សម រង្ស៊ី បន្ត​ភាគ​«បិតា​ស្ថាបនិក CPP ជន​ក្បត់​ជាតិ»

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានបន្តទំព័រប្រវត្តិសាស្ត្រ នៅលើទំព័រហ្វេសប៊ុករបស់លោក ជាបន្តទៅទៀត ដោយបានបកស្រាយ នៅថ្ងៃនេះ ពីលោក សឺង ង៉ុកមិញ ហៅ«អាចារ្យមៀន» ដែលមេដឹកនាំប្រឆាំង បានហៅថា ជា«បិតាស្ថាបនិក នៃគណបក្សប្រជាជនកម្ពុជា» និងជា«ជនក្បត់ជាតិ» របស់ប្រទេសកម្ពុជា។
សម រង្ស៊ី បន្ត​ភាគ​«បិតា​ស្ថាបនិក CPP ជន​ក្បត់​ជាតិ»
ពីឆ្វេងទៅស្ដាំ៖ លោក ហ្វាំ វ៉ាន់ហួរ ហៅ«សឹង ង៉ុកមិញ» ឬ«អាចារ្យមៀន» - លោក សាឡុត ស ហៅ«ប៉ុលពត» និងលោក ហ៊ុន សែន ដែលសុទ្ធសឹងជាមេដឹកនាំ ជាប្រវត្តិសាស្ត្រ របស់គណបក្សប្រជាជន«បដិវត្តន៍»កម្ពុជា។ (រូបថតកាត់ត ដោយទំព័រហ្វេសប៊ុកលោក សម រង្ស៊ី)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 27, 2017
  • ប្រធានបទ: ប្រវត្តិ CPP
  • អាន និងបញ្ចេញយោបល់

សង្គ្រាបប៉ាកកា ទាក់ទងនឹងប្រវត្តិសាស្ត្រ«ទំនើប» នៃគណបក្សប្រជាជនកម្ពុជា ដែលមានអតីតភាព ជាគណបក្សប្រជាជនបដិវត្តន៍កម្ពុជា កំពុងមានសន្ទុះទៅមុខ។ លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង និងជាដៃគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវ របស់លោក ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច និងជានាយករដ្ឋមន្ត្រីសព្វថ្ងៃ បានសរសេរបើកកកាយ នៅក្នុងវគ្គថ្មីមួយទៀត ស្ដីពីប្រវត្តិ«បិតាស្ថាបនិក» របស់គណបក្សប្រជាជនកម្ពុជា ដែលគេស្គាល់ថា គឺលោក សឹង ង៉ុកមិញ ហៅ«អាចារ្យមៀន»។

មេដឹកនាំប្រឆាំង ដែលបានអះអាងថា ការលើកឡើងរបស់លោក ជាសេចក្ដីសន្និដ្ឋាន ចេញពីឯកសារប្រវត្តិសាស្ត្រជាច្រើននោះ បានហៅលោក សឹង ង៉ុកមិញ អតីតអគ្គលេខាធិការ​បក្សប្រជាជនបដិវត្តន៍កម្ពុជា ថាជា«ជនក្បត់ជាតិ»កម្ពុជា។

លោក សម រង្ស៊ី បានពន្យល់នៅក្នុង របាយការណ៍បើកកកាយនោះថា កូនកាត់ខ្មែរយួនលោក សឹង ង៉ុកមិញ ដែលមាននាមដើម ហ្វាំ វ៉ាន់ហួរ (Phạm Văn Hua) ត្រូវបានចលនាយួនកុម្មុយនីស្តយៀកមិញ  ដែលលោកអះអាង ថាមានបំណង «ត្រួតត្រាលើប្រទេសកម្ពុជា» ដោយ«ធ្វើជាចៅហ្វាយលើខ្មែរ ជំនួសបារាំង» ក្រោយការបណ្ដេញរបបអាណានិគមនិយមចេញនោះ លើកបន្តុបឲ្យធ្វើជាអគ្គលេខាធិការ គឺថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជនកម្ពុជា តាំងពីថ្ងៃ​កំណើត​គណបក្សនេះ ក្នុងឆ្នាំ ១៩៥១។

«បង្កើតរហស្សនាម ដើម្បីនយោបាយត្រួតត្រាកម្ពុជា»

លោក សរសេរបន្តថា៖ «ដោយគេមិនចង់ប្រើឈ្មោះ ហ្វាំ វ៉ាន់ហួរ ដែលមានសំនៀងដូចយួនពេក ក៏គេឲ្យ ហ្វាំ វ៉ាន់ហួរ នេះប្រើរហស្សនាម សឺង ង៉ុកមិញ (...) ពីព្រោះស្រដៀងឈ្មោះ សឺង ង៉ុកថាញ់ ហើយគេអាចបំភ័ន្តប្រជាពលរដ្ឋខ្មែរថា សឺង ង៉ុកមិញ ជាប្អូនបង្កើតរបស់ សឺង ង៉ុកថាញ់ ដែលជាអ្នកស្នេហាជាតិខ្មែរសុទ្ធសាធ និងពិតប្រាកដ នៅពេលជាមួយគ្នានោះ។ តាមការពិត សឺង ង៉ុកមិញ គ្មានពាក់ព័ន្ធអ្វីទាល់តែសោះ ជាមួយ សឺង ង៉ុកថាញ់ ដែលប្រជារាស្ត្រខ្មែរស្រលាញ់ និងគោរព នៅពេលនោះ។ តែឈ្មោះ សឺង ង៉ុកមិញ នេះ ក៏រំលឹកពីចលនាយួនកុម្មុយនីស្តយៀកមិញ និងមេដឹកនាំរបស់គេ ដែលមានឈ្មោះ ហូ ជីមិញ។»។

អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួន នៅឯបរទេស បានអះអាងបន្ថែមថា៖ «ហ្វាំ វ៉ាន់ហួរ ហៅ សឺង ង៉ុកមិញ មានរហស្សនាមមួយទៀត គឺ អាចារ្យមៀន តែជាអាចារ្យក្លែងក្លាយទេ។ យួនកុម្មុយនីស្ត ឲ្យហ័ស្សនាមគាត់ អាចារ្យមៀន នេះ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ ប្រដូចដោយភ័ន្តច្រឡំ សឺង ង៉ុកមិញ ទៅនឹងអាចារ្យ ហែម ចៀវ ដែលជាអាចារ្យពិតប្រាកដ ហើយជាអ្នកស្នេហាជាតិខ្មែរពិតប្រាកដ ក្រោមអាណានិគមនិយមបារាំង ក្នុងដើមទសវត្សរ៍ឆ្នាំ ១៩៤០។»។

បន្ទាប់ពីអះអាង ទាក់ទងនឹងសេចក្ដីសន្និដ្ឋាន របស់ប្រវត្តិវិទូឯករាជ្យជាច្រើន ដែលថា «គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលយួនបង្កើត យួនបង្កប់ យួនបង្គាប់»នោះរួច លោក សម រង្ស៊ី បានបន្តរៀបរាប់ថា៖ «សឺង ង៉ុកមិញ គ្រាន់តែជាអាយ៉ងរបស់យួនកុម្មុយនីស្តតែប៉ុណ្ណោះ ហើយគាត់មានចរិកជាជនក្បត់ជាតិ ពីព្រោះគាត់បានបម្រើ ផលប្រយោជន៍យួនកុម្មុយនីស្តទាំងស្រុង ដោយមិនដែលមានចិត្តគំនិត ការពារផលប្រយោជន៍ខ្មែរ សូម្បីតែបន្តិចក៏គ្មានដែរ។ គាត់បានធ្វើអ្វីៗ តាមបញ្ជាយួនកុម្មុយនីស្តទាំងស្រុង។»។

អតីតប្រធានគណបក្សសង្គ្រោះជាតិ បានពន្យល់ថា៖ «ពីឆ្នាំ ១៩៥១ ដល់ឆ្នាំ ១៩៥៤ គាត់ឲ្យកងទ័ពយួនកុម្មុយនីស្តយៀកមិញ ប្រើឈ្មោះគណបក្សប្រជាជនកម្ពុជា ដើម្បីវាយប្រហារកងកម្លាំងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ។ គាត់យល់ស្រប ឲ្យចលនាយួនកុម្មុយនីស្ត​យៀកមិញ រៀបចំផែនការបំបែកប្រទេសកម្ពុជា ជាពីរផ្នែក មួយផ្នែកឲ្យទៅរាជរដ្ឋាភិបាលកម្ពុជា ហើយមួយផ្នែកទៀត ឲ្យយួនកុម្មុយនីស្តជាអ្នកគ្រប់គ្រង ក្រោមស្លាក គណបក្សប្រជាជនកម្ពុជា។ គាត់គាំទ្រ ឲ្យកងទ័ពយួនកុម្មុយនីស្តយៀកមិញ មកវាយលុកប្រទេសកម្ពុជា ក្រោមលេសថាមកជួយខ្មែរ ដេញអាណានិគមនិយម​បារាំង។»។

តែផែនការ នៃការបំបែកទឹកដីកម្ពុជាខាងលើនេះ មិនទទួលបានជោគជ័យនោះទេ។ នេះបើតាមការពន្យល់បន្តបន្ទាប់ នៃសំណេររបស់មេដឹកនាំប្រឆាំង។ លោក សម រង្ស៊ី បានសរសរថា៖ «ក្នុងឱកាសសន្និសីទអន្តរជាតិ ស្តីពីឥណ្ឌូចិន ដែលបានរៀបចំឡើង នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងខែកក្កដា ឆ្នាំ ១៩៥៤ ទោះជាគណៈប្រតិភូវៀតណាមខាងជើង គឺយួនកុម្មុយនីស្ត ទទូចយ៉ាងណាឲ្យអាយ៉ងរបស់គេ គឺគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សឺង ង៉ុកមិញ ចូលរួមផងដែរ (...) ក៏សំណើរបស់វៀតណាមខាងជើងនេះ ទទួលបរាជ័យ ដោយសារមហាអំណាចទាំងអស់ តម្រូវឲ្យប្រទេសកម្ពុជា មានគណៈប្រតិភូតែមួយគត់ គឺគណៈប្រតិភូចាត់តាំងដោយ សម្តេចព្រះនរោត្តម សីហនុ»។

មេដឹកនាំប្រឆាំងដ៏មានសក្ដានុពល បានបញ្ជាក់ថា៖ «ចំពោះប្រទេសវៀតណាម មានគណៈប្រតិភូរហូតដល់ទៅ ២ គឺវៀតណាមកុម្មុយនីស្ត និងវៀតណាមសេរី ហើយមហាអំណាចធំៗទាំងអស់ មានសហរដ្ឋអាមេរិក សហភាពសូវៀត និងចិនប្រជាមានិត បានសម្រេចបែងចែក ប្រទេសវៀតណាមជាពីរ គឺវៀតណាមខាងជើង ឲ្យទៅកម្លាំងកុម្មុយនីស្ត ជាអ្នកគ្រប់គ្រង និងវៀតណាមខាងត្បូង ឲ្យទៅកម្លាំងសេរីជាអ្នកគ្រប់គ្រង។ សំណើយួនកុម្មុយនីស្ត ឲ្យបែងចែកប្រទេសកម្ពុជា ជាពីរផ្នែក ដូចប្រទេសវៀតណាមដែរ ត្រូវទទួលបរាជ័យ ដោយសារតែគណៈប្រតិភូ ប្រទេសកម្ពុជា ក្នុងនោះមានលោក ញឹក ជូឡុង និងលោក សម សារី បានការពារឯកភាពជាតិ បូរណភាពទឹកដី និងផលប្រយោជន៍ជាតិខ្មែរ យ៉ាងស្វិតស្វាញ។»។

«អាជនក្បត់ជាតិ...»

ការពន្យល់ ឬការបើកកកាយឡើងវិញ ពីប្រវត្តិសាស្ត្រ«ទំនើប» របស់ប្រទេសកម្ពុជា ជាពិសេសប្រវត្តដ៏រសើប ទាក់ទងនឹងគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ត្រូវបានបុរសខ្លាំងកម្ពុជាប្រតិកម្មខ្លាំងៗម្ដងហើយ កាលពីចុងខែកន្លងទៅ។ លោក ហ៊ុន សែន ដែលនៅអង្គុយក្នុងតំណែង ជានាយករដ្ឋមន្ត្រី តាំងពីជាង៣ទសវត្សន៍មកនោះ បានប្រតិកម្មទៅនឹង​ការបកស្រាយ​ទាំង​នោះ ថាគ្មាននរណាម្នាក់ផ្សេង រួមទាំងលោក សម រង្ស៊ី ផង អាចមានសិទ្ធិសរសេរប្រវត្តិសាស្ត្រ ជំនួសលោក និងគណបក្សរបស់លោក ដែលជាអ្នកឈ្នះនោះបានឡើយ។ លោកថែមទាំងអះអាងថា រូបលោក និងគណបក្សប្រជាជនកម្ពុជា ចាំបាច់ត្រូវ«ឈ្នះ»​ជានិរន្តរ ដើម្បីសរសេរប្រវត្តិសាស្ត្ររបស់ប្រទេស​កម្ពុជា ទៅតាមអ្វី ដែលលោកហៅថា ដើម្បីការពារគណបក្សរបស់លោក ការពាររបបរាជានិយម និងព្រះមហាក្សត្រ។

លោកនាយករដ្ឋមន្ត្រី​បានយកឧទាហរណ៍ ក្នុងសម័យសង្គមរាស្ត្រនិយម មកពន្យល់ថា៖ «រយៈពេលពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០ អ្នកសរសេរប្រវត្តិសាស្ត្រ គឺសង្គមរាស្ត្រនិយម។ ពេលនោះ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះអង្គគឺជាព្រះបីតាជាតិ។ ប៉ុន្តែខុសត្រូវ តែមួយថ្ងៃប៉ុណ្ណោះ ថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ លុន ណុល ធ្វើរដ្ឋប្រហារបានសម្រេច គេក្លាយជាអ្នកឈ្នះ។ គេក៏ចាប់ផ្ដើមសរសេរប្រវត្តិសាស្ត្រភ្លាម ថាសម្ដេចព្រះ នរោត្ដម សីហនុ គឺជាជនក្បត់ជាតិ ហើយ លុន ណុល គឺជាអ្នកស្នេហាជាតិ។»។

» អត្ថបទទាក់ទង៖ ហ៊ុន សែន ថាប្រវត្តិសាស្ត្រ​មិន​មែន​«អា​ជន​ក្បត់​ជាតិ សម សារី»​ជា​អ្នក​សរសេរ!

លោក ហ៊ុន សែន បានមានប្រសាសន៍​ថា៖ «ចំណុចទាំងនេះ ចង្អុលបង្ហាញឲ្យឃើញថា មានតែអ្នកឈ្នះទេ ទើបមានសិទ្ធិសរសេរប្រវត្តិសាស្ត្រ បើសិនទុកឲ្យអ្នកដទៃ ទទួលជោគជ័យនេះ ច្បាស់ជាអាជនក្បត់ជាតិ សម សារី ស៊ឺង ងុកថាញ់ សឹម វ៉ា វានឹងក្លាយជារដ្ឋបុរស ជាវីរបុរសជាតិ ហើយសម្ដេចព្រះ នរោត្ដម សីហនុ ដែលជាព្រះបីតាជាតិរបស់យើងទាំងអស់គ្នា នឹងក្លាយទៅជាជនក្បត់ជាតិសារជាថ្មីម្ដងទៀត»។

ឯកសារផ្សេងទៀត...

យ៉ាងណាក៏ដោយ ក៏ឯកសារជាច្រើន របស់អ្នកនិពន្ធឯករាជ្យនៅឯបរទេស បានពន្យល់រក្សាទុក ពីប្រវត្តិដ៏អាថ៌កំបាំង របស់គណបក្សប្រជាជនកម្ពុជា ដែលមានលក្ខណៈប្រហាក់ប្រហែល នឹងការលើកឡើងរបស់លោក សម រង្ស៊ី ដែរ។ តែក៏មានឯកសារខ្លះទៀត បានរៀបរាប់ផ្ទុយ (ឬលំអិតជាង) ពីការលើកឡើងរបស់លោក សម រង្ស៊ី ដែលច្បិចយកតែគោលសំខាន់ៗ មកបកស្រាយ។

ដូចយ៉ាងឈ្មោះ «អាចារ្យមៀន» របស់លោក ហ្វាំ វ៉ាន់ហួរ ត្រូវបាន សៀវភៅ «The Killing of Cambodia: Geography, Genocide and the Unmaking of Space» របស់អ្នកស្រាវជ្រាវ «James A. Tyner» ចេញផ្សាយនៅឆ្នាំ២០០៨ ពន្យល់ថា ជារហស្សនាម តាំងពីមុនលោក ហ្វាំ វ៉ាន់ហួរ ចេញធ្វើបដិវត្តន៍ម្លេះ។ សៀវភៅបានបញ្ជាក់ថា លោក ហ្វាំ វ៉ាន់ហួរ ដែលកើតក្នុងឆ្នាំ១៩២០ នៅខេត្តព្រះត្រពាំង (ឬខេត្តត្រាវិញ តាមភាសាវៀតណាម) នៃទឹកដីកម្ពុជាក្រោម ពីម្ដាយជាតិយួន និងឪពុកជាតិខ្មែរ បានប្រកបរបបជា«អាចារ្យ» ហៅ«អាចារ្យមៀន» នៅមុនលោកត្រូវបានជ្រើសតាំង ក្នុងឆ្នាំ១៩៤៦ ដោយក្រុមកុម្មុយនីស្ដវៀតណាម ឲ្យឡើងមកដឹកនាំចលនាថ្មីមួយ ហៅ«គណៈកម្មាធិការរំដោះប្រជាជនកម្ពុជា» បង្កើតឡើងក្នុងខេត្តបាត់ដំបង ភាគខាងជើងប្រទេសកម្ពុជា ជាមួយរហស្សនាមថ្មី ហៅ«សឹង ង៉ុកមិញ»។

ឯកសារដដែល បានរៀបរាប់ទៀតថា នៅឆ្នាំ ១៩៥០ លោក ហ្វាំ វ៉ាន់ហួរ បានទាមទារឯករាជ្យ សម្រាប់ប្រទេសកម្ពុជា ពីអាណានិគមនិយមបារាំង នៅ​ខណៈ​ពេលដែល ចលនាខ្មែរឥស្សរៈ (រួមទាំងចលនារបស់លោកផង) បានគ្រប់គ្រង់ទឹកដី ដែលវាយដណ្ដើមបានពីបារាំង ត្រឹមតែ១ភាគ៣ប៉ុណ្ណោះ។ លោក ហ្វាំ វ៉ាន់ហួរ បានរួមជាមួយលោក ទូ សាមុត ដើម្បីបង្កើតគណបក្សប្រជាជនបដិវត្តន៍កម្ពុជា នៅឆ្នាំ១៩៥១ ដែលក្រោយមកបានក្លាយជា គណបក្សកុម្មុយនីស្ដកម្ពុជា និងជាបិតា របស់ចលនាខ្មែរក្រហម ក្នុងពេលបន្ទាប់មកទៀត។

នៅពេលកម្ពុជាទទួលបានឯករាជ្យ ពីបារាំង ហើយសង្គ្រាមនៅឥណ្ឌូចិន ត្រូវបានបញ្ចប់រួចជាស្ថាពរនោះ លោក ហ្វាំ វ៉ាន់ហួរ និងមេដឹកនាំខ្មែរឥស្សរៈ ស្និតនឹងវៀតណាមជាច្រើននាក់ បានចាកចេញពីកម្ពុជា និងបានរត់​ទៅជ្រកកោន នៅក្នុងតំបន់​ភាគខាងជើង នៃប្រទេសវៀតណាម។

ចំណែកឯសៀវភៅ «How Pol Pot came to power,» របស់អ្នកស្រាវជ្រាវ «Ben Kiernan» ចេញផ្សាយក្នុងឆ្នាំ ២០០៤ បានសរសេររៀបរាប់ដែរថា លោក ហ្វាំ វ៉ាន់ហួរ ដែលមានរហស្សនាម សឹង ង៉ុកមិញ បានដើរតាមខ្សែញ៉ាក់ របស់របបកុម្មុយនីស្ដ ក្រុងហាណូយ ហើយបានបញ្ជាពីប្រទេសវៀតណាម មកកាន់​ចលនាកុម្មុនីស្ដ នៅក្នុងប្រទេសកម្ពុជា រហូតដល់ដង្ហើមចុងក្រោយ នៃជីវិតរបស់លោក។ លោក ហ្វាំ បានស្លាប់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៧២ ដោយអាការៈ«លើសឈាម» នៅក្នុងមន្ទីរពេទ្យមួយ ក្នុងរដ្ឋធានីប៉េកាំង (ការចេញទៅព្យាបាលនៅទីនោះ ធ្វើឡើងតាមការស្នើសុំ របស់លោក អៀង សារី ដែលជាជនកុម្មុយនីស្ដខ្មែរ​ មានទំនាក់ទំនងស្និត ជាមួយក្រុងប៉េកាំង)។

សៀវភៅនោះ បានសរសេរទៀតថា ក្រោយមរណភាពរបស់លោក ហ្វាំ វ៉ាន់ហួរ ឥទ្ធិពលរបស់ក្រុងហាណូយ ទៅលើចលនាកុម្មុយនីស្ដកម្ពុជា (ឬហៅថា ខ្មែរក្រហម) បានថយចុះ និងធ្វើឲ្យចលនានេះ ធ្លាក់ទាំងស្រុង ទៅក្រោមការគ្រប់គ្រង របស់លោក សាឡុត ស ហៅ «ប៉ុលពត»។ ផ្ទុយពីក្រុមខ្មែរក្រហម ដែលមិនរំលឹកឡើងវិញ ពីឈ្មោះលោក ហ្វាំង វ៉ាន់ហួរ អតីតមេដឹកនាំដំបូងរបស់ចលានខ្លួននោះ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលត្រូវបានបង្កើតឡើង ក្រោយការវាយលុកឈ្លានពាន ចូលប្រទេសកម្ពុជា ពីសំណាក់កងទ័ពវៀតណាម នៅចុងឆ្នាំ១៩៧៨ និងដើមឆ្នាំ១៩៧៩នោះ បានយកឈ្មោះលោក សឺង ង៉ុកមិញ ហៅ«អាចារ្យមៀន» និង«វីរភាព»របស់លោក មកគោរពដឹងគុណ យ៉ាងខ្លាំងក្លា៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់