ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន​អ្នក​វិភាគ ដែល​ថា​លោក​ចង់​បាន​សន្លឹក​ឆ្នោត

ទោះជននោះនៅទីណាក៏ដោយ បើហ៊ានធ្វើអត្ថាធិប្បាយថា លោក ហ៊ុន សែន ចង់បានសន្លឹកឆ្នោត នៅក្នុងជម្លោះព្រំដែន ជាមួយប្រទេសជិតខាង ជននោះនឹងត្រូវចាប់ខ្លួន ក្រោមបទចោទ ថាបានប្រព្រឹត្តិបទល្មើសជាក់ស្ដែង។ នេះ បើតាមប្រសាសន៍ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃនេះ។
ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន​អ្នក​វិភាគ ដែល​ថា​លោក​ចង់​បាន​សន្លឹក​ឆ្នោត
លោក ហ៊ុន សែន (ខាងស្ដាំ) នៅក្នុងពិធីសម្ពោធបង្គោលព្រំដែន ខ្មែរ-យួន ជាមួយប្រធានាធិបតីវៀតណាម កាលពីអំឡុងឆ្នាំ២០១៥។ (រូបថតឯកសារ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ សីហា ២០១៧
  • កែប្រែចុងក្រោយ: August 14, 2017
  • ប្រធានបទ: ព្រំដែន
  • អាន និងបញ្ចេញយោបល់

«អ្នកណាធ្វើអត្ថាធិប្បាយលើរឿងនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់» នាយករដ្ឋមន្ត្រីកម្ពុជា ដែលស្ថិតក្នុងតំណែង តាំងពីជាង៣០ឆ្នាំ បានថ្លែងខ្លាំងដូច្នេះ ក្នុងព្រឹកថ្ងៃទី១៤ ខែសីហានេះ ព្រមានចាប់ខ្លួនជនណាក៏ដោយ ដែលលើកឡើងថា លោកចង់បានសន្លឹកឆ្នោត នៅក្នុងសំនុំរឿងជម្លោះព្រំដែន ជាមួយប្រទេសជិតខាង។

កាលពីថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧ លោក ហ៊ុន សែន បានថ្លែងឡើងជាសាធារណៈ ជុំវិញជម្លោះព្រំដែន ខ្មែរ-ឡាវ ក្នុងនោះមានទាំងការបញ្ជា ឲ្យធ្វើការចល័តទ័ព និងសព្វាវុធ «យ៉ាងគគ្រឹកគគ្រេង» ឆ្ពោះទៅកាន់តំបន់ព្រំដែន ស្ថិតក្នុងខេត្តស្ទឹងត្រែង និងថែមទាំងបានដាក់ឱសានវាទ ទៅប្រទេសឡាវ សម្រាប់រយៈពេល៦ថ្ងៃ ដើម្បីឲ្យកងទ័ពឡាវ ដកចេញពីទឹកដីកម្ពុជា ដោយគ្មានលក្ខខណ្ឌ។ លុះព្រឹកស្អែកឡើង ត្រូវជាថ្ងៃសៅរ៍ លោក ហ៊ុន សែន បានធ្វើដំណើរទៅកាន់រដ្ឋធានី វៀងច័ន្ទ ប្រទេសឡាវ ដោយជួបជាមួយសមភាគីរបស់លោក (នាយករដ្ឋមន្ត្រីឡាវ) ដើម្បីជជែកគ្នា អំពីរឿងនេះ។

ហេតុការណ៍នេះ ត្រូវបានអ្នកវិភាគ និងអ្នកធ្វើអត្ថាធិប្បាយមួយចំនួន ពន្យល់ថា មានលក្ខណៈដូចទៅនឹងព្រឹត្តិការណ៍ ជម្លោះព្រំដែន ខ្មែរ-សៀម នៅត្រង់តំបន់ប្រាសាទព្រះវិហារ ដែលនៅពេលនោះ លោក និងគណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងឆ្នោត និងអសនៈនៅក្នុងរដ្ឋសភា យ៉ាងច្រើនលើសលប់។ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ថែមទាំងលើកឡើង ដោយត្រង់ៗថា ជម្លោះព្រំដែន «មួយចំអិនកំពិស» ជាមួយប្រទេសឡាវ ក្នុងវេលានេះ ជាកិច្ចកលមួយ ដើម្បីជួយរកសម្លេងឆ្នោត ឲ្យលោក ហ៊ុន សែន និងគណបក្សកាន់អំណាចសព្វថ្ងៃ សម្រាប់ការបោះឆ្នោតជាតិ អាណត្តិ​ទី៦ នាឆ្នាំខាងមុខ។

ប៉ុន្តែការលើកឡើងខាងលើ ត្រូវបានលោក ហ៊ុន សែន ប្រតិកម្មខ្លាំងៗនៅថ្ងៃនេះ និងព្រមានចាប់ខ្លួនម្ចាស់សំដី ឬម្ចាស់ការវិភាគទាំងនោះ ទោះជារស់នៅទីណាក៏ដោយ។ ថ្លែងក្នុងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ កណ្ដាលរាជធានីភ្នំពេញ ក្នុងព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ បុរសខ្លាំងកម្ពុជា បានលើកឡើងថា៖ «សុំព្រមានអ្នកធ្វើអត្ថាធិប្បាយទាំងនោះ ហើយបើនៅក្នុងប្រទេសកម្ពុជា យើងខ្ញុំនឹងចាប់ខ្លួនហើយ ជាបទល្មើសជាក់ស្ដែងតែម្ដង»

លោក ហ៊ុន សែន បានហៅការលើកឡើងនេះ ថាជាការប្រមាថ ទៅលើជាតិសាសន៍មួយ និងបានប៉ះពាល់ ទៅដល់សន្តិសុខជាតិ។ លោកមានប្រសាសន៍បន្តថា៖ «កុំថាខ្ញុំផ្ដាច់ការ ក៏ប៉ុន្តែប្រទេស​ដែលមានប្រជាធិបតេយ្យ និងនីតិរដ្ឋ វាដូច្នេះ។ ប្រជាធិបតេយ្យ ដោយគ្មាននីតិរដ្ឋ វាជាដំណើរការអនាធិបតេយ្យ។»។

កាលពីថ្ងៃអាទិត្យម្សិលម៉ិញ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានពន្យល់រឿងរ៉ាវ ជម្លោះព្រំដែនជាមួយប្រទេសឡាវខាងលើ ថាជា«ល្បិច»របស់ប្រទេសវៀតណាម ក្នុងការរៀបចំឡើង បំណងឲ្យពលរដ្ឋកម្ពុជា ភ្លេចជម្លោះព្រំដែន«ធំៗ» និងច្រើនកន្លែង ដែលប្រទេសវៀតណាមមាន ជាមួយកម្ពុជា។ លោក សម រង្ស៊ី បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោក ក្នុងដំណកស្រង់ទាំងស្រុង ដូចខាងក្រោមថា៖

«ប្រទេសលាវ ស្ថិតក្រោមការគ្រប់គ្រង របស់ប្រទេសវៀតណាម។ ថ្មីៗនេះ ប្រទេសវៀតណាម បានបញ្ជាឲ្យប្រទេសលាវ បង្ករឿងបន្តិចបន្តួច នៅតាមព្រំដែនរវាងប្រទេសលាវ និងប្រទេសកម្ពុជា។ បំណងរបស់ប្រទេសវៀតណាម គឺចង់ឲ្យប្រជារាស្ត្រខ្មែរ ឈប់គិតពីការឈ្លានពាន ក្នុងទ្រង់ទ្រាយធំ របស់ប្រទេសវៀតណាម មកលើទឹកដីប្រទេសកម្ពុជា។ ហេតុដូច្នេះហើយ បានជាគេបង្វែរអារម្មណ៍ខ្មែរយើង ឲ្យទៅមើលខាងព្រំដែន ជាមួយប្រទេសលាវ ទៅវិញ ដើម្បីឲ្យយើងភ្លេច ពីការឈ្លានពានរបស់យួន មកលើទឹកដីប្រទេសកម្ពុជា ជាពិសេសក្នុងខេត្តស្វាយរៀង កំពង់ចាម មណ្ឌលគីរី និងរតនគីរី។»

លោក សម រង្ស៊ី ដែលជាគូបដិបក្ខនយោបាយ ដ៏មានសក្ដានុពល ទល់នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយតម្លៃព្រឹត្តិការណ៍ចុងក្រោយនេះថា៖ «លោក ហ៊ុន សែន កំពុងតែលោត ចូលទៅលេងល្ខោន ដែលយួនកំណត់ឲ្យលេង ដើម្បីបោកបញ្ឆោតប្រជារាស្ត្រខ្មែរ»


Loading...

អត្ថបទទាក់ទង


មតិ-យោបល់