សួន សេរីរដ្ឋា៖ «សាមកុក» ហ៊ុន សែន កំពុង«បែកកុក»

ប្រធានគណបក្សអំណាចខ្មែរ បានសរសេរចំអក​​យ៉ាងចាស់ដៃ ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញសភាពការណ៍ នៅព្រំដែនកម្ពុជា-ឡាវ ដែលបុរសខ្លាំង​កម្ពុជា​ទើបនឹង​ប្រកាស​ជាសាធារណៈ កាល​ពីម្សិល​ម៉ិញ។ ការចំអកនោះ ធ្វើឡើងក្នុងន័យថា លោក ហ៊ុន សែន កំពុងប្រើល្បិចនយោបាយ នៅក្នុងរឿង​ព្រំដែននេះ ដែលប្រៀបបាននឹង​យុទ្ធសាស្ត្រធ្វើ​សង្គ្រាម​ទាំង​ឡាយ នៅក្នុង​ប្រវត្តិ​និទាន «សាមកុក» ឬ «នគរបី» របស់​ប្រទេស​ចិន។
សួន សេរីរដ្ឋា៖ «សាមកុក» ហ៊ុន សែន កំពុង«បែកកុក»
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ។ (រុបថតលើហ្វេសប៊ុក)

«សាមកុក» របស់លោក ហ៊ុន សែន កំពុង«បែកកុក!» នេះ ជាការថ្លែងឡើងរបស់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ប្រៀបធៀបសភាពការណ៍នយោបាយ ចុងក្រោយបង្អស់ នៅក្នុងប្រទេសកម្ពុជា ទៅនឹងប្រវត្តិនិទាន ពោរពេញដោយល្បិចយុទ្ធសាស្ត្រ របស់ប្រទេសចិន រឿង«សាមកុក» ឬ«នគរបី»។

តែបើតាមការលើកឡើង របស់ប្រធានគណបក្សអំណាចខ្មែររូបនេះ យុទ្ធសាស្ត្រ«សាមកុក» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះ កំពុង«បែកកុក» ឬនិយាយម្យ៉ាងទៀត ថាជា«យុទ្ធសាស្ត្រ ដែលមិនត្រូវក្រឡា» ជុំវិញបញ្ហាព្រំដែនកម្ពុជា-ឡាវ ដែលនាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសជាសាធារណៈ កាលពីម្សិលម៉ិញ។

លោក សួន សេរីរដ្ឋា បានពន្យល់ ក្នុងន័យធៀបថា៖ «សេនាប្រមុខ (លោក ហ៊ុន សែន) ដាក់បញ្ជារឲ្យកងទ័ពត្រៀមប្រយុទ្ធ ដាក់ឱសានវាទឲ្យសត្រូវ... តែ[បែរជា]ឱនក្បាល ចូលបន្ទាយសត្រូវ ដើម្បីសុំចរចា!»។

កាលពីម្សិលម៉ិញ លោក ហ៊ុន សែន បានដាក់ឱសានវាទទៅប្រទេសឡាវ សម្រាប់រយៈពេល៦ថ្ងៃ ដើម្បីឲ្យកងទ័ពឡាវ ដកចេញពីទឹកដីកម្ពុជា ដោយគ្មានលក្ខខណ្ឌ។ កងកម្លាំងប្រដាប់អាវុធឡាវទាំងនោះ ត្រូវបានលោក ហ៊ុន សែន អះអាងថា មានប្រមាណជា៣០នាក់ បានចូលមកឈរជើង នៅក្នុងចំណុចទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង ភាគឦសាននៃប្រទេសកម្ពុជា។

ក្រោយពីការថ្លែង របស់លោក ហ៊ុន សែន ក្រសួងការបរទេសកម្ពុជា បានប្រកាសថា លោក ហ៊ុន សែន នឹងធ្វើដំណើរក្នុងព្រឹកថ្ងៃសៅរ៍នេះ ទៅកាន់រដ្ឋធានីវៀងចន្ទ ប្រទេសឡាវ ដើម្បីជួបជជែកពីបញ្ហាព្រំដែន ជាមួយនាយករដ្ឋមន្ត្រីឡាវ លោក ថោងលន់ ស៊ីសូលីត។

តាមរយៈសេចក្តីប្រកាសព័ត៏មានរបស់ខ្លួន ក្រសួងការបរទេសកម្ពុជា បានបព្ជាក់ទៀតថា ដំណើរទៅជួបចរចា របស់លោក ហ៊ុន សែន លើកនេះ ជាកាយវិការទន់ភ្លន់ ប្រកបទៅដោយការអត់ធ្មត់ និងសុឆន្ចៈ ចង់ដោះស្រាយជម្លោះដោយសន្តិវីធី ជាមួយភាគីឡាវ មុននឹងឈានដល់ការប្រកាន់យក វិធានការផ្សេងទៀត រាប់ទាំងវិធានការយោធា និងតាមផ្លូវតុលាការ ក្នុងករណីកិច្ចខិតខំចុងក្រោយនេះរបស់កម្ពុជា និងមិនផ្តល់លទ្ឋិផល ជាវិជ្ជមានទេនោះ។

សម្រាប់លោក សួន សេរីរដ្ឋា វិញ បានលើកឡើងថា វិធានការយោធា (ឬហៅថា សង្គ្រាម) ណា ដែលអាចកើតឡើង គឺដើម្បីគ្រាន់​តែ​«ដំឡើងមុខ ដំឡើងឋានៈ បំពាក់ខ្លួនឥស្សរៈចោរ បន្លំឲ្យក្លាយទៅជាឥស្សរៈជន»ប៉ុណ្ណោះ។ ប្រធានគណបក្សអំណាចខ្មែរ បានរៀបរាប់ថា៖ «ពេលសង្គ្រាមកើតឡើង ជាមួយនឹងប្រទេសលាវនោះ លទ្ធផលវានឹងមិនខុសពីសង្គ្រាម ដែលកើតឡើង ជាមួយនឹងប្រទេសសៀមទេ! គឺ កូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា... ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញី យ៉ាងគគ្រឹកគគ្រេង!»។

យ៉ាងណា លោកនៅតែប្រកាសឲ្យខ្មែរទាំងអស់ ត្រូវរួមសាមគ្គីគ្នា នៅចំពោះរឿងរ៉ាវ ដែលទាក់ទងនឹងជាតិ។ លោកបានសរសេរបន្តថា៖ «សូមពលរដ្ឋខ្មែរ យុវជនខ្មែរ ត្រូវរួមសាមគ្គីគ្នា លើកទឹកទឹកចិត្ត និងជួយគ្រប់យ៉ាង ដែលអាចជួយបាន ដល់កងទ័ពជាតិរបស់យើង ដែលតែងយកទ្រូង ទៅពាំងគ្រាប់រំសេវ ដើម្បីបុព្វហេតុការពារទឹកដីពិតប្រាកដ»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់