ផ្ទុះសង្គ្រាម​រវាង​កីឡាករ ណីម៉ា ក្រុម​បាសា និង​ក្រុម​ប៉ារីស

ការឆ្លើយឆ្លង តបទៅតបមក រវាងក្រុមបាល់ទាត់យក្សពីរ ជុំវិញរឿងរ៉ាវកិច្ចសន្យា របស់កីឡាករ ណីម៉ា (Neymar) កំពុងធ្វើឲ្យពិភពកីឡានៅអ៊ឺរ៉ុប ភ្ញាក់ផ្អើលមិនតិចទេ។ ហើយការឆ្លើយឆ្លងគ្នានោះ បានកើតឡើង ពីការអន់ចិត្តអន់ថ្លើម របស់ក្រុមបាសឺឡូន (FC Barcelone) បន្ទាប់ពីក្រុម ប៉ារីស (Paris Saint-Germain) បានកញ្ឆក់កីឡាករ ណីម៉ា ពីខ្លួន ជាមួយនឹងទឹកប្រាក់រំលោះកិច្ចសន្យា ចំនួន២២២លានអ៊ឺរ៉ូ កាលពីដើមខែសីហានេះ។
ផ្ទុះសង្គ្រាម​រវាង​កីឡាករ ណីម៉ា ក្រុម​បាសា និង​ក្រុម​ប៉ារីស
កីឡាករទាំងបី «MSN» របស់ក្រុមបាសឺឡូន ដែលបានរលាយ នៅសល់តែពីររូប នៅថ្ងៃនេះ។ (រូបថត Equipe)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៣ សីហា ២០១៧
  • កែប្រែចុងក្រោយ: August 23, 2017
  • ប្រធានបទ: ជម្លោះបាល់ទាត់
  • អាន និងបញ្ចេញយោបល់

សម្រាប់ក្រុមអ្នកឃ្លាំមើលបាល់ទាត់ នៅទ្វីបអ៊ឺរ៉ុប បានមើលឃើញថា រឿងរ៉ាវទាំងនេះ កើតឡើងពីម្យ៉ាងទេ៖ នោះ គឺក្រុម បាសឺឡូន (FC Barcelone) ដែលមានឈ្មោះ ជាក្រុមបាល់ទាត់យក្ស តាំងពីច្រើនទសវត្សន៍មកនោះ តូ​ចចិត្តតូចថ្លើម នឹងការចាកចេញរបស់កីឡាករ ណីម៉ា (Neymar) ជាមួយនឹងប្រាក់រំលោះកិច្ចសន្យា ចំនួន២២២លានអ៊ឺរ៉ូ ដែលចំណាយដោយក្រុម ប៉ារីសសាំងហ្សែរម៉ាំង (Paris Saint-Germain) និងជាទឹកប្រាក់ ដែលពីមុនមកគ្មាននរណាម្នាក់ នឹកឃើញថា ត្រូវបានក្រុមបាល់ទាត់មួយ យកមកចំណាយ ដើម្បីទិញកីឡាករម្នាក់នេះដែរ។

ប៉ុន្តែបញ្ហានៃការចាកចេញរបស់ ណីម៉ា កីឡាករដ៏ល្បីរបស់ប្រទេសប្រេស៊ីល មិនមែនទំនងជា ដោយសារតែប្រាក់ ម្យ៉ាងនោះឡើយ។ កីឡាករ បានចេញមុខ មកពន្យល់ពីករណីនេះ កាលពីយប់ថ្ងៃអាទិត្យថា ខ្លួនមិនពេញចិត្ត នឹងក្រុមមេដឹកនាំ របស់ក្រុម បាសឺឡូន តែម្ដង ដោយបានហៅថ្នាក់ដឹកនាំទាំងនោះ ថាជាមនុស្សមិនស័ក្ដិសម មកដឹកនាំក្រុមបាល់ទាត់ដ៏ធំមួយនេះ ដូច្នេះឡើយ។

កីឡាករ ណីម៉ា បានថ្លែងឡើងថា៖ «ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ នៅចំពោះអាកប្បកិរិយារបស់ពួកគេ។ សម្រាប់ខ្ញុំ ពួកគេជាមនុស្ស ដែលមិនត្រូវមកនៅ ក្នុងក្រុម បាសឺឡូន នេះទេ។ ក្រុម បាសឺឡូន ស័ក្តិសម នឹងមានថ្នាក់ដឹកនាំប្រសើរជាងនេះ ហើយនរណាៗក៏ដឹងដែរ។»។

បន្ទាប់ពីការលើកឡើង របស់កីឡាករ ណីម៉ា ពីរថ្ងៃ ពោលគឺនៅរសៀល ថ្ងៃអង្គារម្សិលម៉ិញ ក្រុម បាសឺឡូន បានអះអាងថា ខ្លួនបានដាក់ពាក្យបណ្ដឹង ឡើងទៅតុលាការក្នុងប្រទេសអេស្ប៉ាញ ដើម្បីប្ដឹងកីឡាករ ណីម៉ា ពីបទ«មិនគោរពកិច្ចសន្យា» និងទាមទារទឹកប្រាក់ ៨,៥លានអ៊ឺរ៉ូ ដែលខ្លួនបានផ្ដល់ជូនកីឡាករ ណីម៉ា នៅបន្ទាប់ពីកិច្ចសន្យាកីឡាករ ត្រូវបានចរចាកាលពីឆ្នាំទៅម៉ិញ ក្នុងការបន្តអាយុកាល នៃកិច្ចសន្យានេះ សម្រាប់រយៈពេល​ច្រើនឆ្នាំទៅមុខទៀត។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រុម អ្នកមានបុណ្យ បាសឺឡូន បានសរសេរថា ពាក្យបណ្ដឹងនេះ ត្រូវបានដាក់ប្ដឹងអតីតកីឡាកររបស់ខ្លួន តាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ និងបានបញ្ជាក់ទៀតថា បើកីឡាករ ណីម៉ា មិនមានសមត្ថភាពសងទឹកប្រាក់នេះ មកខ្លួនទេ នោះតម្រូវឲ្យក្រុម ប៉ារីស ដែលជា«ភាគីនយោជក»របស់កីឡាករ ចាំបាច់ទទួលបន្ទុក សងប្រាក់នោះ ជំនួសកីឡាករ។ 

អកប្បកិរិយា របស់ក្រុមបាសឺឡូន មិនបានធ្វើឲ្យក្រុម ប៉ារីស តំអក់យូរ ក្នុងការធ្វើប្រតិកម្មឡើយ។ ក្នុងយប់ថ្ងៃអង្គារដដែល ក្រុមប៉ារីស បានចេញ​សេចក្ដីប្រកាសព័ត៌មាន​តបវិញ ដោយបានហៅដំណឹង នៃការដាក់ពាក្យបណ្ដឹងខាងលើ ថាជារឿង«ដ៏គួរឲ្យភ្ញាក់ផ្អើល»។ សេចក្ដីប្រកាសព័ត៌មានដ៏ខ្លីនោះ បានសរសេរបញ្ជាក់ថា៖ «ក្រុមប៉ារីស ក៏ដូចជាកីឡាករ ណីម៉ា បានគោរពយ៉ាងឥតខ្ចោះ នូវគ្រប់មាត្រា នៃច្បាប់ និងលក្ខន្តិកៈទាំងឡាយ ដែលមានជាធរមាន ហើយមានតែសំដែង នូវក្ដីសោកស្តាយប៉ុណ្ណោះ ចំពោះអកប្បកិរិយា "ថ្មីម្ដងទៀត" របស់ក្រុមបាសឺឡូន»។

ក្រុមអ្នកឃ្លាំមើលខ្លះ បានគិតថា សកម្មភាពបណ្ដឹង របស់ក្រុម បាសឺឡូន អាចជាសំពាធមួយ ដាក់ទៅលើក្រុមប៉ារីស ដើម្បីឲ្យក្រុមបាល់ទាត់ នៃរដ្ឋធានីប្រទេសបារាំងមួយនេះ បន្ទន់ជំហរ«លក់»កីឡាករ​ល្អៗ​ខ្លះ​របស់​ខ្លួន ទៅឲ្យក្រុមបាសឺឡូន។ មានរបាយការណ៍ជាច្រើន បានលើកឡើងថា ការចរចា ដើម្បីទិញកីឡាករ អងហែលល ឌីម៉ារីយ៉ា (Ángel Di María) កំពុងត្រូវក្រុម បាសឺឡូន បើកធ្វើជាមួយក្រុម ប៉ារីស ខណៈរបាយការណ៍ផ្សេងទៀត អះអាងថា ក្រុមប៉ារីស គ្មានបំណងចង់លក់កីឡាករ ជាតិអាហ្សង់ទីន រូបនេះឡើយ បើទោះជាក្រុម បាសឺឡូន «បង្ករឿង» ដើម្បីដាក់សំពាធបែបណាក្ដី។ 

សម្រាប់កីឡាករ ណីម៉ា ផ្ទាល់វិញ បានធ្វើប្រតិកម្មខ្លាំងៗ តបទៅក្រុម បាសឺឡូន វិញ កាលពីព្រឹកថ្ងៃពុធនេះ។ តាមរយៈ​សេចក្ដីប្រកាសព័ត៌មាន របស់សហគ្រាស «NN Consultoria» ដែលជាសហគ្រាសគ្រប់គ្រងកីឡាករ របស់គ្រួសារ ណីម៉ា បានសរសេរថា៖ «ណីម៉ា បានបំពេញយ៉ាងត្រឹមត្រូវ តាមកិច្ចសន្យា ដែលមានជាធរមាន នៅពេលនោះ ជាមួយនឹងការផ្ដល់ប្រាក់រំលោះ ដើម្បីបញ្ចប់កិច្ចសន្យា ដែលកីឡាករធ្វើ ជាមួយក្រុម បាសឺឡូន»។ 

បន្ថែមពីលើនេះ សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា កីឡាករ ណីម៉ា កំពុងបើកនីតិវិធី ដើម្បីទាមទារ​យក​ប្រាក់លើកទឹកចិត្ត ចំនួន​២៦លានអ៊ឺរ៉ូ ពីក្រុម បាសឺឡូន ក្នងខណៈកីឡាករ ណីម៉ា នៅជាកីឡាករ របស់ក្រុម បាសឺឡូន រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ដូចដែលមានចែង នៅក្នុងកិច្ចសន្យា​ជាមួយក្រុមបាសឺឡូន (បញ្ជាក់៖ កីឡាករ ណីម៉ា បានចុះកិច្ចសន្យា ក្លាយជាកីឡាកររបស់ក្រុម ប៉ារីស នៅថ្ងៃទី៣ ខែសីហា​​ ឆ្នាំ២០១៧)។

ប្រាក់ចំនួន ២៦លានអ៊ឺរ៉ូនោះ ត្រូវបានរក្សាទុក នៅក្នុងគណនីរបស់ «សារការី» ក្នុងពេលកន្លងមក តែត្រូវបានក្រុមបាសឺឡូន សម្រេចដោយឯកតោភាគី ថានឹងមិនប្រគល់ជូនកីឡាករ ណីម៉ា នោះឡើយ ក្រោមមូលហេតុថា កីឡាករមិនបានគោរព ដោយត្រឹមត្រូវតាមកិច្ចសន្យា។ សង្គ្រាមយុត្តិធម៌ រវាងភាគីទាំងអស់នេះ បានផ្ទុះឡើង ហើយក៏មិនដឹងថា ត្រូវបញ្ចប់ទៅ នៅពេលណាដែរ។ រង់ចាំមើល«ភាគបន្ត»...៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់