបាត់យុទ្ធភណ្ឌ ដែលទំលាក់ដោយយន្តហោះអាមេរិក នៅភាគខាងកើតនៃប្រទេសកម្ពុជា។ តែប្រាក់ចំនួន ពាក់កណ្តាលទៀត ត្រូវបានប្រើសំរាប់ដោះមីន របស់ចិន សូវៀត និងវៀតណាម នៅភាគខាងលិច ប្រទេស នៅតាមចំការមីន ដែលមានគ្រោះថ្នាក់ ១០ ដងលើសគ្រាប់ដែលទំលាក់ ដោយអាមេរិក។

ក្នុងពេល ២ សប្តាហ៍ខាងមុខនេះ យើងនឹងរៀបរាប់រឿងពិត ស្តីពីសកម្មភាពរបស់យើង ហើយពន្យល់ ថាហេតុអ្វីក៏វាល្អ សំរាប់ប្រទេសយើងទាំងពីរ។ សូមតាមដានទំព័រហ្វេសបុករបស់យើង និងសូមជួយផ្តល់មតិ។

ចំណុចទី ២ របស់ខ្ញុំ ក៏មានលក្ខណៈសាមញ្ញ ដូចគ្នានេះដែរ។ ច្រើនដូចការនិយាយស្តី ពីប្រទេសអាមេរិកនៅពេលនេះដែរ គឺថាព្រឹត្តិការណ៍នៅក្នុងខែកន្លងទៅនេះមិនប៉ះពាល់ ទៅលើសហរដ្ឋអាមេរិកទេ តែវាប៉ះពាល់ ទៅលើប្រទេសកម្ពុជាទៅវិញទេ។ មួយជំហានម្តងៗ ព្រឹត្តិការណ៍ទាំងនេះ កំពុងតែធ្វើអោយប្រទេសកម្ពុជា ឯកោពីសហគមន៍អន្តរជាតិ ក្នុងពេលដែលកម្ពុជា ត្រូវការជំនួយគាំទ្រអន្តរជាតិ ដើម្បីលើកកំពស់សេដ្ឋកិច្ចរបស់ ខ្លួនអោយឡើងមួយកំរិតទៀត ហើយប្រកួតប្រជែងជាមួយប្រទេសជិតខាង នៅក្នុងសមាគមអាស៊ាន។

«ពួកគាត់កំពុងតែពិចារណា ប្តូរការងារល្អៗរបស់គាត់ ទៅឥណ្ឌូនេស៊ី បង់ក្លាដេស ឬវៀតណាមវិញ»

សំដីប្រឆាំងអាមេរិក បានធ្វើឲ្យជនជាតិអាមេរិក និងអ្នកទេសចរណ៍លោកខាងលិចជាច្រើន មានអារម្មណ៍លែងកក់ក្តៅជាងមុន ពេលធ្វើដំណើរមកកម្ពុជា នាពេលបច្ចុប្បន្ន។ ឆ្នាំនេះ អ្នកទេសចរទាំងនោះ អាចទៅចាយលុយ នៅហាឡុងបេយ៍ ឬនៅភូកេត ជាជាងនៅអង្គរវត្ត។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុនអាមេរិក និងលោកខាងលិច ក៏មានអារម្មណ៍លែងកក់ក្តៅ ជាងមុនផងដែរ ហើយក្រុមហ៊ុនកាន់តែតិចថែមទៀត នឹងមក​វិនិយោគ​នៅកម្ពុជា។ លោកអ្នកប្រហែលជាបានឃើញសេចក្តីថ្លែង របស់ក្រុមប្រឹក្សាធុរកិច្ច អាមេរិក អាស៊ានទាក់ទងនឹងរឿងនេះហើយ។

អ្នកធ្វើការបរិច្ចាកមនុស្សធម៌អាមេរិក ដែលជាក្រុមធំជាងគេ និងមានទ្រព្យច្រើនជាងគេ នៅក្នុង ពិភពលោក ក៏លែងមានអារម្មណ៍គិតថា ខ្លួនគេត្រូវបានទទួលស្វាគមន៍ដែរ។ ខ្ញុំប៉ាន់ប្រមាណថា អង្គការ សប្បុរសធម៌អាមេរិក បានសាងសង់សាលាជាង ១.០០០ នៅកម្ពុជា។ វាជាចំនួនដ៏ច្រើនមែនទេ? ខ្ញុំបាន ឮពីអង្គការសប្បុរសធម៌ធំៗខ្លះថា ការធ្វើប្រតិបត្តិការនៅកម្ពុជា កាន់តែប្រឈម នឹងហានិភ័យខ្លាំងហើយ ពួកគាត់កំពុងតែពិចារណា ប្តូរការងារល្អៗរបស់គាត់ ទៅឥណ្ឌូនេស៊ី បង់ក្លាដេស ឬវៀតណាមវិញ។

ប៉ុន្តែផលប៉ះពាក់ធ្ងន់ធ្ងរបំផុត ធ្លាក់មកលើកិត្តិយសរបស់កម្ពុជា ក្នុងនាមជាប្រទេសប្រជាធិបតេយ្យក្មេងខ្ចី។ កាលពីបីខែកន្លងទៅ កម្ពុជាបានរៀបចំការបោះឆ្នោតដែលមានភាពសេរី និងយុត្តិធម៌បំផុតរបស់ខ្លួន តាំងតែ ពីឆ្នាំ១៩៩៣មក។ ជាភាពត្រឹមត្រូវ ប្រជាជនកម្ពុជាមានមោទនភាព ចំពោះរឿងនេះ ហើយជាភាពត្រឹមត្រូវ ដែលសហរដ្ឋអាមេរិក បានអបអរសាទររដ្ឋាភិបាល និងប្រជាជនកម្ពុជាចំពោះរឿងនេះ។

បីខែបានកន្លងផុត យ៉ាងឆាប់រហ័សមកដល់ពេលនេះ។ ជាការពិត ប្រសិនបើការបោះឆ្នោតជាតិកម្ពុជា ប្រព្រឹត្តទៅនៅថ្ងៃនេះ គ្មានអ្នកសង្កេតការណ៍អន្តរជាតិគួរឲ្យជឿជាក់ណាមួយ ចាត់ទុកថាការបោះឆ្នោតនេះ មានភាពសេរី និងយុត្តិធម៌ ឆ្លុះបញ្ចាំងអំពីឆន្ទៈ របស់ប្រជាជនកម្ពុជាឡើយ។

ខ្ញុំសង្ឃឹមថា គ្រប់គ្នានឹងគិតអំពីចំនុចនេះ ដោយប្រុងប្រយ័ត្ន។ ប្រទេសប្រជាធិបតេយ្យមានលក្ខណៈពិសេស។ ក្នុងប្រទេសប្រជាធិបតេយ្យ ប្រជាជនធម្មតាមានតួនាទីពិតប្រាកដ នៅក្នុងប្រទេសរបស់គាត់ ហើយទំនាក់ទំនងរបស់រដ្ឋាភិបាល និងប្រជាជន មានភាពរឹតតែស៊ីជម្រៅ។ ប្រទេសដទៃមើលមកអ្នក ក្នុងន័យផ្សេង ផងដែរ ដូចជាមានការគោរព និងយល់កាន់តែច្រើន។ វាជាអ្វីដែលសម នឹងតម្លៃនៃការតស៊ូ។

«ដោះលែងលោក កឹម សុខា ជាបន្ទាន់»

ហើយចំនុចចុងក្រោយរបស់ខ្ញុំគឺ៖ ទោះបីជាមានព្រឹត្តិការណ៍ទាំងអស់ កើតឡើងកាលពីខែមុនក្តី ខ្ញុំគិត ថា នៅតែមានពេល ដើម្បីសង្រ្គោះការបោះឆ្នោតឆ្នាំ២០១៨ របស់កម្ពុជាបាន បន្តការអភិវឌ្ឍប្រជាធិបតេយ្យ របស់កម្ពុជា និងស្តារទំនាក់ទំនងទ្វេភាគី របស់យើង។ ប៉ុន្តែវាទាមទារ ឲ្យមានសកម្មភាពម៉ឺងម៉ាត់ ជាបន្ទាន់។

យើងសូមចូលរួម ជាមួយសហភាពអឺរ៉ុប ក្នុងការទាមទារ ឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់។ ដំណើរការធម្មតា របស់ទីផ្សារសារព័ត៌មានកម្ពុជា ក៏គួរទទួលបានការស្តារឡើងវិញផងដែរ។ ការដាក់សម្ពាធ លើសង្គមស៊ីវិល គួរត្រូវបានបញ្ឈប់។ ហើយប្រហែលជាសំខាន់ជាងនេះ ទៅទៀតនោះ រដ្ឋាភិបាល, បក្សប្រឆាំង, និងសង្គមស៊ីវិល គួរតែចាប់ផ្តើមកិច្ចសន្ទនា អំពីអនាគតប្រជាធិបតេយ្យ របស់កម្ពុជា ក្នុងបរិយាកាសបើកចំហរ គោរព និងគ្មានសម្ពាធ។

ខ្ញុំសូមបញ្ចប់ ដោយការកត់សំគាល់ផ្ទាល់ខ្លួនថា ចាប់តាំងពីយើង មកដល់ប្រទេសកម្ពុជា កាលពី២ឆ្នាំមុន ភរិយាខ្ញុំ កូនប្រុសខ្ញុំ និងរូបខ្ញុំផ្ទាល់ មានកិត្តិយសដែលទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅ ពីប្រជាជនកម្ពុជា រៀងរាល់ថ្ងៃ ជាពិសេសកាលពីខែមុន។ ហើយខ្ញុំក៏មានមោទនភាព ចំពោះការខិតខំ និងការប្តេជ្ញាចិត្តរបស់ បុគ្គលិកអាមេរិក និងខ្មែរ របស់ស្ថានទូត ព្រមទាំងសហគមន៍អាមេរិក ជាទូទៅផងដែរ។

ជាការពិត អាមេរិកមិនមែនជាប្រទេស ស្មុគ្រស្មាញ ពិបាកធ្វើការជាមួយនោះទេ។ សូមធ្វើមកលើយើង ដោយយុត្តិធម៌ និយាយជាមួយយើង ដោយស្មោះត្រង់ ធ្វើសហប្រតិបត្តិការជាមួយគ្នា តាមដែលអាចធ្វើបាន ប្រើប្រាស់អំណាចទីផ្សាររបស់យើង ដើម្បីជាប្រយោជន៍របស់អ្នក ស្វាគមន៍កម្មវិធីជំនួយ និងក្រុមហ៊ុនរបស់យើង។

ក្តីសង្ឃឹមរបស់ខ្ញុំគឺថា រដ្ឋាភិបាលកម្ពុជានឹងបង្ហាញដល់យើងនូវសុឆន្ទៈ ដែលយើងបានបង្ហាញដល់គេ ដើម្បីបន្តឡើងវិញ នូវភាពជាដៃគូដ៏ពិសេស និងខ្លាំងក្លាដែលយើងមានរហូត មកដល់កាលពីមួយឆ្នាំមុននេះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់