ត្រាំ ថ្លែង​នៅ អ.ស.ប គម្រាម​កំទេច​កូរ៉េ​ខាង​ជើង​«ទាំង​មូល»

ប្រធានាធិបតីអាមេរិក បានអះអាងយ៉ាងច្បាស់លាស់ ទៅកាន់ប្រទេសកូរ៉េខាងជើង ក្នុងមហាសន្និបាត​អង្គការសហប្រជាជាតិ នៅថ្ងៃអង្គារនេះ ថាសហរដ្ឋអាមេរិកនឹង កំទេចប្រទេសកុម្មុយនីសនេះទាំងមូល និងទាំងស្រុង បើមានការវាយប្រហារ ពីសំណាក់ក្រុងព្យុងយ៉ាង។
ត្រាំ ថ្លែង​នៅ អ.ស.ប គម្រាម​កំទេច​កូរ៉េ​ខាង​ជើង​«ទាំង​មូល»
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។ (រូបថតផ្តិតពីវីដេអូ)

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong-Un) បានបោះជំហាន ចូលក្នុង «បេសកកម្មអត្តឃាត» មួយ។ នេះ ជាប្រសាសន៍ខ្លាំងៗ របស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក នៅចំពោះអង្គមហាសន្និបាត អង្គការសហប្រជាជាតិ ក្នុងថ្ងៃអង្គារទី១៩ ខែកញ្ញានេះ។ លោក ត្រាំ បានហៅលោក គីម ជុង-អ៊ុន ជាថ្មី នៅក្នុងការថ្លែងរបស់លោកថា ជា«បុរសគ្រាប់ផ្លោង»។

លោក ត្រាំ បានថ្លែងឡើងថា៖ «បណ្ដារដ្ឋ"យូកូង" គឺជាការគម្រាមមួយ សម្រាប់"ប្រជាជាតិផ្សេងទៀត និងប្រជាជនរបស់ពួកគេ"»។ 

មហាសន្និបាត របស់អង្គការសហប្រជាជាតិ កំពុងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃអង្គារនេះ ក្នុងទីក្រុងញ៉ូយក។ ប៉ុន្តែមហាសន្និបាតនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងស្របពេលនឹងបរិយាកាស នៃការគម្រាមកំហែង ផ្នែកអាវុធនុយក្លេអ៊ែរ​ របស់ប្រទេសកូរ៉េខាងជើង និងជោគវាសនា នៃកិច្ចព្រមព្រៀង​មិនរីកសាយ​អាវុធប្រល័យលោក ជាមួយនឹងប្រទេស អៀរ៉ង់។

ក្នុងការថ្លែងរបស់លោក ជាលើកដំបូង នៅក្នុងមហាសន្និបាតនេះ ប្រធានាធិបតីអាមេរិក ថែមទាំងបានព្រមានទៅកាន់ «បច្ចាមិត្រ» ផ្សេងទៀត របស់សហរដ្ឋអាមេរិកថា កងទ័ពអាមេរិក នឹងក្លាយខ្លួន ក្នុងពេលខាងមុខនេះ ជាកម្លាំងដ៏ខ្លាំងបំផុត មិនដែលធ្លាប់មានពីមុនមក។

លោក ត្រាំ បញ្ចាក់ថា៖ «សហរដ្ឋអាមេរិក មានកម្លាំងសព្វគ្រប់បែបយ៉ាង និងមានការអត់ធ្មត់ជាទីបំផុត។ តែបើគេរុញសហរដ្ឋអាមេរិក ឲ្យចាំបាច់ធ្វើការការពារខ្លួន និងសម្ព័ន្ធមិត្តរបស់ខ្លួននោះ យើងនឹងមិនមានជម្រើសអ្វី ក្រៅពីកំទេចប្រទេសកូរ៉េខាងជើង ទាំងមូល។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់