ISIS ចេញ​មុខ​ទទួល​ស្គាល់​ភេរវកម្ម​បើក​ឡាន​បុក​មនុស្ស នៅ​បាសឺឡូន

នៅប៉ុន្មានម៉ោង ក្រោយហេតុការណ៍ បើករថយន្ដបុកមនុស្ស នៅលើមហាវិថី «Ramblas» កណ្ដាលទីក្រុង បាសឺឡូន នៃប្រទេសអេស្ប៉ាញ ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) បានចេញមុខ នៅប៉ុន្មាននាទីមុន មកប្រកាសទទួលស្គាល់ ការវាយប្រហារនេះ ថាជាស្នាដៃរបស់យុទ្ធជនស្ម័គ្រប្រយុទ្ធ របស់ខ្លួន។
ISIS ចេញ​មុខ​ទទួល​ស្គាល់​ភេរវកម្ម​បើក​ឡាន​បុក​មនុស្ស នៅ​បាសឺឡូន
រូបភាពមួយចំនួន ដែលត្រូវបានផ្សព្វផ្សាយ ដោយទីភ្នាក់ងារផ្លូវការ របស់ក្រុមរដ្ឋអ៊ីស្លាម ក្នុងពេលកន្លងមក។ (រូបថតផ្តិតពីអេក្រង់)

ការវាយប្រហារ ដោយបើករថយន្ដដឹកទំនិញធុនមធ្យម បុកមនុស្ស នៅតាមដងមហាវិថី «Ramblas» នៃទីក្រុងបាសឺឡូន របស់ប្រទេសអេស្ប៉ាញ ត្រូវបានអង្គការភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) ចេញមុខមកទទួលស្គាល់ នៅប៉ុន្មាននាទីមុននេះ។ នេះ បើតាមគេហទំព័រ «Site»​ ដែលជាគេហទំព័រ ជំនាញខាងឃ្លាំមើលសកម្មភាព របស់ក្រុមភេរវនិយម នៅលើបណ្ដាញអ៊ិនធើណែត។

សារជាភាសាអារ៉ាប់ ដែលគេហទំព័រខាងលើ បានបង្ហោះបន្ត ពីទីភ្នាក់ងារផ្លូវការ របស់ក្រុមភេរវនិយម បានសរសេរឲ្យដឹងថា៖ «ជនដែលបានដឹកនាំ​ការវាយប្រហារ នៅទីក្រុង បាសឺឡូន សុទ្ធសឹងជាយុទ្ធជន របស់ក្រុមរដ្ឋអ៊ីស្លាម»។ សារដដែល បានសរសេរបន្តថា «ប្រតិបត្តិការខាងលើ ត្រូវបានធ្វើឡើង ដើម្បីឆ្លើយតប ទៅនឹងការអំពាវនាវ ឲ្យបើកការវាយប្រហារ ប្រឆាំងបណ្ដារដ្ឋសម្ព័ន្ធមិត្ត» ដែលបានធ្វើសង្គ្រាម ប្រឆាំងក្រុមរដ្ឋអ៊ីស្លាម នៅក្នុងប្រទេសអៀរ៉ាក់ និងស៊ីរី។

ហេតុការណ៍ខាងលើ ដែលបានកើតឡើង នៅរសៀលថ្ងៃទី១៧ ខែសីហានេះ បានសម្លាប់មនុស្ស យ៉ាងតិច ១៣នាក់ និងធ្វើឲ្យរបួសមនុស្ស ជាង៥០នាក់។ នេះ បើតាមការបញ្ជាក់ របស់សាលាក្រុង បាសឺឡូន នៅមួយម៉ោងមុននេះ។

អ្នកនាំពាក្យរបស់សហជីពនគរបាលអេស្ប៉ាញ បានឲ្យអះអាងដែរថា មនុស្សពីរនាក់ ត្រូវបានចាប់ខ្លួន ហើយម្នាក់ពីក្នុងចំណោមអ្នកទាំងពីរ ត្រូវបានស្គាល់អត្តសញ្ញាណហើយ។ ជននេះ មានឈ្មោះ «Driss Oubakir» ជាអ្នកដែលបានជួលរថយន្ដដឹកទំនិញខាងលើ។ ប្រភពផ្សេងទៀត បាននិយាយថា ជនបង្កម្នាក់ ត្រូវបានបាញ់សម្លាប់ នៅនឹងកន្លែង។

ប៉ុន្តែដំណឹងទាំងប៉ុន្មានខាងលើ នៅមានលក្ខណៈជាបណ្ដោះអាសន្ន ឬមានលក្ខណៈ​ជាជំហានដំបូង ដោយសារតែដំណឹងទាំងនេះ មិនមែនជាដំណឹងផ្លូវការ ដែលអះអាង​ដោយអាជ្ញាធរអេស្ប៉ាញ នោះឡើយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់