សម រង្ស៊ី៖ ហ៊ុន សែន ធ្វើ​ទង្វើ​«ក្បត់​ជាតិ​៤​យ៉ាង»

នៅថ្ងៃនេះ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលរបបដឹកនាំក្រុងភ្នំពេញ ហៅថាជា«ទណ្ឌិត» និងពេលខ្លះ ជា«កូនអាក្បត់ជាតិ»នោះ បានវាយបកដោយសំដីខ្លាំងៗ ទៅកាន់គូបដិបក្ខនយោបាយរបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយហៅបុរសខ្លាំងរូបនេះ ថាបានធ្វើនូវទង្វើក្បត់ជាតិ ចំនួនបួនយ៉ាង។
សម រង្ស៊ី៖ ហ៊ុន សែន ធ្វើ​ទង្វើ​«ក្បត់​ជាតិ​៤​យ៉ាង»
ខាងមុខបំផុត និងពីឆ្វេងទៅស្ដាំ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info)
  • ដោយ: ដ. កែវ ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 17, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អាន និងបញ្ចេញយោបល់

សង្គ្រាមវោហាស័ព្ទ ដោយផ្លោងសំដី«ថ្លោសៗ»ដាក់គ្នា រវាងអ្នកនយោបាយខ្មែរ មិនបានថមថយកម្លាំងទេ! នៅចំពោះការចោទប្រកាន់ថា«ទណ្ឌិត» ផ្ដន្ទាទោស​ដោយ​តុលាការកម្ពុជា និងពេលខ្លះ ជា«កូនអាក្បត់ជាតិ» នៅថ្ងៃនេះ លោក សម រង្ស៊ី មេដឹកនាំប្រឆាំង ដែលកំពុងនិរទេសខ្លួន នៅឯបរទេស បានពន្យល់បកស្រាយ​មកវិញ ថាតើនរណាពិតប្រាកដា ជាអ្នកមានទោស «ជាជនក្បត់ជាតិ»។

អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគូបដិបក្ខនយោបាយ ប្រកបដោយសក្ដានុពល ទល់នឹងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្ស​ប្រជាជន​កម្ពុជា បានបង្ហោះការបកស្រាយរបស់លោកដូច្នេះ នៅមុននេះបន្តិច លើបណ្ដាញសង្គម និងបានចង្អុលដោយត្រង់ៗថា គឺលោក ហ៊ុន សែន ដែលនៅកាន់អំណាច​​ចាស់វស្សានេះហើយ ជា«ជនក្បត់ជាតិ» ដែលប្រព្រឹត្តិនូវទង្វើក្បត់ជាតិ ចំនួន៤យ៉ាង។

លោក សម  រង្ស៊ី បានពន្យល់ថា «ជនក្បត់ជាតិ ជាអ្នកដែលបានប្រព្រឹត្តិទង្វើណាមួយ» ក្នុងចំណោមទង្វើទាំងបួន ដែលមេដឹកនាំប្រឆាំងរូបនេះ ពន្យល់រៀបរាប់ ក្នុងសេចក្ដីដើមទាំងស្រុង ដូចតទៅ៖ 

«១- បម្រើផលប្រយោជន៍បរទេស ហើយធ្វើឲ្យប្រទេសរបស់ខ្លួន បាត់បង់ឯករាជ្យភាព និងអធិបតេយ្យភាពជាតិ (ដូចជាចំពោះប្រទេស​កម្ពុជា ក្រោយពីឆ្នាំ ១៩៧៩)»
«២- កាត់ទឹកដីប្រទេសរបស់ខ្លួន ឲ្យទៅប្រទេសជិតខាង (ដូចជាករណីទឹកដីប្រទេសកម្ពុជា ដែលត្រូវបាត់បង់ ដោយសារសន្ធិសញ្ញាព្រំដែន ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០)»
«៣- សម្លាប់ប្រជារាស្ត្រខ្លួនឯង ក្នុងទ្រង់ទ្រាយធំ (ដូចជាការអនុវត្តន៍ផែនការ ក៥ ដែលបង្ខំមនុស្សរាប់មុឺននាក់ ឲ្យទៅស្លាប់ ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០
«៤- បំផ្លាញទ្រព្យសម្បត្តិជាតិ ដើម្បីបម្រើផលប្រយោជន៍ខ្លួន គ្រួសារខ្លួន និងបក្ខពួកខ្លួន (ដូចជាការកាប់បំផ្លាញព្រៃឈើ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ)»។

មេដឹកនាំប្រឆាំង បានសរសេរបញ្ជាក់ថា៖ «លោក ហ៊ុន សែន បានប្រព្រឹត្តទង្វើទាំង ៤ ខាងលើនេះ»។ ហើយលោកបានសន្យាថា លោកនឹងត្រឡប់មក«លាតត្រដាង» ពីប្រវត្តរបស់ «សឺង ង៉ុកមិញ (ឈ្មោះដើម Phạm Văn Hua) ហៅអាចារ្យមៀន (អាចារ្យក្លែងក្លាយ) ដែលជាបិតាគណបក្សប្រជាជនកម្ពុជា ហើយដែលជាជនក្បត់ជាតិ មុនគេបង្អស់ ចាប់ពីឆ្នាំ ១៩៥១ ដែលជាឆ្នាំកំណើតរបស់ គណបក្សប្រជាជនកម្ពុជា»។

កាលពីចុងខែកន្លងទៅ លោក ហ៊ុន សែន ដែលនៅអង្គុយក្នុងតំណែង ជានាយករដ្ឋមន្ត្រី តាំងពីជាង៣ទសវត្សន៍មកនោះ បានប្រតិកម្មទៅនឹង​ការបកស្រាយ​ទាំង​ឡាយណា របស់លោក សម រង្ស៊ី ពីប្រវត្តិសាស្ត្រ«ទំនើប» របស់ប្រទេសកម្ពុជា ជាពិសេសប្រវត្តិ​ របស់គណបក្សប្រជាជនកម្ពុជា​របស់លោក ដោយបានអះអាងថា អ្នកសរសេរប្រវត្តិសាស្ត្រ គឺជាអ្នកឈ្នះ ដែលសំដៅដល់រូបលោក គណបក្សរបស់លោក។ លោក ហ៊ុន សែន បានអះអាងថា រូបលោក និងគណបក្សប្រជាជនកម្ពុជា ចាំបាច់ត្រូវ«ឈ្នះ»​ជានិរន្តរ ដើម្បីសរសេរប្រវត្តិសាស្ត្ររបស់ប្រទេស​កម្ពុជា ទៅតាមអ្វី ដែលលោកហៅថា ដើម្បីការពារគណបក្សរបស់លោក ការពាររបបរាជានិយម និងព្រះមហាក្សត្រ។

«អាជនក្បត់ជាតិ...»

លោកនាយករដ្ឋមន្ត្រី​បានយកឧទាហរណ៍ ក្នុងសម័យសង្គមរាស្ត្រនិយម មកពន្យល់ថា៖ «រយៈពេលពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០ អ្នកសរសេរប្រវត្តិសាស្ត្រ គឺសង្គមរាស្ត្រនិយម។ ពេលនោះ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះអង្គគឺជាព្រះបីតាជាតិ។ ប៉ុន្តែខុសត្រូវ តែមួយថ្ងៃប៉ុណ្ណោះ ថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ លុន ណុល ធ្វើរដ្ឋប្រហារបានសម្រេច គេក្លាយជាអ្នកឈ្នះ។ គេក៏ចាប់ផ្ដើមសរសេរប្រវត្តិសាស្ត្រភ្លាម ថាសម្ដេចព្រះ នរោត្ដម សីហនុ គឺជាជនក្បត់ជាតិ ហើយ លុន ណុល គឺជាអ្នកស្នេហាជាតិ។»។

» អត្ថបទទាក់ទង៖ ហ៊ុន សែន ថាប្រវត្តិសាស្ត្រ​មិន​មែន​«អា​ជន​ក្បត់​ជាតិ សម សារី»​ជា​អ្នក​សរសេរ!

លោក ហ៊ុន សែន បានមានប្រសាសន៍​ថា៖ «ចំណុចទាំងនេះ ចង្អុលបង្ហាញឲ្យឃើញថា មានតែអ្នកឈ្នះទេ ទើបមានសិទ្ធិសរសេរប្រវត្តិសាស្ត្រ បើសិនទុកឲ្យអ្នកដទៃ ទទួលជោគជ័យនេះ ច្បាស់ជាអាជនក្បត់ជាតិ សម សារី ស៊ឺង ងុកថាញ់ សឹម វ៉ា វានឹងក្លាយជារដ្ឋបុរស ជាវីរបុរសជាតិ ហើយសម្ដេចព្រះ នរោត្ដម សីហនុ ដែលជាព្រះបីតាជាតិរបស់យើងទាំងអស់គ្នា នឹងក្លាយទៅជាជនក្បត់ជាតិសារជាថ្មីម្ដងទៀត»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់