ភេរវកម្មនៅ​បាសឺឡូន៖ បើក​ឡាន​បុក​មនុស្ស ស្លាប់​១៣​នាក់​យ៉ាង​តិច

រថយន្ដដឹកទំនិញ ធុនមធ្យមមួយគ្រឿង ត្រូវបានបើកបំបុកចូលហ្វូងមនុស្ស  នៅតាមដងមហាវិថី «Ramblas» កណ្ដាលក្រុង បាសឺឡូន នៃប្រទេសអេស្ប៉ាញ បង្កឲ្យមានមនុស្សច្រើននាក់ ស្លាប់និងរបួស។ នគរបាលអេស្ប៉ាញ បានអះអាងថា ទង្វើនេះជា«ភេរវកម្ម»។ បុរសម្នាក់​ ត្រូវបានអាជ្ញាធរចាប់ខ្លួន។
ភេរវកម្មនៅ​បាសឺឡូន៖ បើក​ឡាន​បុក​មនុស្ស ស្លាប់​១៣​នាក់​យ៉ាង​តិច
រថយន្ដពណ៌ស ដែលត្រូវបានថតបង្ហោះ នៅតាមបណ្ដាញសង្គម បង្ហាញថា ជារថយន្ដបង្ក បុកមនុស្សនៅតាមដងមហាវិថី។ (រូបថតលើទ្វីសធើរ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៧ សីហា ២០១៧
  • កែប្រែចុងក្រោយ: August 17, 2017
  • ប្រធានបទ: ភេរវកម្ម
  • អាន និងបញ្ចេញយោបល់

មនុស្សយ៉ាងតិច១៣នាក់ បានស្លាប់ និងច្រើនជាង៥០នាក់ទៀត បានរងរបួស នៅក្នុងហេតុការណ៍ដ៏អាណោចអធម ដែលកើតឡើងកាលពីរសៀលថ្ងៃព្រហស្បត្តិ៍នេះ កណ្ដាលទីក្រុង បាសឺឡូន នៃប្រទេសអេស្ប៉ាញ។ រថយន្ដដឹកទំនិញ ធុនមធ្យមមួយគ្រឿង ត្រូវបានបើកបំបុក ចូលហ្វូងមនុស្ស តាមដងមហាវិថី «Ramblas» ដែលសម្បូរពោរពេញ ដោយអ្នកទេសចរណ៍​ របស់ទីក្រុងមួយនេះ ដែលស្ថិតនៅភាគខាងកើតប្រទេស ជាប់នឹងសមុទ្រមេឌីទែរ៉ាណេ។

សេចក្ដីរាយការណ៍ ដែលធ្លាក់មកដល់ នៅមុននេះបន្តិច បានឲ្យដឹងថា នគរបាលក្រុង បាសឺឡូន បានអះអាងថា​ ទង្វើខាងលើនេះ ជា«ការវាយប្រហារភេរវកម្ម» ហើយបុរសម្នាក់ ដែលស្ថិតក្នុងហេតុការណ៍ ត្រូវបានអាជ្ញាធរចាប់ខ្លួន។ នគរបាលបានបញ្ជាក់ទៀតថា គ្មានមនុស្សណាម្នាក់ បានលាក់ខ្លួន នៅក្នុងហាងលក់​ភេសជ្ជៈ កណ្ដាលទីក្រុងនោះទេ ដែលផ្ទុយស្រឡះ ពីព័ត៌មានមួយចំនួន ដែលប្រភពពីនគរបាល បានផ្សាយឲ្យដឹង​នៅពេលមុន។

តុល្យភាពបណ្ដោះអាសន្ន ដែលអាជ្ញាធរក្រុង​បានបញ្ជាក់ ឲ្យដឹងនៅពេលនេះ គឺមនុស្ស១៣នាក់ស្លាប់ និងជាង៥០នាក់រងរបួស។ តុល្យភាពដែលបានផ្សាយ នៅពេលមុននេះ បានអះអាងជាជំហានដំបូង ថាមនុស្ស១នាក់ស្លាប់ និង៣២នាក់រងរបួស។

សង្កាត់ដែលស្ថិតនៅជុំវិញមហាវិថី «Ramblas» ត្រូវបានឡោមព័ទ្ធ ហើយអាជ្ញាធរបានបញ្ជូនកងកម្លាំង យ៉ាងសន្ធឹកសន្ធាប់ ទៅរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ នៅទីនោះ។ អ្នកឆ្លើយឆ្លងព័ត៌មាន របស់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» បានរាយការណ៍ឲ្យដឹងដែរ ថាបានឃើញរថយន្ដសង្គ្រោះ ៥គ្រឿង រថយន្ដនគរបាលជាង២០គ្រឿង បានចល័តចុះឡើង ចេញ-ចូល ទៅកាន់តំបន់ខាងលើ។

ជនរងគ្រោះជាច្រើននាក់ ត្រូវបានបញ្ជូលចូលក្នុងហាងលក់ទំនិញ «Corte Ingles» ទំនងជាដើម្បី ទទួលការពិនិត្យព្យាបាល ក្នុងជំហានដំបូង។ អាជ្ញាធរក៏បានស្នើសុំ ទៅហាងលក់ទំនិញផ្សេងទៀត ឲ្យទទួលយកជនរងគ្រោះ ឲ្យចូលជ្រក និងលាក់បំពួន នៅក្នុងហាងរបស់ខ្លួនដែរ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់