ហ៊ុន សែន ដាក់​ឱសានវាទ ឲ្យ​ឡាវ​ដក​ទ័ព​ចេញ​ពី​ទឹកដី​កម្ពុជា

លោក ហ៊ុន សែន បានដាក់ឱសានវាទ ចំនួន៦ថ្ងៃ ឲ្យប្រទេសឡាវ​ដកកងទ័ព ដែលបុរសខ្លាំងកម្ពុជាអះអាងថា បានចល័តចូល មកក្នុងប្រទេសកម្ពុជា បន្ទាប់ពីលោក​បានបញ្ជូលលិខិត​តវ៉ា ជាផ្លូវការមួយច្បាប់ ទៅកាន់នាយករដ្ឋមន្ត្រីឡាវ កាលពីប៉ុន្មានថ្ងៃមុន។
ហ៊ុន សែន ដាក់​ឱសានវាទ ឲ្យ​ឡាវ​ដក​ទ័ព​ចេញ​ពី​ទឹកដី​កម្ពុជា
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)

កងទ័ពឡាវប្រមាណជា ៣០នាក់ ដែលមានវត្តមាន តាំងពីខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចទន្លេសេកុង ខេត្តស្ទឹងត្រែង នៃប្រទេសកម្ពុជា មានរយៈពេល៦ថ្ងៃ ដើម្បីដកចេញឲ្យអស់ ពីទឹកដីកម្ពុជា។ នេះ បើតាមការលើកឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ទាក់ទង​នឹង​វត្តមាន​យោធា នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​​ប្រជាមានិតឡាវ ដែលលោកនាយករដ្ឋមន្ត្រី អះអាងថា ស្ថិតនៅក្នុងទឹកដីកម្ពុជា។

ថ្លែងនៅក្នុងពិធីប្រកាស ការចូលកាន់តំណែង របស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងវិមានសន្តិភាព នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន បានថ្លែងព្រមាន​ប្រទេសឡាវ ថាកម្ពុជា​នឹងឆ្លើយ​តបវិញ តាមផ្លូវយោធា ប្រសិនជាឡាវ​មិនឆ្លើយតប​​ជាវិជ្ជមាន ទៅនឹងលិខិតតវ៉ា ជាផ្លូវការមួយ ដែលលោកនាយករដ្ឋមន្ត្រី បានផ្ញើរជូន​នាយករដ្ឋមន្ត្រីឡាវ កាលពីប៉ុន្មានថ្ងៃមុន។

លោកបានថ្លែងឡើងថា៖ «ឆ្លងទន្លេសេកុង ចូលមកក្នុងដីខ្មែរ ខ្មែរមិនអាចទទួលយកបានទេ។ មិនអាចអត់អោនទៅរួចទេ។ តែខ្មែរមានការអត់ធ្មត់។ បើខ្ញុំមិននិយាយ មិនដឹងថា សំបុត្រខ្ញុំនេះ នឹងមានការឆ្លើយតបយ៉ាងម៉េច។ ឥឡូវសុំឲ្យផ្សាយលិខិតរបស់ខ្ញុំ ឲ្យផ្សាយភ្លាម នូវលិខិតរបស់ខ្ញុំ ទៅឡាវនេះ។»។

បុរសខ្លាំងកម្ពុជា បានបន្តថា៖ «ហើយខ្ញុំនិយាយដោយត្រង់ បើសិនជាបងប្អូនឃើញ [កម្ពុជា]មានការចល័តកងទ័ព សុំកុំភ្ញាក់ផ្អើល គឺទៅគោលដៅ ទៅស្ទឹងត្រែង ព្រំដែនឡាវ។ ខ្ញុំឲ្យទាញ [យកពី]កងពលទីពីរ មួយភាគឡើងទៅ និងកងពល២១ ឡើងទៅ។»។

លោក ហ៊ុន សែន បានរំលឹកឡើងវិញថា លោកបានទូរស័ព្ទ ទៅកាន់នាយករដ្ឋមន្ត្រីឡាវរួចហើយ មុននឹងធ្វើការ​តវ៉ាជាផ្លូវការ តាមរយៈលិខិតរបស់លោកមួយទៀត ពីការចល័តកងទ័ពឡាវ ចូលមកត្រង់ចំណុចទន្លេសេកុង នៃខេត្តស្ទឹងត្រែង កាលពីអំឡុងពេល ចូលឆ្នាំប្រពៃណីជាតិ​កន្លងទៅ បន្ទាប់ពីមានការចោទថា ខាងកម្ពុជាបានសង់ផ្លូវ ចូលក្នុងទឹកដីឡាវ។ លោកបញ្ជាក់ទៀតថា លោកត្រៀមខ្លួន ទៅជួបនាយករដ្ឋមន្ត្រីឡាវដោយផ្ទាល់ នៅក្នុងរដ្ឋធានីវៀងច័ន្ទ នៃប្រទេសឡាវ ដើម្បីនិយាយ តែពីរឿង​ដកកង​ទ័ពឡាវ ចេញពីទឹកដីកម្ពុជាប៉ុណ្ណោះ។

នាយករដ្ឋមន្ត្រី​បីទសវត្សន៍​ជាង​របស់កម្ពុជា បាន​និយាយ​ថា៖ «ខ្ញុំមានការអត់ធ្មត់។ ខ្ញុំមិនចង់ ឲ្យមានសង្គ្រាមទល់ដែនទេ។ មិនថាទល់ដែន ជាមួយប្រទេសណាទេ បានជាខ្ញុំត្រូវធ្វើអញ្ចឹង។»។

បើតាមប្រភពយោធាកម្ពុជា ដែលនៅ​ការពារ​ព្រំដែន​ ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង ដែលត្រូវបានស្រង់សំដី ដោយវិទ្យុអាស៊ីសេរី បានអះអាង​ថា យោធា​ឡាវ ប្រដាប់​ដោយ​អាវុធ ​បានចូលមក​​សង់​លេណដ្ឋាន និង​បង្កើន​កម្លាំង​ទ័ព​ឈរ​ជើង​ នៅ​លើ​កោះ​ឫស្សី ជា​ថ្មី​ទៀត ក្នុង​ទឹក​ដី​កម្ពុជា ច្រើន​ថ្ងៃ​ហើយ ដោយមានបំណង​ចង់​គ្រប់គ្រង​តំបន់​នោះ និង​ព្យាយាម​រារាំង ​កងកម្លាំង​វិស្វកម្ម​របស់​កម្ពុជា មិន​ឲ្យ​ស្ថាបនា​​ផ្លូវ​ខ្សែ​ក្រវាត់​ព្រំដែន​ នៅ​ត្រង់​តំបន់​នោះ។ មន្ត្រី​យោធា​រូបនោះ ចាត់​ទុក​បញ្ហា​នេះ ជា​ចេតនា​បំពាន​អធិបតេយ្យភាព ​របស់​កម្ពុជា និង​រំលោភ​ស្មារតី ​កិច្ច​ចរចា​ទ្វេ​ភាគី នៃ​ប្រទេស​ទាំង​ពីរ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់