កម្ពុជា​​ប្រដៅ​​ស្នងការ​​ជាន់​​ខ្ពស់ អ.ស.ប ឲ្យ​​យល់​​ពី​​«នីតិរដ្ឋ»

ក្រៅពីចាត់ទុកការលើកឡើង របស់ស្នងការជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដែលប្រតិកម្ម ទៅនឹងការបិទអង្គការ «NDI» និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​មួយចំនួន ថាជាការលើកឡើង «មិនពិត» និងមាន«ចរិតនយោបាយ»នោះ ស្ថានបេសកកម្មអចិន្ត្រៃយ៍ របស់ប្រទេសកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅបានពន្យល់តបទៅវិញ ពីការពង្រឹងនីតិរដ្ឋ របស់កម្ពុជា ដែលថា«ដូច» ទៅនឹងការអនុវត្តន៍ច្បាប់ របស់រដ្ឋប្រជាធិបតេយ្យនានា ក្នុងលោកដែរ។
កម្ពុជា​​ប្រដៅ​​ស្នងការ​​ជាន់​​ខ្ពស់ អ.ស.ប ឲ្យ​​យល់​​ពី​​«នីតិរដ្ឋ»
កម្មវិធីមួយ របស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ របស់អាមេរិក។ (រូបថតវិទ្យាស្ថាន «NDI»)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ សីហា ២០១៧
  • កែប្រែចុងក្រោយ: August 29, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អាន និងបញ្ចេញយោបល់

«កម្ពុជា មិនស្ថិត​ក្នុងដំណាក់កាល​កុមារភាព​ទៀតទេ» បើនិយាយទាក់ទង ដល់វិស័យសិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ រួមទាំងសេរីភាព នៃការបញ្ចេញមតិ សេរីភាពនៃការចូលរួម និងកាតព្វ​កិច្ចផ្សេងៗ។ នេះ ជាការអះអាង នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់​ស្ថានបេសកកម្មអចិន្ត្រៃយ៍ របស់ប្រទេសកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ តបដោយផ្ទាល់ ទៅនឹងការលើកឡើង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ របស់ឧត្ដម​ស្នងការ​ជាន់ខ្ពស់ របស់អង្គការ​សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដែលបានប្រតិកម្ម ទៅនឹងការបិទអង្គការ «NDI» និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​មួយចំនួន នៅកម្ពុជា។

អង្គការសហប្រជាជាតិ តាមរយៈសម្លេង របស់អ្នកស្រី «Liz Throssell» អ្នកនាំពាក្យឧត្ដមស្នងការជាន់ខ្ពស់ ទទួលបន្ទុកសិទ្ធិមនុស្ស (HCDH) បានធ្វើប្រតិកម្មខ្លាំងៗ ចំពោះចំណាត់ការជាបន្តបន្ទាប់នោះ ដោយថ្លែងអំពាវនាវ ឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវគោរព​​កាតព្វកិច្ច​ខ្លួន ក្នុងការធានាសិទ្ធិនយោបាយ ស៊ីវិល និងធានាពីសិទ្ធិ​សេរីភាព របស់ប្រព័ន្ធផ្សព្វផ្សាយ។

អ្នកនាំពាក្យ​បានថ្លែងឡើងថា៖ «យើងស្នើទៅរដ្ឋាភិបាលកម្ពុជា ឲ្យធានាឲ្យមាន នូវនីតិវិធីជាទៀងទាត់ និងត្រឹមត្រូវ សម្រាប់វិធានការណាក៏ដោយ មានរួមបញ្ចូល ទាំងសិទ្ធប្ដឹងឧទ្ធរណ៍ ហើយត្រូវគោរពសិទ្ធិ នៃសេរីភាពនៃអង្គការសមាគម និងសេរីភាព នៃការបញ្ចេញមតិ»។

តែការលើកឡើង របស់ស្ថាប័នអន្តរជាតិដ៏ធំខាងលើ មិនត្រូវបានរដ្ឋាភិបាលកម្ពុជា លើកមកពិនិត្យពិចារណាទេ។ សេចក្ដីថ្លែងការណ៍ ចេញថ្ងៃទី២៨ ខែសីហា របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍ របស់ប្រទេសកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានហៅប្រតិកម្មរបស់ឧត្ដមស្នងការជាន់ខ្ពស់ ថាមានលក្ខណៈ ជាការប្រៀនប្រដៅ មកលើរដ្ឋអធិបតេយ្យ ហើយថាការលើកឡើងនោះ ធ្វើឡើង តាមពាក្យចចាមអារាម ដែល«មិនពិត» គ្មានប្រភពច្បាស់លាស់ និងមាន«ចរិតនយោបាយ»។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅបានពន្យល់តបទៅវិញ ពីការពង្រឹងនីតិរដ្ឋ របស់កម្ពុជា ដែលថា«ដូច» ទៅនឹងការអនុវត្តន៍ច្បាប់ របស់រដ្ឋប្រជាធិបតេយ្យនានា ក្នុងលោកដែរ។ ហើយខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃសេចក្ដីថ្លែងការណ៍នោះ ដែលបានធ្លាក់មកដល់ ដៃអ្នកសារព័ត៌មាន នៅថ្ងៃទី២៩ ខែសីហានេះ៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់