ស្ថានទូត​អាមេរិក ពន្យល់​ពី​រូប​«ត្រី​ក្រហម»

រូបត្រីក្រហម ដែលបង្ហោះដោយទំព័របណ្ដាញសង្គម របស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ទទួលបានការស្រាយបំភ្លឺហើយ។ ជាការបំភ្លឺខ្លី តែគ្រាប់គ្រាន់នឹងអាចយល់បាន។
ស្ថានទូត​អាមេរិក ពន្យល់​ពី​រូប​«ត្រី​ក្រហម»
ត្រីពណ៌ក្រហមមួយក្បាល។ (រូបថតឯកសារ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ កញ្ញា ២០១៧
  • កែប្រែចុងក្រោយ: September 13, 2017
  • ប្រធានបទ: ពីនេះពីនោះ
  • អាន និងបញ្ចេញយោបល់

តាមពិតទៅ សត្វត្រីពណ៌ក្រហម ឬជា «ត្រីសមុទ្រ ហារ៉ុង» ដែលហៅជាភាសាអង់គ្លេស «Red herrings» នេះ ជានិមិត្តរូបមួយ ឬជាវិធីសាស្ត្រមួយបែប នៃការនិទានបែបប្រៀបធៀប នៅក្នុងនយោបាយ អក្សរសាស្ត្រ និងវប្បធម៌ នៃសង្គមលោកខាងលិច។

តាំងពីថ្ងៃទី៨ ខែកញ្ញាមក រូបគំនូរ«ត្រីសមុទ្រ ហារ៉ុង ពណ៌ក្រហម»នេះ ត្រូវបានទំព័រហ្វេសប៊ុក (Facebook) និងទ្វីសធើរ (Twitter) របស់ស្ថានទូតអាមេរិក ប្រចាំក្នុងរដ្ឋធានីភ្នំពេញ បង្ហោះ និងបានបង្កឲ្យមានចំងល់ ពីបណ្ដាជនខ្មែរជាច្រើន មុននឹងរូបគំនូរនេះ ត្រូវបានមនុស្សមួយចំនួន យកទៅបកស្រាយ តាមនិន្នាការ តែរៀងៗខ្លួន។

ដើម្បីបញ្ចប់ចំងល់ ដ៏រ៉ាំរ៉ៃខាងលើ នៅក្នុងសេចក្ដីថ្លែងការណ៍ បកប្រែជាខេមរភាសា របស់លោក វីល្លៀម ហេត (William A. Heidt) ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា ដែលបានប្រតិកម្ម កាលពីម្សិលម៉ិញ ទៅនឹងការចោទប្រកាន់ ពីសំណាក់រដ្ឋាភិបាលកម្ពុជា ថាសហរដ្ឋអាមេរិក នៅពីក្រោយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនោះ លោកឯកអគ្គរដ្ឋទូត បានថ្លែងពន្យល់យ៉ាងខ្លី និងដាក់ពាក្យ «ត្រីសមុទ្រក្រហម» នេះ នៅក្នុងរង្វង់ក្រចក ដូច្នេះ​ថា៖ «វាពិតជាការបង្វែរ​ការយក​ចិត្តទុកដាក់ ចេញពីបញ្ហា​ពិត​ប្រាកដ​មែន (Red herrings)»។

ឃ្លាខាងលើ ស្ថិតក្នុងវគ្គចុងក្រោយ នៃវាក្យខណ្ឌពេញ របស់លោក វីល្លៀម ហេត ដែលមានសេចក្ដីជាអាទិ៍ថា៖ «ខ្ញុំបានអញ្ជើញអ្នកសារព័ត៌មាន មកថ្ងៃនេះ ដើម្បីធ្វើការពន្យល់ លើបីចំណុច។ ចំណុចទីមួយ គឺងាយទេ ពោលគឺថា រាល់ការចោទប្រកាន់ ដែលលោកអ្នកបានឮ នៅក្នុងពេល​ប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្តីពីសហរដ្ឋអាមេរិក គឺសុទ្ធតែខុសទាំងអស់។ អត្ថបទនៅក្នុងសារព័ត៌មានថ្មីៗនេះ ស្តីពីការចាប់ខ្លួនលោក កឹម សុខា ត្រូវបានគេសរសេរខុសទាំងស្រុង និងដោយចេតនា ក្នុងការហៅអ្វី ដែលសហរដ្ឋអាមេរិកកំពុងធ្វើ នៅកម្ពុជា។ វាពិតជាការបង្វែរ ការយកចិត្តទុកដាក់ ចេញពីបញ្ហាពិតប្រាកដមែន (Red herrings)។»។

រីឯនៅលើទំព័រវីគីផេឌា (WikiPedia) វិញ ពាក្យ«Red herrings»នេះ ត្រូវបានពន្យល់យ៉ាងក្បោះក្បាយ ជាភាសាអង់គ្លេស និងភាសាមួយចំនួនទៀត។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់ មកពន្យល់យ៉ាងខ្លីថា៖ «"Red herrings" ជាវិធីសាស្រ្តមួយបែប នៃការនិទានរឿង ដែលមានគោលបំណង ក្នុងការបង្កើតរឿងរ៉ាវមិនពិតមួយ ឬច្រើន ដើម្បីបញ្ចប់ទៅ ដោយវគ្គចុងក្រោយមួយ  ឬច្រើន ដែលខុសពីការរំពឹងទុក និងផ្ដល់លទ្ធផលផ្ទុយគ្នាស្រឡះ ពីរឿងរ៉ាវ ដែលខិតខំបង្កើតឡើងមកនេះ»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់