រមណីយដ្ឋាន​បូរាណ​បី​កន្លែង (កម្ពុជា ចិន ឥណ្ឌា) ទើប​ក្លាយ​ជា​បេតិកភណ្ឌ​ពិភពលោក

តំបន់រមនីយដ្ឋានបូរាណ ចំនួន៣ នៅលើពិភពលោក ក្នុងនោះមានប្រាសាទសំបូរព្រៃគុប របស់កម្ពុជាផង ត្រូវបានចុះក្នុងបញ្ជីជាបេតិកភ័ណ្ឌពិភពលោក។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលបានជួបប្រជុំលើកទី ៤១ រាប់ចាប់តាំងពីថ្ងៃទី២ ខែកក្កដា ទៅដល់ថ្ងៃទី១២ ខែកក្កដានេះ នៅក្នុងក្រុង «Krakow» នៃប្រទេសប៉ូឡូញ។
រមណីយដ្ឋាន​បូរាណ​បី​កន្លែង (កម្ពុជា ចិន ឥណ្ឌា) ទើប​ក្លាយ​ជា​បេតិកភណ្ឌ​ពិភពលោក
ពីឆ្វេងទៅស្ដាំ៖ ប្រាសាទមួយ នៃតំបន់រមណីយដ្ឋាន សំបូរព្រៃគុក ប្រទេសកម្ពុជា - សំណង់បូរាណជាច្រើន នៃកោះ គូឡាងស៊ូ ប្រទេសចិន និងប្រាសាទមួយ នៃក្រុងបូរាណ «Ahmedabad» ប្រទេសឥណ្ឌា។ (រូបថតឯកសារ)

កិច្ចប្រជុំលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការអ៊ុយណេស្កូ (UNESCO) បានសម្រេចនៅក្នុងរសៀល ថ្ងៃទី៨ ខែកក្កដានេះ (ត្រូវជាវេលាយប់ជ្រៅ ក្នុងថ្ងៃដដែល ម៉ោងនៅកម្ពុជា) ទទួលយកតំបន់រមណីយដ្ឋានបូរាណចំនួន៣ នៅក្នុងពិភពលោក ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌ​ពិភពលោក។ នេះបើតាមការអះអាង របស់សេចក្ដីប្រកាសព័ត៌មាន របស់ស្ថាប័នទទួលបន្ទុកផ្នែកវប្បធម៌ និងការអប់រំ របស់អង្គការសហប្រជាជាតិ នៅយប់ថ្ងៃដដែល ភ្លាមៗ​ក្រោយ​ការ​សម្រេច​នោះ។

តំបន់ទាំងបីនោះ មានតំបន់មួយស្ថិតក្នុងប្រទេសកម្ពុជា គឺរមណីយដ្ឋានប្រាសាទ សំបូរព្រៃគុក ស្ថិតក្នុងខេត្តកំពង់ធំ (កណ្ដាល)​ប្រទេស​កម្ពុជា រួមនឹង​តំបន់រមណីយដ្ឋានបូរាណ​ពីរទៀត របស់ប្រទេសចិន និងប្រទេសឥណ្ឌា។ សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមថា តំបន់​រមណីយដ្ឋាន​បូរាណផ្សេងទៀត នឹងអាចត្រូវបានសម្រេច ឲ្យចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយសារតែកិច្ចប្រជុំរបស់គណៈកម្មាធិការ ត្រូវបានបន្តធ្វើរហូតដល់ថ្ងៃទី១២ ខែកក្កដាខាងមុខនេះ។

ខាងក្រោមនេះ ជាប្រវត្តិសង្ខេប និងរូបថត នៃតំបន់រមណីយដ្ឋានទាំងបី៖

១) រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក ប្រទេសកម្ពុជា

តំបន់រមណីយដ្ឋាននេះ ជាបេះដូងនៃរាជធានី ឦសានបុរៈ របស់ចក្រភព ចេនឡា ដែលបានលាតសន្ធឹង​ឥទ្ធិពលរបស់ខ្លួន នៅចុងសតវត្សន៍ទី៩ រហូតដល់ដើមសតវត្សន៍ទី១២។ រាជធានីបូរណនេះ លាតសន្ធឹងនៅលើផ្ទៃក្រឡា ប្រមាណជា២៥គីឡូម៉ែត្រការ៉េ និងរចនាលំអ ដោយប្រាសាទជាច្រើន ក្នុងនោះប្រាសាទចំនួន១០ ត្រូវបាន​សាង​សង់​ឡើង​នៅកណ្ដាលក្រុង ដែលជាគំរូសំណង់បូរាណ មានតែមួយគត់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ រូបរាងប្រាសាទ និងក្បាច់ក្បូរចម្លាក់ នៅក្នុងតំបន់​រមណីយដ្ឋាននេះ ជាសក្ខីកម្មដ៏សំខាន់ និងដ៏មានតម្លៃ សម្រាប់ស្ថាបត្យកម្ម «មុនសម័យអង្គរ» ដែលក្រុមអ្នកស្រាវជ្រាវហៅថា ជារចនាបថ«សំបូរព្រៃគុក»។

២) រមណីយដ្ឋានកោះ គូឡាងស៊ូ (Kulangsu) នៅមាត់ទន្លេ «Chiu-lung» ប្រទេសចិន

ស្ថិតនៅក្បែរក្រុង «Xiamen» ភាគខាងត្បូងប្រទេសចិន កោះបូរាណ គូឡាងស៊ូ គីជាកោះតូចមួយ នៅមាត់ទន្លេ «Chiu-lung» និងជាអតីត​កំពង់ផែ​ពាណិជ្ជកម្មមួយ នៅក្នុងឆ្នាំ១៨៤៣ មុននឹងកោះបូរាណមួយនេះ ត្រូវបានចាត់ទុកជា ក្រុងកំពង់ផែអន្តរជាតិ នៅក្នុងឆ្នាំ១៩០៣។ កោះដ៏តូចនេះ មិនត្រឹមតែក្លាយ ជាកន្លែង​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម ដ៏សំខាន់ រវាងប្រទេសចិន និងប្រទេសដទៃទៀត នៅលើពិភពលោក​ប៉ុណ្ណោះទេ តែវាក៏បានក្លាយជាកន្លែង សម្រាប់ការធ្វើសមាហរណកម្មវប្បធម៌ ដែលតឹកតាងដ៏មានតម្លៃ តាមរយៈសំណង់អាគារជាច្រើន បានបន្សល់ទុករហូតដល់សព្វថ្ងៃ។

៣) ក្រុងបូរាណ «Ahmedabad» ប្រទេសឥណ្ឌា

ទីក្រុងបូរណ ស្ថិតក្នុងភាគខាងលិច នៃប្រទេសឥណ្ឌាមួយនេះ ត្រូវបានស្ថាបនាឡើង ដោយព្រះចៅ ស៊ុលតង់ «Ahmad Shah» ក្នុងសតវត្សន៍ទី១៥។ ព្រះចៅស៊ុលតង់ បានបន្សល់ទុក នូវស្នាដៃស្ថាបត្យកម្មដ៏មានតម្លៃជាច្រើន សម្រាប់ទីក្រុងដ៏ល្អវិចិត្រ មានដូចជា កំផែង «Badhra» និងព្រះវិហារមូស្លីម និងហិណ្ឌូជាច្រើន។

(រូបថតស្ដីពីតំបន់បេតិកភណ្ឌទាំងបី នឹងត្រូវដាក់ជូននៅក្នុងពេលបន្តិចទៀត)


Loading...

អត្ថបទទាក់ទង


មតិ-យោបល់