ដាំបេឡេ ជំនួស ណីម៉ា នៅ​ក្នុង​ក្រុម បាសឺឡូន?

កីឡាករ អ៊ូស្មាន ដាំបេឡេ (Ousmane Dembélé) ដែលទាត់ឲ្យក្រុម ដ័រមូន (Borussia Dortmund) ត្រូវបានផ្ទេរជាផ្លូវការ ទៅកាន់ក្រុម បាសឺឡូន (Barcelone - អេស្ប៉ាញ) ហើយ នៅថ្ងៃសុក្រនេះ បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យសុខភាពរួច។ កីឡាករអន្តរជាតិ របស់ប្រទេសបារាំងរូបនេះ បានចុះហត្ថលេខា នៅលើកិច្ចសន្យាមួយ សម្រាប់រយៈពេល៥ឆ្នាំ ជាមួយក្រុមបាល់ទាត់ «អ្នកមានបុណ្យ» របស់ប្រទេសអេស្ប៉ាញ។
ដាំបេឡេ ជំនួស ណីម៉ា នៅ​ក្នុង​ក្រុម បាសឺឡូន?
កីឡាករ អ៊ូស្មាន ដាំបេឡេ ដែលទើបនឹងផ្ទេរ ពីក្រុម ដ័រមូន ទៅកាន់ក្រុម បាសឺឡូន ក្នុងគម្រោងរបស់ក្រុម ដែលចង់រកកីឡាករ ជំនួសកីឡាករ ណីម៉ា ដែលចាកចេញទៅកាន់ក្រុម ប៉ារីស។ (រូបថតលើទ្វីសធើរ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៧ សីហា ២០១៧
  • កែប្រែចុងក្រោយ: August 28, 2017
  • ប្រធានបទ: ផ្ទេរកីឡាករ
  • អាន និងបញ្ចេញយោបល់

ក្រុមបាល់ទាត់ បាសឺឡូន (Barcelone) របស់ប្រទេសអេស្ប៉ាញ រកបានកីឡាករ មកជំនួសកីឡាករ ណីម៉ា (Neymar) ដែលបានចាកចេញ ទៅកាន់ក្រុមប៉ារីស (Paris Saint-Germain) ហើយឬ? ជំនួសបាន ឬមិនបាន គេត្រូវរង់ចាំមើលថ្វីជើង របស់កីឡាករ អ៊ូស្មាន ដាំបេឡេ (Ousmane Dembélé) អាយុ២០ឆ្នាំ ជាតិបារាំង ដែលទើបនឹងចុះហត្ថលេខា នៅលើកិច្ចសន្យារយៈពេល៥ឆ្នាំ ជាមួយនឹងក្រុម «អ្នកមានបុណ្យ» របស់ប្រទេសអេស្ប៉ាញ។

កីឡាករវ័យក្មេង នឹងត្រូវបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃចន្ទនេះ នៅចំពោះក្រុមអ្នកគាំទ្រ។ ទិញចេញពីក្រុម ដ័រមូន (Borussia Dortmund - អាល្លឺម៉ង់) កីឡាកររូបនេះ បានក្លាយជាកីឡាករ ដែលមានតម្លៃខ្លួនប្រមាណជា ១៤៥លានអ៊ឺរ៉ូ ថ្លៃជាងគេទីពីរ ក្នុងពិភពលោកបន្ទាប់ពីកីឡាករ ណីម៉ា ដែលបានបង់ប្រាក់រំលោះ កិច្ចសន្យាចាកចេញពីក្រុម បាសឺឡូន ចំនួន២២២លានអ៊ឺរ៉ូ កាលពីចុងខែកន្លងទៅ។ 

កីឡាករ ដាំបេឡេ នឹងពាក់អាវប្រកួត លេខ ១១ ដែលជាលេខអាវ របស់កីឡាករ ណីម៉ា បានបន្សល់ទុក នៅក្រោយការចាកចេញ។ កីឡាករបានសរសេរបញ្ជាក់ ពីការផ្ទេរជាផ្លូវការនេះ នៅលើទំព័រទ្វីសធើររបស់ខ្លួន ជាភាសាអេស្ប៉ាញថា៖ «ជ័យោ ក្រុមបាសា! ជ័យោ ខេត្តកាតាឡូញ!»។

ក្រុមកីឡាករ របស់ក្រុមបាសឺឡូន ជាច្រើននាក់ ក៏បានសម្ដែងការស្វាគមន៍ នឹងការមកដល់របស់កីឡាករ ដាំបេឡេ ដែរ។ ពីក្នុងចំណោមនោះ កីឡាករខ្សែការពារ សាមុយអែល អ៊ុំទីទី (Samuel Umtiti) ដែលជាកីឡាករជាតិបារាំងដែរនោះ បានសរសេរស្វាមគមន៍ និងហៅកីឡាករវ័យក្មេង ថាជា«សត្វមូស»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់