ហ៊ុន សែន ថា«ទេ» ចំពោះច្បាប់ការពារអតីតនាយករដ្ឋមន្ត្រី

លិខិតចំហររបស់លោក លី ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីច្រើនជំនាន់ ទាក់ទងនឹងសំណើរ ឲ្យមានច្បាប់ការពារនាយករដ្ឋមន្ត្រី ដែលផុតអាណត្តិ បានទទួលចម្លើយជាវិជ្ជមាន ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ដោយហៅសំណើរនេះ ថាគ្រាន់តែ «ជាការស្រមើស្រមៃរបស់ មនុស្សចាស់វង្វេងសតិ តែប៉ុណ្ណោះ គ្មានបានការ» អ្វីឡើយ។
ហ៊ុន សែន ថា«ទេ» ចំពោះច្បាប់ការពារអតីតនាយករដ្ឋមន្ត្រី
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក លឺ ឡាយស្រេង អ្នកនយោបាយជើងចាស់ នៅកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 15, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«លឺ ឡាយស្រេង កុំមកតាំងខ្លួនឯង ជាព្រឹទ្ធាចារ្យ និងជាអ្នកនយោបាយជើងចាស់ស្អី !» នេះ ជាប្រតិកម្មខ្លាំងៗ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា តបទៅនឹងលិខិតចំហរមួយ របស់អតីតឧបនាយករដ្ឋមន្ត្រី មកពីគណបក្សហ្វុនស៊ីនប៉ិច ដែលបានចេញផ្សាយនៅថ្ងៃសៅរិ៍ ទី១៥ ខែកក្កដានេះ ទៅកាន់ប្រធានគណបក្ស ដែលមានអសនៈក្នុងរដ្ឋសភាទាំងពីរ ស្នើឲ្យមានច្បាប់មួយឡើង ដើម្បីការពារនាយករដ្ឋមន្ត្រី ដែលអស់តំណែង។

លិខិតចំហរនោះ ដែលត្រូវបានលោក លី ឡាយស្រេង ធ្វើដាច់ដោយឡែកពីគ្នា ទៅកាន់លោក ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សកាន់អំណាច និងលោក កឹម សុខា ក្នងនាមជាប្រធានគណបក្សប្រឆាំង នៅក្នុងរដ្ឋសភា បានពន្យល់ថា ភាពចាំបាច់នៃច្បាប់ការពារនាយករដ្ឋមន្ត្រី ដែលចាកចេញពីអំណាច គឺដើម្បីបញ្ចៀស​ សង្គ្រាមបង្ហូរឈាមគ្នា រវាងខ្មែរគ្នាឯង។ មន្ត្រីនយោបាយចាស់វស្សា បានសរសេររំលឹកឡើងវិញ ពីសង្គ្រាម ដែល​កើត​ឡើង​ជាច្រើន​ជំនាន់​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ចាប់​តាំង​ពី​ប្រទេស​មហា​អំណាច ​ដ៏ធំ​នៅ​ក្នុង​តំបន់ រហូត​ដល់​ក្លាយ​ ជា​ប្រទេស​តូច​មួយ។

សំណើរច្បាប់ ដែល​លោក លឺ ឡាយស្រេង ចង់​បាន​នោះ ក្រៅ​ពី​ធានា​ការពារ​នាយករដ្ឋ​មន្ត្រី​ ក្រោយ​ចាក​ចេញ ​ពី​តំណែង​ហើយ​នោះ ក៏​បាន​ផ្ដល់​ងារ​ទៅឲ្យអតីតនាយករដ្ឋមន្ត្រីរូបនោះ ជា “វីរៈ​បុរស​ជាតិ”​ផង​ដែរ។

តបទៅនឹងលិខិត«ចំហរ»នេះ លោក ហ៊ុន សែន បានចេញមុខ​មកពីប្រតិកម្ម មុនលោក កឹម សុខា ដោយហៅសំណើរ របស់លោក លី ឡាយស្រេង ថា«ការស្រមើស្រមៃរបស់ មនុស្សចាស់វង្វេងសតិ» និង«គ្មានបានការ»។ ផ្ដល់កិច្ចសម្ភាស ទៅឲ្យសារព័ត៌មានក្នុងស្រុកមួយ បុរសខ្លាំងកម្ពុជា ដែលកាន់អំណាចចាស់វស្សា បានរំលឹកពីប្រវត្តិ ធ្វើនយោបាយ របស់អ្នកនយោបាយ​ចាស់វស្សា​ខាងលើ ថាបានធ្វើនយោបាយ តាំងពីមានកៅអីក្នុងសភា រហូតដល់អស់កៅអី«រលីង» ហើយមកតាំងខ្លួន ជាអ្នកចេះដឹង រឿងនយោបាយអីទៀត។

ដោយភ្ជាប់លោក លី ឡាយស្រេង ទៅនឹងទំនាក់ទំនង ជាមួយគណបក្សប្រឆាំង «រហូតមក»នោះ លោក ហ៊ុន សែន បានបញ្ជាក់ឡើងថា៖ «សំណើរចង់ឲ្យមានច្បាប់ការពារនាយករដ្ឋមន្រ្តី ដ៏ស្មោកគ្រោកបែបនេះ ខ្ញុំធ្លាប់បានទទួលរួចហើយ កាលពីប៉ុន្មានឆ្នាំមុន។ វាជាការប្រមាថដ៏ធ្ងន់ធ្ងរ ដល់គណបក្សប្រជាជនកម្ពុជា ដែលវាជាការបង្ហាញថា បក្សប្រជាជនកម្ពុជា កំពុងត្រៀមចាញ់ និងបក្សប្រឆាំង កំពុងត្រៀមត្របាក់យកជ័យជំនះ ដូចក្រពើខ្លាត្រៀមត្របាក់ចំណី ខណៈបក្សរបស់ខ្លួន កំពុងចាញ់យ៉ាងពិតប្រាកដ ក្រោមស្នាដៃរបស់របស់បក្សប្រជាជន។»។

លោកនាយករដ្ឋមន្ត្រី បានថ្លែងការច្រានចោលរបស់លោកទៀតថា៖ «ការស្នើចង់បង្កើតច្បាប់នេះ ជាឧបាយកលទុច្ចរិត ឲ្យប្រជាជនមើលឃើញ ដោយច្រឡំថា នាយករដ្ឋមន្ត្រី ដែលកំពុងស្ថិត ក្នុងតំណែងបច្ចុប្បន្ន បាននិងកំពុង ធ្វើខុសអ្វីមួយយ៉ាងធ្ងន់ធ្ងរ ទើបបានជាចង់ឲ្យមានច្បាប់​បែបនេះ ក្នុងពេលដែលគណបក្សប្រជាជនកម្ពុជា បាននិងកំពុងកសាង ស្នាដៃធំៗជាច្រើន ជាប្រវត្តិសាស្ត្រ សម្រាប់មាតុភូមិ ប៉ុន្តែពួកគេរីករាយ នឹងបំផ្លិចបំផ្លាញ កេរ្តិ៍ឈ្មោះជាតិ បង្កការចលាចល ញុះញង់ បំផ្លិចបំផ្លាញសមិទ្ធផលជាតិ ព្យាយាមនាំកម្ពុជា ចូលក្នុងភ្នក់ភ្លើងសង្គ្រាម និងបំផ្លាញការអភិវឌ្ឍប្រទេស»។

លោក ហ៊ុន សែន បានដាក់ការសង្ស័យ ថាមិនមែនជាសកម្មភាព នៃការបង្រួបបង្រួមជាតិឡើយ នូវទង្វើទាំងឡាយ របស់ក្រុមប្រឆាំង ក្នុងពេលកន្លងមក។ ទង្វើទាំងនោះ ត្រូវបានលោករៀបរាប់ថា ដូចជាជាការប៉ុនប៉ង កម្ទេចចោល នូវត្រកូល ហ៊ុន - ការបំផុសឲ្យមានការជេរប្រមាថ ដល់អាយុជីវិតមេដឹកនាំប្រទេស នៅលើបណ្ដាញសង្គម - ការចោទប្រកាន់ទាំងខុស ចំពោះមរណភាព​របស់លោក កែម ឡី ឬការមិនចូលរួម អបអរសាទរ ការឈ្នះមេដាយមាសរបស់កម្ពុជា និងការដាក់តំបន់ប្រាសទសំបូរព្រៃគុក ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​ជាដើម។

នាយករដ្ឋមន្ត្រីបីទសវត្សន៍ របស់កម្ពុជាបានឆ្លើយតប ទៅនឹងទង្វើខាងលើនេះថា៖ «នេះបង្ហាញ ពីការខ្វះមនសិការស្នេហាជាតិ និងស្រឡាញ់វប្បធម៌ របស់គណបក្សប្រឆាំង ផ្ទុយពីអ្វីដែលបក្សរបស់ខ្លួន លើកឡើងថា ជាអ្នកសេ្នហាជាតិ។ ការចង់ឲ្យមានច្បាប់ ការពារនាយករដ្ឋមន្ត្រី អស់ពីតំណែង ចាត់ទុកថា ជាការស្រមើស្រមៃរបស់ មនុស្សចាស់វង្វេងសតិ តែប៉ុណ្ណោះ គ្មានបានការនោះឡើយ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...