ហ៊ុន សែន កំណត់​​ថ្ងៃ​ទិវា​​ដាក់​បញ្ចូល​ប្រាសាទ​ខ្មែរ​ជា​បេតិកភណ្ឌ​ពិភពលោក ចំ​ថ្ងៃ​ធ្វើឃាត កែម ឡី

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសកំណត់យក ថ្ងៃទី១០ ខែកក្កដា ជាទិវាចងចាំនៃការដាក់បញ្ចូលប្រាសាទបុរាណនានា របស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានសង្ស័យថា ការកំណត់នេះ ទំនងជាចង់បង្វែព្រឹត្តិការណ៍ នៃការបាញ់សម្លាប់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម កាលពីជាងមួយឆ្នាំមុន កុំឲ្យពលរដ្ឋយកចិត្តទុកដាក់ បន្តទៅទៀត។
ហ៊ុន សែន កំណត់​​ថ្ងៃ​ទិវា​​ដាក់​បញ្ចូល​ប្រាសាទ​ខ្មែរ​ជា​បេតិកភណ្ឌ​ពិភពលោក ចំ​ថ្ងៃ​ធ្វើឃាត កែម ឡី
សាកសពលោក កែម ឡី បន្ទាប់ពីត្រូវបានឃាតករបាញ់សម្លាប់ នៅក្នុងហាងលក់ទំនិញ ស្ដាម៉ាត នៃស្ថានីយប្រេងឥន្ទនៈ កាល់តិច បូកគោ កណ្ដាលរាជធានីភ្នំពេញ។ (រូបថតលើហ្វេសប៊ុក)

«អនុញ្ញាតឲ្យខ្ញុំ យកឱកាសនេះ ដើម្បីប្រកាសថា យើងនឹងយកថ្ងៃទី១០ ខែកក្កដា ជារៀងរាល់ឆ្នាំ ដើម្បីធ្វើជាទិវានៃការចងចាំ ក្នុងការដាក់បញ្ជូលសំបូរព្រៃគុក ទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក» ប្រមុខរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន បានប្រកាសដូច្នេះ ក្នុងពិធីអបអរសាទរ ការដាក់បញ្ចូល “តំបន់ប្រាសាទសំបូរព្រៃគុក” ទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលប្រារព្ធធ្វើ នៅពហុកីឡាដ្ឋានជាតិ​អូឡាំពិក កាលពីល្ងាច ថ្ងៃចន្ច ទី១៧ ខែកក្កដា ឆ្នាំ២០១៧ ម្សិលម៉ិញ។

តើនៅថ្ងៃទី១០ ខែកក្កដា មានរឿងកើតឡើងសំខាន់ សម្រាប់ប្រទេសកម្ពុជា រហូតដល់ថ្នាក់ តម្រូវឲ្យលោក ហ៊ុន សែន សម្រេចឡើង​យ៉ាងដូច្នេះ? 

បើតាមសំដីរបស់បុរសខ្លាំងកម្ពុជា ការជ្រើសរើសយកថ្ងៃទី១០ ខែកក្កដា បានភ្ជាប់ព្រឹត្តិការណ៍សំខាន់ តែ«មួយ»​គត់។ នោះគឺជាថ្ងៃ ដែលលោកបានបញ្ជា ទៅបណ្ដាពលរដ្ឋនៅគ្រប់ខេត្តក្រុងនានា ឲ្យធ្វើការទូងស្គ គោះត្រឡោក គោះប៉ោត... ដើម្បីជាសញ្ញានៃការអបអរសាទរ ព្រឹត្តិការណ៍នៃការដាក់បញ្ចូល តំបន់ប្រាសាទសំបូរព្រៃគុក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

បញ្ជាចេញមក​តែមួយ តែវាសនាខុសគ្នា...

លោក ហ៊ុន សែន បានមានប្រសាសន៍ ពន្យល់ថា៖ «ប្រាសាទព្រះវិហារ [ត្រូវ]បានដាក់ចូល នៅ[ក្នុង]បញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃ០៧ ខែកក្កដា ឆ្នាំ២០០៨ បន្ទាប់ពីប្រាសាទអង្គរវត្ត ដែលត្រូវបានដាក់បញ្ជូល ទៅក្នុងបញ្ជីបេតិកភណ្ឌពិភលោក នៅឆ្នាំ១៩៩២។ (...) ឯតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូល នៅថ្ងៃទិ៨ ខែកក្កដា [ឆ្នាំ២០១៧] ហើយ សាររបស់ខ្ញុំ ត្រូវបានចេញ នៅថ្ងៃទី៩ [ខែកក្កដា ឆ្នាំ២០១៧] ឲ្យកំណត់យកម៉ោង១០ ថ្ងៃ១០ ខែកក្កដា ធ្វើការអបអរសាទរ តាមរយៈធ្វើសកម្មភាពរួប របស់ប្រជាជាតិទាំងមូល។»។

ផ្ទុយទៅវិញ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០៨ ដែលរដ្ឋាភិបាលរបស់លោក បានបញ្ជា«ដូចគ្នា» ឲ្យមានការទូងស្គ គោះត្រឡោក គោះប៉ោត... ដើម្បីអបអរសាទរ​ព្រឹត្តិការណ៍ ដាក់បញ្ចូលប្រាសាទព្រះវិហារ ទៅជាសម្បត្តិបេតិភណ្ឌ​ពិភលោក កាលពីឆ្នាំ២០០៨នោះ គ្រាន់តែជាផ្នែកមួយ នៃការពន្យល់របស់លោក ហ៊ុន សែន ប៉ុណ្ណោះ និងមិនមានវាសនា ត្រូវបានចាត់ទុក ជាថ្ងៃ«ទិវាចងចាំ» ដូចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ថ្មីៗនេះទេ។

ដោយឡែក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ គឺជាថ្ងៃខួបមួយឆ្នាំ នៃការបាញ់សម្លាប់យ៉ាងសាហាវព្រៃផ្សៃ នៅកណ្ដាលរាជធានីភ្នំពេញ ទៅលើលោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងជាអ្នកធ្វើអត្ថាធិប្បាយនយោបាយ ដ៏ល្បីឈ្មោះមួយរូប។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នោះ មនុស្សជាច្រើន ទាំងនៅក្នុង និងក្រៅប្រទេស បាននាំគ្នាប្រារព្ធធ្វើពិធីបុណ្យ «ខួប១ឆ្នាំ» ដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខ័ន្ធ របស់លោក កែម ឡី ដែលត្រូវបានឃាតករឈាមត្រជាក់ បាញ់សម្លាប់កាលពីមួយឆ្នាំមុន នៅវេលាម៉ោងប្រមាណជាង ៩ព្រឹក ក្នុងហាងលក់ទំនិញ ស្ដាម៉ាត នៃស្ថានីយចាក់ប្រេង កាលតិច បូកគោ។

ព្រឹត្តិការណ៍ដោះដូរបញ្ហា...

យ៉ាងហោចណាស់ ព្រះសង្ឃ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ និងធ្លាប់ជិតដិត ជាមួយលោក កែម ឡី បានដាក់ការសង្ស័យថា ការកំណត់របស់លោក ហ៊ុន សែន យកថ្ងៃទី១០ ខែកក្កដា ជាទិវាចងចាំការដាក់បញ្ចូលប្រាសាទខ្មែរ ទៅជាសម្បត្តិបេតិកភណ្ឌពិភលោក អាចជាព្រឹត្តិការណ៍ ដោះដូរបញ្ហា ឬហៅម្យ៉ាងទៀតថា ជាការបង្វែងព្រឹត្តិការណ៍។ ព្រះតេជគុណ បានស្នើឲ្យពលរដ្ឋ ដែលស្រឡាញ់ និងគោរពលោក កែម ឡី ឲ្យធ្វើការសម្រេចចិត្ត ក្នុងរឿងនេះ ជាជាងបង្វែចំណាប់អារម្មណ៍ ទៅតាមព្រឹត្តិការណ៍ថ្មីណាមួយនោះ។

ផ្ដល់បទ​សម្ភាស​ទៅឲ្យវិទ្យុអាស៊ីសេរី កាលពីយប់ម្សិលម៉ិញ ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានមានថេរដីកាថា៖ «សូមញាតិញោម មេត្តាស្វែងយល់​អញ្ចេះទៅវិញ បើញោមស្រឡាញ់ លោក កែម ឡី គោរពលោក កែម ឡី ចង់ព្រឹត្តិការណ៍ [ដែលត្រូវបានបង្កើតឡើង] ប៉ុន្មានរយប៉ុន្មានពាន់ ក៏ញោមមិនគាំទ្រ។ គឺថាជំហររបស់ញោម គឺការពារលោក កែម ឡី។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់