កាណាដា​ប្រាប់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​នីតិរដ្ឋ​និង​សិទ្ធិ​ពលរដ្ឋ

ប្រទេសកម្ពុជា បានបង្ក«ការភ្ញាក់ផ្អើល» នៅក្នុងដំណើរការប្រជាធិបតេយ្យ​របស់ខ្លួន។ នេះ បើតាម​សេចក្ដីថ្លែងការណ៍មួយ ផ្សាយចេញពីក្រសួងការបរទេស នៃប្រទេសកាណាដា ដែលជាប្រទេសធំមួយទៀត ដើម្បីប្រតិកម្ម ទៅនឹងការចាប់ខ្លួនលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង នៅកម្ពុជា កាលពីយប់រំលងអាធ្រាត ចូលមកព្រឹកថ្ងៃទី៣ ខែកញ្ញាកន្លងមក។
កាណាដា​ប្រាប់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​នីតិរដ្ឋ​និង​សិទ្ធិ​ពលរដ្ឋ
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថតលើហ្វេសប៊ុក)

នៅថ្ងៃនេះ ប្រទេសកាណាដា បានរួមគ្នាជាមួយប្រទេសធំៗ នៅក្នុងពិភពលោក ដើម្បីធ្វើការក្រើនរំលឹក ទៅរដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យគោរពនីតិរដ្ឋ និងសិទ្ធិរបស់ប្រជាពលរដ្ឋ នៅបន្ទាប់ពីហេតុការណ៍ នៃការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ កាលពីព្រឹកទៀបភ្លឺ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លង មក។ សេចក្ដីថ្លែងការណ៍មួយ របស់ក្រសួងការបរទេសកាណាដា បានសរសេរឲ្យដឹងថា ការចាប់ខ្លួននោះ បានបង្ហាញ ពី«ដំណើរការប្រជាធិបតេយ្យ ដ៏គួរឲ្យភ្ញាក់ផ្អើល» របស់ប្រទេសកម្ពុជា។

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍នោះទាំងស្រុង (មានជាភាសាបារាំង) ដែលបកប្រែក្រៅផ្លូវការ ជាខេមរភាសាដូចតទៅ៖

«ជាមួយការបោះឆ្នោតជាតិ នៅកម្ពុជា ឈានខិត​ជិតមកដល់ កាណាដាមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការចាប់ខ្លួនមេដឹកនាំ គណបក្សសង្គ្រោះជាតិ លោក កឹមសុខា នាពេលថ្មីៗនេះ។ ករណីថ្មីនេះ រួមជាមួយនឹងការដាក់កំហិត និងការរឹតបន្តឹង លើប្រព័ន្ធព័ត៌មានឯករាជ្យ ជាពិសេសនោះ បានបង្ហាញពីដំណើរការប្រជាធិបតេយ្យ ដ៏គួរឱ្យភ្ញាក់ផ្អើល នៅកម្ពុជា។»។

«កាណាដា អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិរបស់លោក កឹម សុខា ចំពោះនីតិវិធីត្រឹមត្រូវ និងដើម្បីធានាថា ករណីរបស់គាត់ ត្រូវបានដោះស្រាយដោយ បើកចំហ និងមានតម្លាភាព»។

«សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ​រឹងមាំ ហើយឯករាជ្យ គឺជាចំណុចគោល នៃប្រទេសដែលមានសុខភាពល្អ និងការរីកចម្រើន។ លំហ សម្រាប់សម្លេង ពីគ្រប់និន្នាការទាំងអស់ គឺមានសារៈសំខាន់ណាស់ ចំពោះលទ្ធិប្រជាធិបតេយ្យ ហើយ កាណាដា អំពាវនាវដល់ រដ្ឋាភិបាលកម្ពុជា ដើម្បីធានា ថាលំហនោះ ត្រូវបានបើកទូលាយ សម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា។»។

«ប្រទេស កាណាដា ជឿជាក់យ៉ាងមុតមាំ ទៅលើការបោះឆ្នោត សេរី​និងតាមបែបប្រជាធិបតេយ្យ ហើយសំណូមពរ ឱ្យរដ្ឋាភិបាលកម្ពុជា គោរពនីតិរដ្ឋ និងសិទ្ធិរបស់ប្រជាពលរដ្ឋ»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់