ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​អង្គការ AIM ដែល​និយាយ​តាម CNN ទាក់​ទង​ការ​ជួញដូរមនុស្សនៅកម្ពុជា

បុរសខ្លាំងកម្ពុជា បានបញ្ជានៅព្រឹកថ្ងៃទី១ ខែសីហានេះ ឲ្យក្រសួងមហាផ្ទៃ និងក្រសួងការបរទេសកម្ពុជា បិទអង្គការក្រៅរដ្ឋាភិបាលមួយ ឈ្មោះ «Agape International Missions (AIM)» បន្ទាប់ពីប្រធានស្ថាបនិក របស់អង្គការនេះ បានផ្ដល់បទសម្ភាស ទៅឲ្យបណ្ដាញទូរទស្សន៍អាមេរិក «CNN» ជុំវិញឧស្សាហកម្មជួញដូរផ្លូវភេទ នៅក្នុងប្រទេសកម្ពុជា។
ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​អង្គការ AIM ដែល​និយាយ​តាម CNN ទាក់​ទង​ការ​ជួញដូរមនុស្សនៅកម្ពុជា
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតផ្តិតពីវីដេអូ)

«គប្បីត្រូវបិទចោល នូវអង្គការក្រៅរដ្ឋាភិបាលមួយនេះ មិនអាចឲ្យអ្នកឯងប្រមាថ ជនជាតិរបស់ខ្ញុំបានទេ» នេះ ជាការលើកឡើងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជា​ប្រតិកម្មខ្លាំងៗ ជាលើកដំបូង ទាក់ទងនឹងបទយកការណ៍មួយ របស់បណ្ដាញទូរទស្សន៍អាមេរិក ឈ្មោះ «CNN» ទាក់ទងនឹងការជួញដូរមនុស្ស ក្នុងអាជីវកម្មផ្លូវភេទ នៅកម្ពុជា។

នៅក្នុងវីដេអូ ដែលត្រូវបានផ្សាយ តាំងពីឆ្នាំ២០១៣ ប្រធានស្ថាបនិក របស់អង្គការ «Agape International Missions (AIM)» ប្រចាំកម្ពុជា បានផ្ដល់បទសម្ភាស ទៅឲ្យអ្នកយកព័ត៌មាន របស់ទូរទស្សន៍នេះ ទាក់ទងនឹងបណ្ដាញជួញដូរមនុស្ស នៅក្នុងប្រទេសកម្ពុជា ជាពិសេស យុវតីក្មេងៗមួយចំនួន ត្រូវបានម្ដាយខ្លួនឯងលក់ ឲ្យបម្រើផ្លូវភេទ ដើម្បីជាថ្នូរនឹងប្រាក់ សម្រាប់ផ្គត់ផ្គង់ជីវភាព ក្រុមគ្រួសាររបស់ពួកនាង។ 

បទសម្ភាសនោះ ត្រូវបានទូរទស្សន៍ «CNN» ច្បិច មកផ្សាយឡើងវិញ តែប៉ុន្មាននាទីប៉ុណ្ណោះ កាលពីប៉ុន្មានថ្ងៃមុន។ ការផ្សាយ របស់ទូរទស្សន៍ «CNN» ក៏បានត្រឡប់មកធ្វើសម្ភាស ជាមួយស្ត្រីវ័យក្មេងប៉ុន្មាននាក់ ដែលនិយាយជាភាសាវៀតណាម ដើម្បីចង់ដឹងថា តើនៅថ្ងៃនេះ ជីវិតរបស់ពួកគេ បានផ្លាស់ប្ដូរបែបណា។

ប៉ុន្តែរាប់ទាំងបទសម្ភាស និងទាំង​ការផ្សាយឡើងវិញ នៃកម្មវិធីទូរទស្សន៍ ឈ្មោះ «The CNN Freedom Project (ដើម្បីបិទបញ្ចប់ទាសភាព ក្នុងសម័យកាលទំនើប)» មួយនេះ  ត្រូវបានប្រព័ន្ធផ្សព្វផ្សាយជាច្រើន នៅក្នុងប្រទេសកម្ពុជា យកមកផ្សាយបន្ត ហើយប្រព័ន្ធផ្សព្វផ្សាយខ្លះ បានធ្វើអត្ថាធិប្បាយថា ការលើកឡើងរបស់ប្រធានស្ថាបនិក របស់អង្គការខាងលើ គឺជាការប្រមាថ ទៅដល់ម្ដាយ ស្ត្រី និងជាតិសាសន៍ខ្មែរទាំងមូល។ 

ក្នុងពិធីអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច  នាសាលពិព័ណ៌កោះពេជ្រ នៅព្រឹក​ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន ទំនងជាបានយល់ស្រប  ទៅនឹងការធ្វើអត្ថាធិប្បាយ របស់សារព័ត៌មានទាំងនោះ និងបានមានប្រសាសន៍ថា ការលើកឡើងនោះ ជាការទទួលយកមិនបាន និងធ្វើឡើង ដើម្បីចង់បានជំនួយ។

បុរសខ្លាំងកម្ពុជា បានលើកឡើងថា៖ «ស្ថានទូតអាមេរិក ត្រូវស្រាវជ្រាវលើបញ្ហានេះ [ហើយយើង]នឹងបិទអង្គការ ក្រៅរដ្ឋាភិបាលពាក់ព័ន្ធ មួយចំនួន។ ក្នុងឋានៈជានាយករដ្ឋមន្រ្តី នៃប្រទេសនេះ មិនអាចទទួលយកបានទេ។ ផ្តាំផ្ញើទៅស្ថានទូតអាមេរិក កុំបង្កើតបញ្ហាច្រើនពេក។ ក្រសួងមហាផ្ទៃពិនិត្យមើលភ្លាមៗ ហើយបិទចោលភ្លាមៗតែម្តង អ្នកប្រមាថកម្ពុជាបាន ប៉ុន្តែមិនអាចមកប្រមាថ ប្រជាពលរដ្ឋកម្ពុជាបានទេ។»។

លោក ហ៊ុន សែន ថែមទាំងអះអាង រង់ចាំមើល ថាតើគណបក្សនយោបាយ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន គិតយ៉ាងដូចម្ដេច នៅចំពោះការប្រមាថ ម្ដាយ ប្រពន្ធ កូនស្រីរបស់ពួកគេ ទាក់ទងទៅនឹងការលក់ដូរ ឲ្យធ្វើជា​ស្រីពេស្យា​បែបនេះ?

ជងរងគ្រោះជាង១ម៉ឺននាក់ ក្នុង១ឆ្នាំៗ ត្រូវបានសង្គ្រោះ...

ក្នុងពេលភ្លាមៗ គ្មានប្រតិកម្មពីស្ថានទូតអាមេរិក និងពីអង្គការ «AIM» ខាងលើនេះទេ។

នៅលើ​គេហទំព័ររបស់អង្គការ «AIM» បានសរសេរថា អង្គការនេះមានទីស្នាក់ការធំ នៅក្នុងទីរក្រុងញូយក សហរដ្ឋអាមេរិក និងបានបើកទ្វា នៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៨៨។ អង្គការ«AIM» ជាអង្គការក្រៅរដ្ឋាភិបាល តាមបែបសាសនាគ្រឹស្តិ៍ និងមានគោលការណ៍ បម្រើឲ្យវិស័យមនុស្សធម៌សុទ្ធ​សាធ។ យុទ្ធនាការសំខាន់ៗ របស់អង្គការ «AIM» រួមមានការប្រយុទ្ធ ប្រឆាំងនឹងការជួញដូរមនុស្ស ការសង្គ្រោះ ការស្ដារជីវិត របស់ជនរងគ្រោះ និងការផ្លាស់ប្តូរសហគមន៍ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស។

អង្គការ «AIM» បានអះអាងថា ខ្លួនបានជួយសង្គ្រោះ ស្ដារជីវិត ជនរងគ្រោះ ចេញពីការជួញដូរផ្លូវភេទ មានប្រមាណជាង ១ម៉ឺននាក់ ក្នុងមួយឆ្នាំៗ នៅក្នុងប្រទេសកម្ពុជា៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់