រថភ្លើង​បុក​គ្នា​នៅ​អេហ្សីព៖ យ៉ាង​តិច​៣៦នាក់​ស្លាប់ ១២៣​នាក់​របួស

គ្រោះថ្នាក់រថភ្លើងបុកគ្នានេះ បានកើតឡើង នៅត្រង់ជាយក្រុង «Alexandrie» ស្ថិតក្នុងភាគខាងជើង នៃប្រទេសអេហ្សីព។
រថភ្លើង​បុក​គ្នា​នៅ​អេហ្សីព៖ យ៉ាង​តិច​៣៦នាក់​ស្លាប់ ១២៣​នាក់​របួស
ទិដ្ឋភាពគ្រោះថ្នាក់ រថភ្លើងបុកគ្នា ក្នុងភូមិ «Kourchid» ភាគខាងកើត នៃក្រុង «Alexandrie» នៃប្រទេសអេហ្សីព។ (រូបថតលើទ្វីសធើរ)

មនុស្សយ៉ាងតិច៣៦នាក់ បានស្លាប់ និង១២៣នាក់ទៀតរងរបួស នៅក្នុងព្រឹត្តិការណ៍ រថភ្លើងបុកគ្នាមួយ នៅក្បែរក្រុង «Alexandrie» ភាគខាងជើង នៃប្រទេសអេហ្សីព។ នេះ បើតាមតុល្យភាពជាបណ្ដោះអាំសន្ន ដែលផ្ដល់ដោយក្រសួងដឹកជញ្ជូន របស់ប្រទេស នៅប៉ុន្មានម៉ោង ក្រោយពេលកើតហេតុ។

ការបុកគ្នា រវាងរថភ្លើងពីរខ្សែ បានកើតឡើងក្នុងភូមិ «Kourchid» ភាគខាងកើត នៃក្រុង «Alexandrie» ក្នុងរសៀលថ្ងៃទី១១ ខែសីហាម្សិលម៉ិញ។ បើតាមទូរទស្សន៍ជាតិអេហ្សីព បានពន្យល់ថា មូលហេតុនៃការបុកគ្នានេះ ទំនងកើតមកពី​រថភ្លើងមួយខ្សែ បានជួបបញ្ហា និងឈប់នៅនឹងកណ្ដាលផ្លូវដែក ខណៈរថភ្លើងមួយខ្សែផ្សេង បានមកដល់ ដោយមិនបានទទួលសញ្ញាជាមុន ពីវត្តមានរថភ្លើង ដែលឈប់នៅខាងមុខ។

រថយន្ដសង្គ្រោះប្រមាណជា ២៥គ្រឿង ត្រូវបានបញ្ជូនមកជួយជនរងគ្រោះ។ អ្នកដែលរួចរស់ជីវិត ត្រូវបានដាក់ឲ្យសម្រាកជាបណ្ដោះអាសន្ន នៅលើកម្រាលកំណាត់ជាច្រើន នៅតាមបណ្ដោយផ្លូវដែក ខណៈអ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាច្រើន និងផ្សេងៗគ្នា នៅក្នុងក្រុង «Alexandrie»។

ហេតុការណ៍នេះ ជាគ្រោះថ្នាក់លើផ្លូវដែក ដ៏រង្គាលជាងគេបំផុត នៅក្នុងប្រទេសអេហ្សីព។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ការបុកគ្នា រវាងរថភ្លើងមួយខ្សែ និងរថយន្ដក្រុងមួយគ្រឿង នៅក្នុងតំបន់ភាគខាងត្បូង នៃរដ្ឋធានី គែរ (Caire) ក៏បានបង្ក ឲ្យមានវិនាសកម្មខ្លាំងក្លាដែរ។ នាពេលនោះ ជនរងគ្រោះដល់ជីវិត មានចំនួន២៧នាក់៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់