លិខិត​តវ៉ា​របស់ ហ៊ុន សែន ផ្ញើរ​ឲ្យ​ឡាវ​ដក​ទ័ព​ ចេញ​ពី​ទឹកដី​ខ្មែរ

លិខិតតវ៉ាត្រូវបានផ្ដល់ មកដល់ដៃអ្នកសារព័ត៌មានភ្លាមៗ បន្ទាប់ពីការប្រកាសកាលពីប៉ុន្មាននាទីមុននេះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបង្ហាញលិខិត ដែលលោកផ្ញើរជូនទៅនាយករដ្ឋមន្ត្រីឡាវ ទាក់ទងនឹងការកំណត់ ឲ្យប្រទេសឡាវ ដកកងទ័ពរបស់ផងខ្លួន ចេញពីទឹកដីកម្ពុជា។
លិខិត​តវ៉ា​របស់ ហ៊ុន សែន ផ្ញើរ​ឲ្យ​ឡាវ​ដក​ទ័ព​ ចេញ​ពី​ទឹកដី​ខ្មែរ
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១១ សីហា ២០១៧
  • កែប្រែចុងក្រោយ: August 11, 2017
  • ប្រធានបទ: ព្រំដែន
  • អាន និងបញ្ចេញយោបល់

គឺខុទ្ទកាល័យនាយករដ្ឋមន្រ្តី ជាអ្នកបង្ហាញលិខិត ចំនួន៣ទំព័រនេះ មកកាន់អ្នកសារព័ត៌មាន នៅភ្លាមៗ បន្ទាប់ពីបានថ្លែងជាសាធារណៈ របស់លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលព្រមានថា កម្ពុជានឹងចាត់វិធានការយោធា តបទៅប្រទេសឡាវវិញ ប្រសិនជាប្រទេសឡាវ មិនឆ្លើយតបទៅនឹងលិខិតតវ៉ា ជាផ្លូវការនេះទេ។

លិខិតដែលចុះនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧នេះ ត្រូវបានបុរសខ្លាំងកម្ពុជាសរសេរ ជូនទៅលោក ថោងលន់ ស៊ីសូលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដោយមានដាក់​កម្មវត្ថុថា៖ «សំណើស្នើ ឲ្យរដ្ឋាភិបាល នៃប្រទេសឡាវ ដកកងកម្លាំងប្រដាប់អាវុធ ចេញពីតំបន់ក្បែរ​អូរអាឡៃ និងតំបន់អូរតាង៉ាវ ព្រំដែនខេត្តស្ទឹងត្រែង និងខេត្តអាតាពើ ឡាវ»។

បើគិតមកទល់នឹងថ្ងៃនេះ ការដាក់លិខិតតវ៉ានេះ មានយៈពេល៩ថ្ងៃកន្លងទៅហើយ តែកម្ពុជា​មិនទាន់ទទួលបានចម្លើយអ្វី ពីនាយករដ្ឋមន្ត្រីឡាវនៅ​ឡើយ។ នេះ បើតាមការអះអាង របស់លោក ហ៊ុន សែន ផ្ទាល់ នៅក្នុងពិធីប្រកាស ការចូលកាន់តំណែង របស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងវិមានសន្តិភាព នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ។

លោកនាយករដ្ឋមន្ត្រី បានថ្លែងព្រមានប្រទេសឡាវ ថាកម្ពុជានឹងចាត់វិធានការតបវិញ តាមផ្លូវយោធា ប្រសិនជាឡាវ មិនឆ្លើយតប​ជាវិជ្ជមាន ទៅនឹងលិខិតតវ៉ា របស់លោកនេះទេ។ លោកមានប្រសាសន៍ថា៖ «ហើយខ្ញុំនិយាយដោយត្រង់ បើសិនជាបងប្អូនឃើញ [កម្ពុជា]មានការចល័តកងទ័ព សុំកុំភ្ញាក់ផ្អើល គឺទៅគោលដៅ ទៅស្ទឹងត្រែង ព្រំដែនឡាវ។ ខ្ញុំឲ្យទាញ [យកពី]កងពលទីពីរ មួយភាគឡើងទៅ និងកងពល២១ ឡើងទៅ។»។

លោក ហ៊ុន សែន បានបន្តទៀតថា៖ «ខ្ញុំមានការអត់ធ្មត់។ ខ្ញុំមិនចង់ ឲ្យមានសង្គ្រាមទល់ដែនទេ។ មិនថាទល់ដែន ជាមួយប្រទេសណាទេ បានជាខ្ញុំត្រូវធ្វើអញ្ចឹង។»៕

» លិខិតតវ៉ារបស់នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើរទៅនាយករដ្ឋមន្ត្រីឡាវ រឿងព្រំដែន៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់