អាល្លឺម៉ង់​ព្រមាន​ពី​ការ​បាត់​ភាព​ស្រប​ច្បាប់ សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨

សេចក្ដីថ្លែងការណ៍មួយ នៃអ្នកនាំពាក្យក្រសួងការបរទេស របស់ប្រទេស អាល្លឺម៉ង ដែលជាមហាអំណាច ខាងសេដ្ឋកិច្ចមួយ នៅអ៊ឺរ៉ុប និងនៅលើពិភពលោក បានព្រមានទុកជាមុន ពីភាពមិនអាចទទួលយកបាន នូវការបោះឆ្នោតជាតិ ក្នុងឆ្នាំខាងមុខ នៅកម្ពុជា ប្រសិនណាជាគ្មានការ​ចូលរួម ពីសំណាក់គណបក្សប្រឆាំង​ដែលខ្លាំង ប្រព័ន្ធសារព័ត៌មាន​ដែលឯករាជ្យ និងសង្គមស៊ីវិលដែលសកម្ម ទេនោះ។
អាល្លឺម៉ង់​ព្រមាន​ពី​ការ​បាត់​ភាព​ស្រប​ច្បាប់ សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨
លោក ហ៊ុន សែន លើកចង្អុលដៃមួយឡើង បន្ទាប់ពីបានបោះឆ្នោតរួច កាលពីឆ្នាំ២០១៣។ (រូបថត Reuters)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៦ កញ្ញា ២០១៧
  • កែប្រែចុងក្រោយ: September 07, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អាន និងបញ្ចេញយោបល់

បន្ទាប់ពីសហភាពអ៊ឺរ៉ុប ចក្រភពអង់គ្លេស និងសាធារណរដ្ឋបារាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក៏បានធ្វើប្រតិកម្ម ជំទាស់នឹងការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង នៅកម្ពុជាដែរ។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ ផ្សាយចេញពីអ្នកនាំពាក្យ ក្រសួងការបរទេសអាល្លឺម៉ង់ ដែលស្ថិតក្នុងរដ្ឋធានីប៊ែលឡាំង។

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍នោះ ទាំងស្រុង៖

«រដ្ឋាភិបាល នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សំដែងនូវការព្រួយបារម្ភ ជាពន់ពេក នៅចំពោះការចាប់ខ្លួន មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខ ដោយរំលោភ លើអភ័យឯកសិទ្ធិសភារបស់លោក នៅក្នុងប្រទេសកម្ពុជា»។

«ព្រឹត្តិការណ៍ចុងក្រោយ ដែលបានកើតឡើងនៅកម្ពុជា ដូចជា ឧបសគ្គជាច្រើន ដែលធ្វើឡើង ប្រឆាំងនឹងអង្គការសង្គមស៊ីវិល - វិធានការទាំងឡាយ ដែលធ្វើឡើង ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក៏ដូចជាការចាប់ខ្លួន មេដឹកនាំគណបក្សប្រឆាំង ខាងលើនេះ បង្ហាញយ៉ាងច្បាស់ ពីការរឹតបន្តឹងដ៏ខ្លាំងក្លាមួយ ចំពោះសេរីភាពនៃការបញ្ចេញមតិ និងជាពិសេស ចំពោះដំណើរការប្រជាធិបតេយ្យ នៅក្នុងប្រទេស»។

សេចក្ដីថ្លែងការណ៍ បានបញ្ចប់ទៅ ដោយប្រយោគព្រមាន តាមបែបការទូតដូច្នេះថា៖

«បើគ្មានការចូលរួម ពីគណបក្សប្រឆាំង ដែលមានសមត្ថភាពប្រកួតប្រជែងស្មើភាព - ការឃ្លាំមើលបែបប្រជាធិបតេយ្យ - ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងពីអង្គការសង្គមស៊ីវិលដ៏សកម្ម​ទេនោះ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ក្នុងអាណត្តិក្រោយ ឆ្នាំ២០១៨ខាងមុខ ច្បាស់ជាបាត់នូវភាពស្របច្បាប់ និងភាពទទួលយកបាន»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់