RFA និង VOA អស់​អង់តែន​​រលក​ធាតុអាកាស​ផ្សាយ​បន្ត នៅ​កម្ពុជា

វិទ្យុផ្សាយសម្លេង នៅក្នុងស្រុកទាំងអស់ ដែលធ្លាប់ផ្សាយបន្ត នូវព័ត៌មានពីវិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) ត្រូវបានក្រសួងព័ត៌មានកម្ពុជា លប់អាជ្ញាប័ណ្ណ និងចេញលិខិតហាម មិនឲ្យផ្សាយព័ត៌មានបន្ត ពីវិទ្យុអាមេរិកទាំងពីរខាងលើ។ ម្សិលម៉ិញនេះ វិទ្យុក្នុងស្រុក​ចំនួនពីរ បានទទួលបម្រាមនេះ ក្រោយគេបំផុត ឲ្យបញ្ឈប់ការផ្សាយព័ត៌មានឡើងវិញ របស់វិទ្យុខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
RFA និង VOA អស់​អង់តែន​​រលក​ធាតុអាកាស​ផ្សាយ​បន្ត នៅ​កម្ពុជា
រូបសញ្ញាសម្គាល់របស់វិទ្យុសម្លេងសហរដ្ឋអាមេរិក (ខាងឆ្វេង) និងវិទ្យុអាស៊ីសេរី។ (រូបថតឯកសារ)

វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) នឹងមិនមានរលកធាតុអាកាស FM ផ្សាយបន្ត នៅក្នុងប្រទេសកម្ពុជាទៀតទេ បន្ទាប់ពីបម្រាមចុងក្រោយបង្អស់ចំនួនពីរច្បាប់ ត្រូវបានក្រសួងព័ត៌មាន ផ្ញើរទៅកាន់ម្ចាស់ស្ថានីយ៍វិទ្យុទាំងពីរ គឺវិទ្យុមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ១០២ Mhz និងវិទ្យុសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ១០៥ MHz។

នៅក្នុងលិខិតហាមពីរសន្លឹក ដាច់ដោយឡែកពីគ្នា ដែលចុះហត្ថលេខាក្នុងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក្រសួងព័ត៌មាន​បានពន្យល់ពីហេតុផល មិនឲ្យ​វិទ្យុទាំងនេះ ផ្សាយព័ត៌មានបន្ត ពី​វិទ្យុបរទេស​ទាំងពីរថា គឺដោយ​សារ​ក្រសួង​រក​ឃើញថា វិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ ពុំទាន់បានចុះ​បញ្ជី​ ការិយាល័យតំណាង​ស្របច្បាប់ ​នៅក្រសួង​ព័ត៌មាន។

លិខិតនោះបានបញ្ជាក់ថា ដើម្បីចៀសវាងការប្រព្រឹត្តិផ្ទុយពី «គោលការណ៍ច្បាប់» ក្រសួងព័ត៌មានតម្រូវ ឲ្យម្ចាស់ស្ថានីយ៍ បញ្ឈប់ការចាក់ផ្សាយឡើងវិញ នូវព័ត៌មានវិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិក ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ លិខិតដដែលបានសរសេរព្រមានថា ប្រសិនបើ​វិទ្យណាមួយ នៅតែបន្តផ្សាយ​ព័ត៌មាន ពីវិទ្យុទាំងពីរខាងលើ នោះ​ក្រសួង​នឹងដក​អាជ្ញា​ប័ណ្ណ​វិទ្យុ​នោះ ឲ្យ​បញ្ឈប់ការផ្សាយ​ជាស្ថាពរ។

ស្រង់សំដីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ម្ចាស់​ស្ថានីយ​វិទ្យុ​ទាំង​ពីរ ​គឺ​អ្នកស្រី ជា ស៊ុនដាណែត និងលោក ម៉ម សូណង់ដូ មិនមានជម្រើសអ្វីផ្សេង ក្រៅពីត្រូវធ្វើតាមបម្រាមនោះ ដោយ​លែង​ចាក់​ផ្សាយ​ព័ត៌មានបន្ត​ ពីវិទ្យុ​អាមេរិក ដែលផ្សាយជាខេមរភាសាទាំងពីរ។

ការហាមប្រាមវិទ្យុចំនួនពីរចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីក្រសួង​ព័ត៌មាន​ បាន​ដក​អាជ្ញាប័ណ្ណ ជាបន្តបន្ទាប់ តាំងពីថ្ងៃទី២៣ ខែសីហាមក បញ្ឈប់​ការ​ផ្សាយ​ទាំងស្រុង ​របស់​វិទ្យុ​ក្នុងស្រុក ​ជាង​១០ ផ្សេងទៀត ដែល​ធ្លាប់បានផ្សាយ​បន្ត នូវ​កម្មវិធីព័ត៌មាន របស់​វិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិក រួមទាំងវិទ្យុ​សំឡេង​ដើម្បី​ប្រជាធិបតេយ្យ (VOD) និង​កម្មវិធី​គោល​នយោបាយ ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ក្រសួងព័ត៌មាន បានលើក​ហេតុផល​ថា ការ​​ផ្សាយ​កម្មវិធី​វិទ្យុ​​ពី​ប្រភព​ខាង​ក្រៅ បានធ្វើឡើង ដោយមិន​សុំ​ការ​អនុញ្ញាត​ ពី​ក្រសួង។

បណ្ដា​ស្ថាប័ន​ជាតិ និងអន្តរជាតិជាច្រើន ជាពិសេស​អង្គការ​សហប្រជាជាតិផង បានសំដែងប្រតិកម្មឡើងថា យុទ្ធនាការខាងលើ របស់​ក្រសួងព័ត៌មាន ធ្វើឡើងដើម្បី​រឹតត្បិតសេរីភាព និងឈានទៅបំបាត់សម្លេង របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ឯករាជ្យ នៅមុនការបោះឆ្នោតជាតិ ដែលនឹងឈានចូលមកដល់ នៅខែកក្កដា​ឆ្នាំខាងមុខ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់