ព្រឹក​នេះ ក្រុង​ព្យុងយ៉ាងសាក​​គ្រាប់​បែក​នុយក្លេអ៊ែរ​លើក​ទី៦

គឺរដ្ឋាភិបាលជប៉ុន ជាអ្នកអះអាងបញ្ជាក់មុនគេ នៅថ្ងៃអាទិត្យនេះថា របបក្រុងព្យុងយ៉ាង បានសាកល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ លើកទី៦របស់ខ្លួន បង្កឲ្យមានការរញ្ជួយដី រង្គើដល់តំបន់ទាំងមូល។ ទីភ្នាក់ងារ​ភូគព្ភសាស្ត្រ​ជា​ច្រើន ក៏បានកត់សម្គាល់ ពីការរញ្ជួយដីខុសប្លែក ពីសព្វមួយដងដូច្នេះ​ដែរ។
ព្រឹក​នេះ ក្រុង​ព្យុងយ៉ាងសាក​​គ្រាប់​បែក​នុយក្លេអ៊ែរ​លើក​ទី៦
រូបថតជំនួស បង្ហាញពីការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរមួយ កាលពីក្នុងទសវត្សន៍ឆ្នាំ៦០។ (រូបថតឯកសារ)

នៅថ្ងៃអាទិត្យនេះ ប្រទេសជប៉ុនមុនគេ បានជឿជាក់ថា ការរញ្ជួយដីដែលទំនងជាបានកើត នៅក្នុងទឹកដីកូរ៉េ​ខាង​ជើង គឺជាការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ។ ហើយនេះ គឺជាការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ លើកទី​៦​ហើយ របស់របបកុម្មុយនីស្ដកូរ៉េ រាប់ចាប់តាំងពីការសាកល្បង លើកទីមួយ ក្នុងឆ្នាំ២០០៦នោះមក។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) បានថ្លែង នៅពេលចេញពីកិច្ចប្រជុំ ក្រុមប្រឹក្សា​សន្តិសុខ ឲ្យដឹង​ថា៖ «បើតាមការត្រួតពិនិត្យទិន្និន័យ ដែលទទួលបាន យើងសន្និដ្ឋានថា វាជាការ​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ»។

ក្នុងពេលជាមួយគ្នានេះ ក្រសួងការពារជាតិជប៉ុន ក៏បានដាក់ពង្រាយ​យន្ដហោះយោធា ចំនួន៣គ្រឿង ដើម្បី​កំណត់​មើលពីជាតិវិទ្យុសកម្ម ដែលអាចរាលដាល មកដល់ទឹកដីជប៉ុន។

ប្រសិនជាកូរ៉េខាងជើង «បានសម្រេចធ្វើជាថ្មី នូវការសាកល្បងនុយក្លេអ៊ែរ វាពិតជាមិនអាច​ទទួល​យក​បាន​ទេ» នេះ​​ជាការប្រតិកម្ម របស់លោក ស៊ិនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីជប៉ុន នៅមុនការអះអាង របស់​​រដ្ឋាភិបាល​លោក ថាវាប្រាកដ​ជាការសាកល្បង​ បំផ្ទុះ​គ្រាប់បែកនុយក្លេអ៊ែរ។

ខ្លាំងជាង៥ដង លើសការផ្ទុះនៅក្រុង ណាហ្គាសាគី...

សម្រាប់ប្រទេសកូរ៉េខាងត្បូងវិញ ប្រធានគណៈកម្មការការពារជាតិ របស់ប្រទេសនេះ បានប្រកាស​ឲ្យដឹង​ដែរ​ថា កម្រិតនៃការរញ្ជួយនេះ ជាលទ្ធផលនៃការផ្ទុះ ដែលមានទំងន់ ១០០គីឡូតោន ដែលខ្លាំងជាង៥ដង ការ​បំផ្ទុះ​គ្រាប់បែកនុយក្លេអ៊ែរ របស់កងទ័ពអាមេរិក នៅក្រុង ណាហ្គាសាគី (Nagasaki) ក្នុង​សង្គ្រាម​លោក​លើក​ទី២។

ទីភ្នាក់ងារព័ត៌មាន យ៉ុងហាប់ (Yonhap) របស់កូរ៉េខាងត្បូង បានស្រង់ទិន្នន័យ របស់ទីភ្នាក់ងារភូគព្ភសាស្ត្រ មក​រាយការណ៍ថា ការរញ្ជួយដីសិប្បនិមិត្ត ដែលបានកើតឡើង នៅថ្ងៃអាទិត្យនេះ ក្នុងទឹកដីកូរ៉េខាងជើង មាន​កម្រិត ៩,៨ដង ខ្លាំងជាងការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ លើកទី៥របស់របបកុម្មុយនីស ដែលបាន​សាកល្បង​ធ្វើ កាលពីខែកញ្ញា ឆ្នាំទៅម៉ិញ។

ខ្លាំងជាង១០ លើសការបំផ្ទុះលើកមុន...

អ្នកទទួលខុសត្រូវម្នាក់ របស់ទីភ្នាក់ងារភូគព្ភសាស្ត្រកូរ៉េខាងត្បូង បានថ្លែងឲ្យដឹងថា៖ «មិនគ្រាន់តែខ្លាំងជាង ៩,៨ ដង លើសការសាកល្បងលើកមុនទេ តែវាជាកម្រិតដ៏ខ្លាំងបំផុតមួយ មិនដែលធ្លាប់ត្រូវបានធ្វើ ក្នុងពេល​កន្លងមក ដោយក្រុងព្យុងយ៉ាង»។

ទីភ្នាក់ងារ យ៉ុងហាប់ ដដែល បានបញ្ជាក់ថា លោកប្រធានាធិបតី គីម យង់ស៊ូ (Kim Young-soo) ត្រូវបាន​ជម្រាប​ឲ្យ​ដឹង ពីករណីខាងលើនេះ ដោយកងទ័ពកូរ៉េខាងត្បូងរួចរាល់ហើយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់