អ.ស.ប ស្វាគមន៍​«អស់​ពី​ដួងចិត្ត» ការ​ដោះ​លែង​មន្ត្រី​៥នាក់

ការដោះលែង ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន នូវមន្ត្រីទាំងប្រាំរូប ក្នុងនោះបួនរូបជាមន្ត្រីការពារសិទ្ធិមនុស្ស និងមួយរូប ជាមន្ត្រីគ.ជ.ប ត្រូវបានស្វាគមន៍ ពីសំណាក់ឧត្ដមស្នងការ នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដែលមានទីស្នាក់ការធំ នៅក្រុងហ្សឺណែវ ក្នុងប្រទេសស្វីស។ ស្ថាប័នអន្តរជាតិមួយនេះ ក៏បានស្វាគមន៍ដូចគ្នាដែរ ចំពោះការទម្លាក់ចោល នូវការចោទប្រកាន់ ទៅលើមន្ត្រីរបស់ខ្លួន លោក សឺន សាលី នៅក្នុងសំនុំរឿងដូចគ្នា។
អ.ស.ប ស្វាគមន៍​«អស់​ពី​ដួងចិត្ត» ការ​ដោះ​លែង​មន្ត្រី​៥នាក់
មន្ត្រីទាំងប្រាំរូប ពីឆ្វេងទៅស្ដាំ៖ លោក ណៃ វង់ដា - លោក នី ចរិយា - អ្នកស្រី លឹម មុន្នី -លោក យី សុខសាន្ដ និងលោក នី សុខា។ (រូបថតសហការី)

សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ របស់ឧត្ដមស្នងការ នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានចេញផ្សាយ នៅរសៀលថ្ងៃសុក្រនេះ សំដែងការស្វាគមន៍ «អស់ពីដួងចិត្ត» ចំពោះការដោះលែង ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន នូវមន្ត្រីទាំងប្រាំរូប និងការទម្លាក់ចោល នូវបទចោទប្រកាន់ ទៅលើលោក សឺន សាលី មន្ត្រីនៃការិយាល័យ​ឧត្ដម​ស្នងការ​ នៃអង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ប្រចាំនៅ​កម្ពុជា។

អ្នកនាំពាក្យ នៃស្ថាប័នសិទ្ធិមនុស្សដ៏កំពូល អ្នកស្រី លីហ្ស ស្រូសហ្សែលល៍ (Liz Throssell) បានបញ្ជាក់ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន នោះ​ថា ការដោះលែងឲ្យនៅក្រៅឃុំនេះ ជាការវិវឌ្ឍន៍ជាវិជ្ជមានមួយ។ តែថា ការវិវឌ្ឍន៍នេះ ស្ថិតក្នុងបរិយាកាស ដែលពោរពេញដោយក្ដីកង្វល់ខ្លាំងនៅឡើយ ចំពោះក្រុមសកម្មជនការពារសិទ្ធមនុស្ស និងអង្គការសង្គមស៊ីវិល នៅកម្ពុជា។

មន្ត្រីទាំងប្រាំរូប មានបួនរូប មកពី​សមាគម​អាដហុក​ មាន​អ្នកស្រី លឹម មុន្នី - លោក នី សុខា - លោក យី សុខសាន្ត និងលោក ណៃ វ៉ង់ដា ខណៈមួយរូបទៀត ជា​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា។ អ្នកទាំងប្រាំ ត្រូវ​បាន​ដោះលែង​ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា។ រីឯសំនុំរឿងចោទប្រកាន់ ទៅលើលោក សឺន សាលី វិញ ត្រូវបានដកចេញទាំងស្រុង នៅថ្ងៃដដែលនេះដែរ ខណៈមន្ត្រីរូបនេះ មានអភ័យឯកសិទ្ធិ អ.ស.ប ការពារដោយអនុសញ្ញាអន្តរជាតិ។

«មិន​មាន​ភស្តុតាង​ និង​ហេតុផល​ផ្លូវ​ច្បាប់​គ្រប់គ្រាន់...»

មន្ត្រីសមាគមអាដហុកទាំងបួននាក់ ត្រូវបាន​ចោទ​ប្រកាន់ ពី​បទ​សូកប៉ាន់​សាក្សី​ តាម​មាត្រា​៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌកម្ពុជា។ ​ រីឯអគ្គលេខាធិការរង គ.ជ.ប  ត្រូវបានចោទប្រកាន់ ពី​បទ​សមគំនិត ​ក្នុង​​អំពើ​​សូកប៉ាន់​សាក្សី​ តាម​មាត្រា​២៩​ និង​ មាត្រា​ ៥៤៨​ នៃច្បាប់ដដែល។ បទចោទប្រកាន់ទាំងនេះ ត្រូវបានធ្វើឡើង ដោយអង្គការប្រឆាំងអំពើពុករលួយ (សេនាធិការរបស់រដ្ឋាភិបាលកម្ពុជា) ក្រោមរឿងរ៉ាវដ៏ចម្រូងចម្រាស់ របស់ស្ត្រីជាងធ្វើសក់ម្នាក់ ឈ្មោះ ខុម​ ចាន់​តារាទី​ ហៅ​ស្រី​មុំ​ ដែលគេបានគិតថា មានរឿង​អាស្រូវ​ផ្លូវ​ភេទ ជាមួយ​លោក​ កឹម​ សុខា​ បច្ចុប្បន្នជាប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ បើគិតមកដល់ថ្ងៃដោះលែង មន្ត្រីទាំង៥រូប បានជាប់ក្នុងពន្ធនាគារ អស់រយៈពេល ៤២៨ថ្ងៃហើយ។

យ៉ាងណា អ្នកស្រី លីហ្ស ស្រូសហ្សែលល៍ បានសង្កត់ធ្ងន់ថា ឧត្ដមស្នងការនៃ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស ដែលមានទីតាំងនៅក្រុង ហ្សឺណែវ ប្រទេសស្វីស នៅតែសំដែងកង្វល់របស់ខ្លួនដដែល ដោយហេតុថា ការជំនុំជម្រះទៅលើមន្ត្រីទាំង៥រូប នៅតែបន្តធ្វើ បើ​ទោះ​បី​ជា​មិន​មាន​ភស្តុតាង​ និង​ហេតុផល​ផ្លូវ​ច្បាប់​គ្រប់គ្រាន់​ ដើម្បី​ផ្ដល់​យុត្តិកម្ម​លើ​បទ​ចោទ​ប្រកាន់​ទាំង​នោះ​ក្ដី។ ស្ថាប័នអន្តរជាតិដ៏ធំមួយនេះ បានអះអាងទៀតថា នឹង​តាម​ឃ្លាំ​មើល​ សំណុំ​រឿង​នេះ​យ៉ាង​ដិតដល់​ រហូត​លុះត្រា​ករណី​នេះ​ ត្រូវ​បាន​បិទ​បញ្ចប់​ទាំង​ស្រុង។

ក្នុងរយៈកាលកន្លងមក ស្ថាប័នអន្តរជាតិធំៗជាច្រើន ដូចយ៉ាង ឧត្ដមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ថិមនុស្ស - ក្រុម​ការងារ​​ អ.ស.ប ទទួល​​បន្ទុក​ផ្នែក​​ ការ​​ឃុំឃាំង​មនុស្ស ដោយគ្មាន​​ការជំនុំជម្រះ និងអ្នករាយការណ៍​ពិសេស អ.ស.ប [ស្ដីពីបញ្ហា​សិទ្ធិ​មនុស្ស នៅកម្ពុជា] បាន​អំពាវនាវ​ហើយ ​អំពាវនាវ​ទៀត ទៅកាន់រដ្ឋាភិបាលកម្ពុជា សុំឲ្យមានការ​ដោះលែងមន្ត្រីទាំង៥ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។ ស្ថាប័នអន្តរជាតិទាំងនោះ បានហៅការឃុំខ្លួនមន្ត្រីទាំង៥ ថាត្រូវបានធ្វើឡើង តាមតែ«អំពើចិត្ត» និងបានស្នើសុំ ឲ្យបញ្ឈប់នូវរាល់​ការ​តាម​យាយី ដោយ​ប្រព័ន្ធ​តុលាការ ទៅលើ​ក្រុម​អ្នករិះគន់នៅកម្ពុជា៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់