ឌុយតែតេ វាយ​តម្លៃ គីម ជុងអ៊ុន ថា​«រឹង​ក្បាល»

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែរតេ (Rodrigo Duterte) បានចោទប្រកាន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-Un) ថាជាមនុស្ស«រឹងក្បាល» ដើម្បីបង្ក«ឆ្នួនភ្លើង» នៃសង្គ្រាមនុយក្លេអ៊ែរ នៅក្នុងទ្វីបអាស៊ី។ ការលើកឡើងរបស់បុរសខ្លាំងហ្វីលីពីន បានធ្វើឡើងចំពេល មានជំនួបតំបន់ ក្នុងប្រទេសរបស់លោក និងដែលរៀបចំធ្វើឡើង ដោយសមាគមនៃប្រជាជាតិអាស៊ី-អាគ្នេយ៍ (ASEAN)។
ឌុយតែតេ វាយ​តម្លៃ គីម ជុងអ៊ុន ថា​«រឹង​ក្បាល»
ពីឆ្វេងទៅស្ដាំ៖ លោក រ៉ូឌ្រីចូ ឌុយតែរតេ ប្រធានាធិបតីហ្វីលីពីន និងលោក គីម ជុងអ៊ុន មេដឹកនាំប្រទេសកូរ៉េខាងជើង។ (រូបថតឯកសារ)

ក្នុងលើកនេះ ភាសាមិនសំចៃមាត់ របស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែរតេ (Rodrigo Duterte) ត្រូវបានធ្វើឡើង សំដៅទៅមេដឹកនាំវ័យក្មេង កូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-Un) ដោយផ្ទាល់តែម្ដង នៅតែប៉ុន្មានម៉ោង មុនកិច្ចជំនួបតំបន់ ដែលត្រូវរៀបចំធ្វើ នៅក្នុងសប្ដាហ៍នេះ ក្នុងរដ្ឋធានី ម៉ានីល ប្រទេសហ្វីលីពីន ជាមួយនឹងវត្តមានចូលរួម របស់រដ្ឋមន្ត្រីការបរទេស នៃប្រទេស​កូរ៉េខាងជើង​នោះផង។

«មនុស្សចំកួតមួយនេះ!»

លោក រ៉ូឌ្រីចូ ឌុយតែរតេ បានថ្លែងឡើង នៅតាមកញ្ចក់ទូរទស្សន៍ជាតិហ្វីលីពីនថា៖ «មនុស្សចំកួតមួយនេះ វាកំពុងប្រឡែងលេង ជាមួយល្បែង​ដ៏គ្រោះថ្នាក់ ហើយអ្នកឯងកុំទុកចិត្ត មនុស្សដែលមានមុខដូចវា។ មុខមូលកំប្លង់ៗ ដែលមើលទៅ ដូចជាគួរឲ្យស្រឡាញ់​ណាស់។»។

បុរសខ្លាំងហ្វីលីពីន បានបន្តទៀតថា៖ «ភាពរឹងក្បាល របស់អាកូនមីសំផឹង បើសិនជាវាប្រពឹត្តិកំហុសអ្វីមួយ គឺដូចជានៅក្នុង​តំបន់មជ្ឈឹម​បូពា៌​ដូច្នេះ ដែលកំពុងប្រែក្លាយ​ ជាទឹកដីដ៏ខ្លោចផ្សារ។ គេត្រូវបង្អាក់វាឲ្យបាន នៅក្នុងសង្គ្រាមនុយក្លេអ៊ែរមួយនេះ ព្រោះបើសិនជាជម្លោះផ្ទុះឡើង នៅទីនេះ ខ្ញុំសូមបញ្ជាក់ប្រាប់អ្នកឯង ពីផលវិបាកដែលនឹងកើតឡើង នៅពេលនោះ គឺទឹកដីព្រៃព្រឹក្សា ធនធានធម្មជាតិ តើវានឹងក្លាយជាអ្វី? ខ្ញុំមិនដឹងថា តើយើងនឹងក្លាយជាអ្វីទេ។»។

តាំងពីបានឡើងកាន់អំណាច នៅក្នុងឆ្នាំ២០១១ បន្ទាប់ពីមរណភាព របស់ឪពុកលោក​នោះមក លោក គីម ជុងអ៊ុន បានបង្កើនល្បឿន ក្នុងការអភិវឌ្ឍ​គម្រោង​អាវុធប្រល័យលោក របស់ប្រទេសកូរ់េខាងជើង ក្នុងការផលិតកាំជ្រួចអន្តរទ្វីប និងគ្រាប់បែកនុយក្លេអ៊ែរ បើទោះជាគម្រោង​ទាំងនេះ រងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ពីសហគមន៍អន្តរជាតិ ជាពិសេសពីសំណាក់​អង្គការ​សហប្រជាជាតិ​ក៏ដោយ។

កាលពីសប្ដាហ៍​មុន របបក្រុងព្យុងយ៉ាង បានបាញ់សាកល្បងជាថ្មីទៀត នូវកាំជ្រួចបាស៊ីលីកអន្តរទ្វីប ដែលអាចបាញ់​ ទៅដល់ទឹកដីអាមេរិក​​មួយចំនួន នៅក្នុងមហាសមុទ្រប៉ាស៊ីភិក។

នៅក្នុងជំនួបតំបន់ ដែលរៀបចំធ្វើឡើង ដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ក៏មានវត្តមានរបស់លោក «Rex Tillerson» រដ្ឋមន្ត្រីការបរទេសអាមេរិកាំង និងលោក «Wang Yi» រដ្ឋមន្ត្រីការបរទេសចិននោះដែរ។ បើតាមគម្រោង ដែលអាចនឹងត្រូវអនុម័ត្រ នៅថ្ងៃអង្គារនេះ នៅក្នុងកិច្ចបញ្ចប់នៃជំនួប ក្រុមរដ្ឋមន្ត្រីការបរទេស នៃប្រទេសនៅក្នុងតំបន់ នឹងត្រូវបង្ហាញ ពី«ការបារម្ភក្រៃលែង» របស់ពួកគេ នៅចំពោះ​ការបាញ់សាកល្បង នៃសព្វាវុធ​ខាងលើ របស់ប្រទេសកូរ៉េខាងជើង៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់