ង្វៀង ហ៊្វូជុង មក​កម្ពុជា​​ជជែក​​រឿង​​«ព្រំដែន​និង​និគម​ជន​យួន»

ក្នុងរបៀបវារៈផ្លូវការ ដែលចេញផ្សាយដំបូង គេមិនឃើញមានការលើកឡើង ពីបញ្ហា«ព្រំដែន» និងបញ្ហា​«និគម​ជន​វៀតណាម» ដូចក្នុងក្នុងចំណុចទី ៨ និងទី ៩ នៃសេចក្ដីប្រកាសរួម នៃដំណើរទស្សនកិច្ច«ផ្លូវរដ្ឋ» របស់លោក ង្វៀង ហ៊្វូជុង (Nguyen Phu Trong) អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាម នៅកម្ពុជាទេ។ ផ្ទុយទៅវិញ ទីភ្នាក់ងារព័ត៌មានវៀតណាម បែរបានសរសេរ រៀបរាប់ជាច្រើនដង​ ពីបញ្ហា«ព្រំដែន» សឹងតែនៅគ្រប់អត្ថបទចេញផ្សាយ របស់ផងខ្លួន តាំងពីមុនដំណើរមកដល់ របស់លោក ង្វៀង ហ៊្វូជុង។
ង្វៀង ហ៊្វូជុង មក​កម្ពុជា​​ជជែក​​រឿង​​«ព្រំដែន​និង​និគម​ជន​យួន»
ពីឆ្វេងមកស្ដាំ៖ លោក ង្វៀង ហ៊្វូជុង អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)

របៀបវារៈផ្លូវការ ទាក់ទងនឹងបញ្ហាព្រំដែន ឬបញ្ហា«និគមជនវៀតណាម នៅកម្ពុជា» មិនត្រូវបាន​ប្រទេសកម្ពុជា​ប្រកាស តាំងពីដំបូងមកទេ។ ផ្ទុយទៅវិញ ជារៀងរាល់ ការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់វៀតណាម ហៅកាត់ថា «VNA» តាំងពីមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក ង្វៀង ហ៊្វូជុង (Nguyen Phu Trong) អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាម មកកាន់ប្រទេសកម្ពុជា មិនបានភ្លេចរំលឹក លើកមកសរសេរ នូវបញ្ហាព្រំដែន និងការបោះបង្គោលព្រំដែន ដែលប្រទេសទាំងពីរ​សម្រេចធ្វើបាន ៨៤ភាគរយនោះឡើយ។

ដោយឡែក សម្រាប់ប្រទេសកម្ពុជាវិញ គេត្រូវរង់ចាំរហូតដល់ សេចក្ដីថ្លែងការណ៍​រួម ស្ដីពី«ការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម» ត្រូវបានភាគី​ទាំងសងខាង ចុះហត្ថលេខារួចជាស្ថាពរ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ទើបគេអាចដឹងថា តើខ្លឹមសារនៃការជួបជជែក រវាងមេដឹកនាំកុម្មុយនីស និងមេដឹកនាំកម្ពុជា ត្រូវបានធ្វើឡើងតាមរបៀបណា ជាពិសេសបញ្ហា ដែលទាក់ទងនឹង«ព្រំដែន» និង«និគមជនវៀតណាម នៅកម្ពុជា» ។

នៅក្នុងចំណុច ទី៨ នៃសេចក្ដីថ្លែងការណ៍រួមនោះ មានសរសេរ តាមការដកស្រង់​សេចក្ដីដើមទាំងស្រុង ដូចតទៅ៖

រីឯនៅក្នុងចំណុច ទី៩ នៃសេចក្ដីថ្លែងការណ៍រួមដដែល មានសរសេរ តាមការដកស្រង់សេចក្ដីដើមទាំងស្រុង បន្តទៀតថា៖

នៅក្នុងរយៈពេល៣ថ្ងៃ នៃដំណើរទស្សនកិច្ច នៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ លោក ង្វៀង ហ៊្វូជុង បានចួលក្រាបបង្គំ និងជួបមេដឹកនាំកម្ពុជាជាច្រើនអង្គ និងនាក់។ ការចុះហត្ថលេខា ទៅលើ​សេចក្ដីប្រកាសរួមខាងលើ រួមជាមួយនឹងឯកសារផ្លូវការ ជាច្រើនទៀត ត្រូវបានធ្វើឡើង ដោយមន្ត្រីរដ្ឋាភិបាល មកពីប្រទេសទាំងពីរ ក្រោមវត្តមានជាសក្ខីភាព របស់លោក ង្វៀង ហ៊្វូជុង និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧។

នៅសឹងគ្រប់អត្ថបទ របស់ទីភ្នាក់ងារព័ត៌មានវៀតណាម «VNA» វិញ ដែលចេញផ្សាយ តាំងពីមុនដំណើរមកដល់ របស់លោក ង្វៀង ហ៊្វូជុង បានសរសេរនូវឃ្លាឃ្លោង ប្រហាក់ប្រហែលគ្នា (អាចជាឃ្លាឃ្លោងតែមួយ) ដូចទៅនឹង សេចក្ដីថ្លែងការណ៍ខាងលើដែរ។ អត្ថបទ ដែលសរសេរជាភាសាបារាំងនោះ មានសេចក្ដីជាអាទិ៍ថា៖ «ប្រទេសវៀតណាម និងកម្ពុជា សម្រេចបាន ៨៤ភាគរយ នូវការកំណត់ និងការបោះ(ដាំ)បង្គោល ព្រំដែនគោករួម។ ភាគីទាំងពីរ បានបង្ហាញ​ពីការប្ដេជ្ញាចិត្ត ក្នុងការដោះស្រាយបញ្ចប់ នូវបញ្ហាព្រំដែន ដែលនៅសេសសល់ ដើម្បីបញ្ចប់ការងារ និងកិច្ចការចុងក្រោយ ក្នុងសំនុំរឿង នៃការកំណត់ខ័ណ្ឌសីមាព្រំដែន និងការបោះបង្គោលព្រំដែន ឲ្យបានឆាប់រហ័ស សំដៅធ្វើឲ្យព្រំដែនរួម វៀតណាម-កម្ពុជា ក្លាយជាព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ប្រកបដោយចិរភាព។»

អត្ថបទ «VNA» ជាភាសាបារាំង មានសេចក្ដីដូចតទៅ៖ «Les deux pays ont achevé plus de 84% du volume des travaux de délimitation et de bornage de la frontière terrestre commune. Ils sont déterminés à régler définitivement les sections frontalières restantes pour achever ces travaux et mettre la dernière main aux dossiers de délimitation et de bornage frontaliers dans le meilleur délai en vue de faire de la frontalière vietnamo-cambodgienne une frontière de paix, de stabilité, d’amitié, de coopération et de développement durable.»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់