អេង ឆៃអ៊ាង បំភ្លឺ​ពី​«ការ​មិន​ចេះ​អក្សរ»​របស់​មេ​ឃុំ​ថ្មី នៅ​ស្រុក អូរយ៉ាដាវ

នៅចំពោះការរិះគន់ និងការបន្ទរ របស់បណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម នៅក្នុងប៉ុន្មានថ្ងៃចុងក្រោយ ទៅនឹងការថ្លែង របស់មេឃុំជាប់ឆ្នោតថ្មីមួយរូប នៅក្នុងស្រុកអូយ៉ាដាវ ខេត្តរតនគិរីនោះ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានចេញមកបកស្រាយថា មានតែបងប្អូនជនជាតិចារ៉ាយ ដែលរស់នៅក្នុងភូមិឃុំនោះប៉ុណ្ណោះ ដែលស្គាល់​ជនជាតិដើម​គ្នាគាត់ និងបោះឆ្នោត​ជូនគ្នាគាត់ ឲ្យជាប់ធ្វើជាមេឃុំ តែមិនមែនជាអស់លោក មានចំណេះដឹង​បរិញ្ញាប័ត្រ ឬបណ្ឌិត ឯណាផ្សេង​ទៅឈរឈ្មោះ នៅក្នុងតំបន់​នោះទេ។
អេង ឆៃអ៊ាង បំភ្លឺ​ពី​«ការ​មិន​ចេះ​អក្សរ»​របស់​មេ​ឃុំ​ថ្មី នៅ​ស្រុក អូរយ៉ាដាវ
ពីឆ្វេងទៅស្ដាំ៖ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ និងទិដ្ឋភាពប្ដូរតំណែងមេឃុំ នៅក្នុងឃុំសោមធំ ខេត្តរតនគិរី។ (រូបថតលើហ្វេសប៊ុក)

លោក ក្លាន ហ្វេស មេឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលទើបនឹងជាប់ឆ្នោតថ្មី មកពីគណបក្សសង្គ្រោះជាតិ កំពុងក្លាយជា«មុខសញ្ញាថ្មី» របស់ក្រុមអ្នករិះគន់ និងក្រុមអ្នកបន្ទរ នៅលើបណ្ដាញសង្គម តាមអ្វីមួយដែលពួកគេទាំងនេះ ហៅមេឃុំជាប់ឆ្នោតថ្មីរូបនោះ ថា«មិនចេះអាន» និងឡើងមកកាន់តំណែងជាមេឃុំ «ធ្វើឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យ»។

ក្រុមអ្នករិះគន់ ដែលភាគច្រើនលើសលប់ មាននិន្នាការមកពីគណបក្សប្រជាជនកម្ពុជា (CPP) ដែលកាន់អំណាចចាស់វស្សា នៅកម្ពុជា និងមកពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលគ្មានទទួលបាន តំណែងមេឃុំ-សង្កាត់ មួយសោះនោះ បានលើកយកវីដេអូឃ្លីបចំនួនពីរ ដែលបានថតជាប់ពីសម្លេងនិយាយ របស់លោក ក្លាន ហ្វេស មកបង្ហោះនៅលើបណ្ដាញសង្គម ហើយសរសេរចំអកបែប «ស្តាប់មេឃុំសោមធំ (ថ្មី) របស់គណបក្សសង្គ្រោះជាតិ (CNRP) ហើយ បើមិនដាច់ផ្ងារ ក៏ផ្កាប់មុខដែរ» និងរបៀបរើសអើងដូច្នេះ «ពុទ្ធោ! ហេតុអ្វីក៏មិនយកអ្នកចេះ ហើយមានច្ឆន្ទៈ មកធ្វើការ» ឬឃ្លាប្រយោគមើលងាយថា «មកធ្វើមេឃុំ ឬមកធ្វើទីងមោង»។

នៅចំពោះរលករិះគន់ទាំងនោះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានចេញមុខមកបកស្រាយ នៅមុននេះបន្តិចថា៖ «នៅឃុំសោមធំ និងឃុំដទៃទៀត នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលមានជនជាតិដើមភាគតិច ចារ៉ាយ ភាគច្រើនរស់នៅទីនោះ អស់លោកមានចំណេះ ថ្នាក់បរិញ្ញាប័ត្រឬ បណ្ឌិត ទៅឈរឈ្មោះជាបេក្ខជនមេឃុំ មិនអាចជាប់ឆ្នោតជាមេឃុំឡើយ»។

លោក អេង ឆៃអ៊ាង បានពន្យល់ពីមូលេហតុថា៖ «ព្រោះបងប្អូនជនជាតិដើមភាគតិច ចារ៉ាយ គាត់មិនស្គាល់លោកបណ្ឌិត ឬលោកបរិញ្ញា អីទេ គឺពួកគាត់ស្គាល់តែជនជាតិដើម ចារ៉ាយ គ្នាគាត់ ដែលរស់នៅក្នុងភូមិ ឃុំ ជាមួយគ្នា តែប៉ុណ្ណោះ»។

បន្ថែមពីលើប្រតិកម្ម របស់អនុប្រធានគណបក្សសង្គ្រោះជាតិ មន្ត្រីគណបក្សមួយរូបទៀត បានបញ្ជាក់ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅថ្ងៃនេះដដែល ដោយចោទសួរជាសំនួរថា តើតាំងពីឆ្នាំ១៩៧៩នោះមក មានមន្ត្រីប៉ុន្មាននាក់ ដែលចេះអក្សរជាងគេ ត្រូវបានប្រគល់តួនាទី ឲ្យឡើងមកធ្វើជាមេឃុំ ចៅសង្កាត់ អភិបាលស្រុក-ខណ្ឌ ខេត្ត-ក្រុង ឬតួនាទីផ្សេងទៀត ក្នុងរដ្ឋាភិបាល? មន្ត្រីដែលសុំ​មិនបញ្ចេញ​អត្តសញ្ញាណ បានបន្តសួរថា តើលោក ហ៊ុន សែន ដែលសព្វថ្ងៃ ជានាយករដ្ឋមន្ត្រី ឬលោក ហេង សំរិន ដែលសព្វថ្ងៃ ជាប្រធានរដ្ឋសភានេះ មានចំណេះដឹងគ្រាន់ជាងគេប៉ុណ្ណា?

មន្ត្រីរូបនោះ បានពន្យល់ទៀតថា កាលពីគ្រានោះ មន្ត្រីទាំងនោះ សុទ្ធតែត្រូវបានចាត់តាំងឡើង ដោយគណបក្ស​ប្រជាជនកម្ពុជា អតីតគណបក្សប្រជាជនបដិវត្តន៍កម្ពុជា ឬហៅថាគណបក្ស«កុម្មុយនីសថ្មី» បន្ទាប់ពីគណបក្ស «កុម្មុយនីស​ខ្មែរក្រហម»។ តែនៅឆ្នាំ២០១៧នេះ មេឃុំដែលទើបនឹងជាប់ឆ្នោត ទោះមានកម្រិតវិជ្ជាបែបណាក្ដី វាជាជម្រើសរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ហើយជាជម្រើស ដែលគេត្រូវគោរព តាមបែបប្រជាធិបតេយ្យ និងដែលត្រូវទុកពេល ឲ្យពួកគាត់ទាំងនោះ ធ្វើការងារបស់ផងខ្លួន ជាមុនសិន៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់