ហ៊ុន សែន ថា​នឹង​បន្ត​រស់​បាន​យ៉ាង​ហោច ៣០ឆ្នាំ​ទៀត

បុរសខ្លាំងកម្ពុជា ដែលអង្គុយនៅក្នុងតំណែង ជានាយករដ្ឋមន្ត្រី តាំងពីជាងបីទសវត្សន៍ មកនោះ បានប្រកាសថា លោកនឹងមានជីវិត ៣០ឆ្នាំទៀត។ ដូច្នេះ បើប្រៀបនឹងអាយុ៦៥ឆ្នាំ (ក្នុងប្រទេសកម្ពុជា ចាត់ទុកថា ៦៦ឆ្នាំ) របស់លោកក្នុងថ្ងៃនេះ លោក ហ៊ុន សែន នឹងមានជីវិតរស់នៅបាន «យ៉ាងហោច»រហូតដល់អាយុ ៩៥ឆ្នាំ ឬ ៩៦ឆ្នាំ។
ហ៊ុន សែន ថា​នឹង​បន្ត​រស់​បាន​យ៉ាង​ហោច ៣០ឆ្នាំ​ទៀត
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)

«យ៉ាងហោចណាស់ ខ្ញុំរស់ យ៉ាងតិចណាស់ ខ្ញុំរស់បាន៣០ឆ្នាំទៀតដែរ» លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី បីទសវត្សន៍ជាងរបស់កម្ពុជា បានសំដែងការជឿងជាក់ដូច្នេះ នៅក្នុងការថ្លែងមួយ ទៅកាន់ពលរដ្ឋ ឲ្យបោះឆ្នោតជូនលោក ដើម្បីលោកអាចបន្តតំណែង ជានាយករដ្ឋមន្ត្រី យ៉ាងហោច«១០ឆ្នាំ» ឬពីរអាណត្តិទៅមុខទៀត។

ការថ្លែងនោះ ធ្វើឡើងក្នុងពិធីបិទទ្វារទឹកទំនប់ វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅក្នុងឃុំភ្លុក ស្រុកសេសាន ខត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ។ លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «អញ្ចឹងការបន្តធ្វើនាយករដ្ឋមន្ត្រី ១០ឆ្នាំទៀត មិនមែនជាបញ្ហាលំបាក សម្រាប់ខ្ញុំទេ»។

លោក ហ៊ុន សែន កើតនៅឆ្នាំ១៩៥២ (ឆ្នាំកំណើតផ្លូវការ ដាក់នៅឆ្នាំ១៩៥១) ដែលធ្វើឲ្យលោកមកដល់ថ្ងៃនេះ មានអាយុ ៦៥ឆ្នាំ (ឬ៦៦ឆ្នាំ បើតាមប្រពៃណីគណនាអាយុ នៅកម្ពុជា)។ ដូច្នេះ បើលោកអាចកំណត់អាយុរបស់លោក ថានឹងអាចរស់នៅយ៉ាងហោច បានរហូតដល់៣០ឆ្នាំទៅមុនទៀតនោះ លោកនឹងមានអាយុ៩៥ឆ្នាំ ឬ៩៦ឆ្នាំ សម្រាប់មួយជីវិតរបស់លោក។

សញ្ញា«ចុងបញ្ចប់»

នៅមុននេះបន្តិច លោកនាយករដ្ឋមន្ត្រី បានលើកឡើង ពីក្ដីសង្ឃឹមរបស់លោកថា ពលរដ្ឋកម្ពុជានឹងបន្តបោះឆ្នោតជូនលោក ដើម្បីបន្តអ្វីមួយ ដែលលោកអះអាងថា ជា«ការអភិវឌ្ឍន៍»។

យ៉ាងណា សន្ទុះកើនឡើងនៃសម្លេងឆ្នោតគាំទ្រគណបក្សប្រឆាំង ក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៣ បានបង្ហាញពីសញ្ញ«រង្គោះរង្គើ» នៃការកាន់អំណាចដ៏ចាស់វស្សា របស់លោក ហ៊ុន សែន។ អតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានថ្លែងកាលពីម្សិលម៉ិញថា ទង្វើចាប់ចង ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ប្រឆាំងនឹងក្រុមប្រឆាំង និងក្រុមអ្នករិះគន់ នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ កាន់តែបង្ហាញច្បាស់ឡើងទៀត ពីសញ្ញា«ចុងបញ្ចប់» នៃរបបដឹកនាំរបស់បុរសខ្លាំងរូបនេះ នៅកម្ពុជា។ 

លោក ហ៊ុន សែន បានចូលកាន់តំណែង ជានាយករដ្ឋមន្ត្រី នៅឆ្នាំ១៩៨៥ និងបន្តអង្គុយនៅក្នុងតំណែងនេះ ជិត៣៣ឆ្នាំហើយ បើរាប់មកដល់ពេលបច្ចុប្បន្ន។

បើលោកបន្តមានតំណែង ជានាយករដ្ឋមន្ត្រី សម្រាប់ពីរអាណត្តិទៅមុខទៀត លោកនឹងក្លាយជាមេដឹកនាំទី៣ ក្នុងពិភពលោក ដែលស្ថិតក្នុងអំណាច (៤៣ឆ្នាំ) យូរជាងគេបំផុត បន្ទាប់ពីលោក ហ្វីដែល កាស្ត្រូ (Fidel Castro - កាន់អំណាច ៤៩ឆ្នាំ នៅប្រទេសកុម្មុយនីស្ដគុយបា) និងលោក គីម អ៊ីល-ស៊ុង (Kim Il-sung - កាន់អំណច ៤៦ឆ្នាំ នៅប្រទេសកុម្មុយនីស្ដកូរ៉េ)។ លោក មូអាម៉ា កាដាហ្វី (Mouammar Kadhafi) អតីតមេដឹកនាំនៃប្រទេសលីប៊ី នឹងត្រូវធ្លាក់មកចំណាត់ថ្នាក់លេខ ៤វិញ ដោយហេតុថា អតីតបុរសខ្លាំងលីប៊ីរូបនេះ បានកាន់អំណាច ត្រឹមតែរយៈពេល ៤២ឆ្នាំប៉ុណ្ណោះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់