សម រង្ស៊ី មិន​ប្ដឹង​ឧទ្ធរណ៍​និង​បន្ត​អះអាង​ថា ហ៊ុន សែន នៅ​ពី​ក្រោយ​ឃាតកម្ម កែម ឡី

អតីតប្រធានគណបក្សប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន ក្នុងប្រទេសបារាំង បានថ្លែងថាលោកនឹងមិនប្ដឹងឧទ្ធរណ៍ ឡើងទៅតុលាការកំពូលបន្តទៀតទេ បន្ទាប់ពីសាលាឧទ្ធរណ៍ បានសម្រេចក្នុងថ្ងៃទី១១ ខែសីហា តម្កល់សាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចឲ្យរូបលោក ចាញ់ក្ដីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមីនា​កន្លងមក។ បន្ថែមពីលើនេះ លោក សម រង្ស៊ី នៅតែបន្តអះអាង ពីអ្វីដែល​លោកបានចោទ​លោក ហ៊ុន សែន និងបរិហារ​សេចក្ដី​សម្រេច របស់សាលា​ឧទ្ធរណ៍ ថាធ្វើឡើង​តាម​ការបញ្ជា ពីអ្នក​មាន​អំណាច។
សម រង្ស៊ី មិន​ប្ដឹង​ឧទ្ធរណ៍​និង​បន្ត​អះអាង​ថា ហ៊ុន សែន នៅ​ពី​ក្រោយ​ឃាតកម្ម កែម ឡី
លោក សម រង្ស៊ី អើតទៅរកក្រុមអ្នកគាំទ្រ កាលពីអំឡុងលោក នៅជាប្រធានគណបក្សសម រង្ស៊ី។ (រូបថតឯកសារ)

តាមពិតទៅ មិនមែនមានតែ នៅក្នុងបណ្ដាញសង្គមទេ ដែលលោក សម រង្ស៊ី មេដឹកនាំប្រឆាំងធំជាងគេនៅកម្ពុជា បានចោទលោក ហ៊ុន សែន និងរដ្ឋអំណាចកម្ពុជា ថានៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី។ ការលើកឡើងដូចនេះរបស់លោក បានធ្វើឡើង ទៅកាន់ក្រុមអ្នកគាំទ្រនៅឯបរទេស និងជាពិសេស នៅតាមប្រព័ន្ធផ្សព្វផ្សាយ ជាញយដង។

ហើយជាថ្មីម្ដងទៀត អតីប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួន នៅឯប្រទេសបារាំងរូបនេះ បានបន្តអះអាងថា ពាក្យសំដីរបស់លោក ជា«ជំនឿជឿជាក់» របស់បណ្ដាជនខ្មែរ រាប់សិបពាន់ម៉ឺននាក់ ដែលដឹងពីករណីបាញ់សម្លាប់លោក កែម ឡី អតីតអ្នកធ្វើអត្ថាធិប្បាយ នយោបាយដ៏ល្បីឈ្មោះ។

ហើយការចាញ់ក្ដីលើកនេះ ទល់នឹងបុរសខ្លាំងកម្ពុជា ត្រូវបានលោក សម រង្ស៊ី បញ្ជាក់ថា លោកគ្មានភាពចាំបាច់អ្វី ដើម្បីត្រូវប្ដឹងឧទ្ធរណ៍ ឡើងទៅតុលាការកំពូល នៅក្នុងប្រទេសកម្ពុជាទៀតទេ។ ថ្លែងតាមវិទ្យុអាស៊ីសេរី នៅយប់ថ្ងៃសុក្រទី១១ ខែសីហានេះ លោក សម រង្ស៊ី បានមានប្រសាសន៍ថា៖ «ដូចជាមិនចាំបាច់ [ប្ដឹងឧទ្ធរណ៍ទៀត] ទេ»។

នាព្រឹកថ្ងៃសុក្រទី១១សីហានេះ លោកចៅក្រម ញូង ធុល ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាឧទ្ធរណ៍ បានប្រកាសសាលដីកា កំបាំងមុខ (ទាំងជនជាប់ចោទ ទាំងមេធាវី)​ ដោយសម្រេចតម្កល់ សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ ពីការចោទប្រកាន់​លោក សម រង្ស៊ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និង «ញុះញង់ឲ្យបង្កភាពវឹកវរ ដល់សន្ដិសុខសង្គម» តាមក្រមព្រហ្មទណ្ឌកម្ពុជា។

សាលក្រុម របស់តុលាការជាន់ទាបនោះ បានសម្រេចផ្ដន្តាទោស​​លោក​ សម រង្ស៊ី​ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ឲ្យ​ជាប់​ពន្ធនាគារ ១ឆ្នាំ​ ៨ខែ ពិន័យ​ជា​ប្រាក់១០លាន​រៀល និង​បង្គាប់ឲ្យ​សង សំណងជំងឺចិត្ត ទៅ​លោក ​ហ៊ុន សែន ចំនួន១០០រៀល។

មេដឹកនាំប្រឆាំង បានបន្តថ្លែង ពីការរក្សាជំហររបស់លោក ក្នុងការចោទលោក ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា ក្នុងសំនុំរឿងឃាតកម្មលោក កែម ឡី ដូច្នេះថា៖ «ខ្ញុំនៅតែរក្សការចោទប្រកាន់របស់ខ្ញុំ ជំនឿរបស់ខ្ញុំ ដែលថាគ្មាននរណាក្រៅពីរដ្ឋាភិបាលលោក ហ៊ុន សែន នេះទេ ដែលនៅពីក្រោយ ការលួចបាញ់សម្លាប់លោក បណ្ឌិត កែម ឡី។ ហើយមិនមែនយោបល់តែខ្ញុំ សម រង្ស៊ី តែម្នាក់ទេ ប្រទេសកម្ពុជា ជនជាតិខ្មែរ ប្រជារាស្ត្រខ្មែរទាំងមូល គេជឿជាក់ដូចខ្ញុំអញ្ចឹង គឺនេះជាអំពើភេរវកម្ម រៀបចំដោយរដ្ឋអំណាច ដែលបានបណ្ដាលឲ្យលោក កែម ឡី ត្រូវបាញ់សម្លាប់។»។

លោក កែម ឡី ត្រូវបានឃាតករ​ឈាមត្រជាក់​បាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំទៅម៉ិញ នៅខណៈលោកកំពុងទទួលទានកាហ្វេ នៅក្នុងហាងលក់ទំនិញ ស្តាម៉ាត នៃស្ថានីយចាក់ប្រេងឥន្ទនៈ កាល់តិច ស្ថិតនៅស្ដុបបូកគោ។ នៅក្រោយឃាតកម្មនោះ និងរហូតមកដល់ថ្ងៃនេះ ជនសង្ស័យតែម្នាក់គត់ ឈ្មោះ អឿង អាង ដាក់រហស្សនាម «ជួប សម្លាប់» ត្រូវបានឃាត់ខ្លួន និងផ្តន្ទាទោស។

កាលពីដើមខែកក្កដានេះ អង្គការសង្គមស៊ីវិល​ជាតិ-អន្តជាតិ ​រាប់​រយ​ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួម សំដែងការមិន​ជឿជាក់ ទៅលើការស្វែងរកយុត្តិធម៌ ជូនលោក កែម ឡី និងគ្រួសារ តាមរយៈប្រព័ន្ធយុត្តិធម៌កម្ពុជា ហើយបានទាមទារ​ ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ និង​តម្លាភាព​ ក្នុង​សំណុំ​រឿង​​ឃាតកម្ម​នេះឡើងវិញ។

ប៉ុន្តែនៅពេលត្រូវបានសួរ ពីភស្ដុតាងបន្ថែម ទាក់ទងនឹងការចោទប្រកាន់លោក ហ៊ុន​ សែន និងរដ្ឋាភិបាល ថាពីការនៅពីក្រោយ ការបាញ់សម្លាប់លោក កែម ឡី នេះ លោក សម រង្ស៊ី គ្រាន់តែនិយាយថា៖ «បើយើងប្រៀបធៀប ការសម្លាប់អ្នកស្នេហាជាតិ អ្នកដែលមានប្រជាប្រិយភាព អ្នកដែលការពារទ្រព្យសម្បត្តិជាតិ ដូចជាព្រៃឈើ ដែលស្វែងរកយុត្តិធម៌ជូនប្រជារាស្ត្រ ដូចជាមេសហជីព ជា វិជ្ជា ដែលគេបាញ់សម្លាប់ សូម្បីតែព្រះសង្ឃ សំ ប៊ុនធឿន ដែលគេបាញ់សម្លាប់ គឺលក្ខណៈ ដែលបាញ់សម្លាប់ទាំងនោះ ដូចគ្នាទាំងអស់។ គឺបាញ់សម្លាប់ទាំងថ្ងៃត្រង់ ហើយអ្នកបាញ់សម្លាប់ហ្នឹង គេចខ្លួនយ៉ាងងាយស្រួល បន្ទាប់មកអ្នកមានអំណាចហ្នឹង គឺលប់ចោល បំបិទដាន ភស្តុតាង យកមនុស្សដែលគ្មានពាក់ព័ន្ធ នឹងឃាតកម្មទាំងនោះ មកបង្វែដានទៅវិញ ឲ្យជនដៃដល់ និងអ្នកនៅពីក្រោយនោះរួចខ្លួន។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់