ហ៊ុន សែន គម្រាម​រំលាយ CNRP ចោល

បុរសខ្លាំងកម្ពុជា បានថ្លែងគម្រាម​រំលាយ​គណបក្សសង្គ្រោះជាតិចោល ប្រសិនណាជាគណបក្សនេះ ឬសមាជិកគណបក្សនេះ នៅបន្តគាំទ្រលោក កឹម សុខា ប្រធានគណបក្ស ដែលត្រូវបានអាជ្ញាធរក្រោមបញ្ជារបស់លោក ចោទពីបទ«ក្បត់ជាតិ» និងចាប់ខ្លួនកាលពីយប់រំលងអាធ្រាត ចូលមកព្រឹកថ្ងៃទី៣ ខែកញ្ញាសប្ដាហ៍មុន។
ហ៊ុន សែន គម្រាម​រំលាយ CNRP ចោល
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថត Reuters)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១១ កញ្ញា ២០១៧
  • កែប្រែចុងក្រោយ: September 11, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«បើអំពើក្បត់ជាតិនេះ ត្រូវបានផ្សំគំនិត ដោយក្របខណ្ឌបក្សទាំងមូល (...) បក្សនោះ ក៏នឹងត្រូវទទួលរង នូវការដាក់ពិន័យខាងផ្នែកច្បាប់ គឺរំលាយគណបក្សនយោបាយនេះ ចោលតែម្ដង» នេះ ជាការថ្លែងឡើង របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងជំហាននយោបាយថ្មីមួយទៀត គម្រាមរំលាយគណបក្សសង្គ្រោះជាតិចោល ប្រសិនណាជាគណបក្សនេះ ឬក៏ក្រុមសមាជិក នៃគណបក្សនេះ នៅតែបន្តគាំទ្រប្រធានគណបក្ស លោក កឹម សុខា ដែលត្រូវបានរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ចាត់ទុកថា ជាជនក្បត់ជាតិ ឃុបឃិតជាមួយបរទេស ដើម្បីបំផ្លាញកម្ពុជា។

ការថ្លែងរបស់លោក ហ៊ុន សែន ទំនងជាចង់ឆ្លើយតប ទៅនឹងការប្រកាសជាផ្លូវការ របស់គណបក្សសង្គ្រោះជាតិ នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលម៉ិញ អះអាងថាខ្លួន នៅតែចាត់ទុកលោក កឹម សុខា ថាជាប្រធានគណបក្សខ្លួនដដែល បើទោះជាមេដឹកនាំគណបក្សរូបនេះ កំពុងស្ថិតក្រោមការឃុំខ្លួនក៏ដោយ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតសាកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល ប្រមាណជិត ៤ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នេះ លោក ហ៊ុន សែន ដែលស្ថិតក្នុងតំណែងជានាយករដ្ឋមន្ត្រី តាំងពីបីទសវត្សន៍ជាងមកនោះ បានថ្លែង«មិនអត់ឱន» ឲ្យជន«ក្បត់ជាតិ» ដែលត្រូវបាន«ចាប់ខ្លួនរួចមកហើយនេះ»។ លោកថា៖ «ហើយប្រសិនជាគណបក្សនេះ នៅតែបន្តរារាំង នៅតែបន្តការពារជនក្បត់ជាតិនេះ មានន័យថាបក្សនេះ គឺក្បត់ជាតិទៅហើយ។ ដូច្នេះ គ្មានពេលវេលា ដើម្បីនឹងត្រូវទុកបក្សនេះ ដំណើរការនៅក្នុងប្រជាធិបតេយ្យ នៅកម្ពុជាទៀតទេ។»

បុរសខ្លាំងកម្ពុជា បានបញ្ជាក់បន្តថា៖ «បក្សនយោបាយច្រើនណាស់ ដែលគេចូលរួមបោះឆ្នោត។ កម្ពុជារំលាយបក្សនយោបាយមួយ តែក៏នៅមានបក្សនយោបាយច្រើនទៀត សម្រាប់ការបោះឆ្នោត។»

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន កាលពីយប់រំលងអាធ្រាត ចូលមកថ្ងៃទី៣ ខែកញ្ញ កន្លងមក ដោយអាជ្ញាធររដ្ឋាភិបាល ក្រោមការចោទប្រកាន់ ពីបទ«ឃុបឃិត»ជាមួយបរទេស។ ការចាប់ខ្លួន ដែលត្រូវគណបក្សប្រឆាំង បរិហារថា ជាការចាប់ខ្លួនយ៉ាង«តក់ក្រហល់» និង«រំលោភច្បាប់»នោះ បានកើតឡើងភ្លាមៗ នៅក្រោយការបង្ហោះតាមបណ្ដាញសង្គម នូវវីដេអូក្លីប​នៃការថ្លែងមួយ របស់លោក កឹម សុខា ដែលលោកបាននិយាយ នៅប្រទេសអូស្ត្រាលី កាលពីចុងឆ្នាំ២០១៣។

អ្នកបង្ហោះវីដេអូនោះ ត្រូវបានគេស្គាល់ថា ជាម្ចាស់អនាមិកនៃទំព័រហ្វេសប៊ុកមួយ ដាក់ឈ្មោះ «កូនខ្មែរ» មុននឹងវីដេអូដដែល ត្រូវបានយកទៅផ្សាយបន្ត ដោយសារព័ត៌មានមួយទៀត ដែលល្បីល្បាញ ថាជាអ្នកនាំពាក្យឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ 

ផ្ទុយពីការចោទប្រកាន់ របស់រដ្ឋាភិបាលលោក ហ៊ុន សែន ខាងលើ  ការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង បានអង្រួន ឲ្យមានប្រតិកម្ម មកពីគ្រប់ជ្រុង នៃផែនដី។ អង្គការសហប្រជាជាតិ សភាអ៊ឺរ៉ុប សហរដ្ឋអាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី បណ្ដាប្រទេសធំៗមួយចំនួនផ្សេង រួមនឹងអង្គការអន្តរជាតិធំៗ ជាច្រើនទៀត បានសំដែងការព្រួយបារម្ភ ចំពោះស្ថានការណ៍ខាងលើ និងបានហៅព្រឹត្តិការណ៍នេះ ថាមានហេតុផលនយោបាយ ដែលអាចធ្វើឲ្យប៉ះពាល់ ទៅដល់ការបោះឆ្នោតជាតិ ក្នុងពេលខាងមុខ។

រីឯមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំងវិញ បានថ្លែងកាលពីប៉ុន្មានថ្ងៃមុននេះ ថាគណបក្សខ្លួន ត្រូវបានរុញខ្នងមកទល់នឹងជញ្ជាំងរួចហើយ ដូច្នេះមិនមានជំហានណាផ្សេង ដែលខ្លួនត្រូវដើរ តាមការ«គម្រាម» របស់លោក ហ៊ុន សែន និងគណបក្សកាន់អំណាចនោះទៀតទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...