អ៊ឹម ជីវ៉ា ប្រាប់ ធី សុវណ្ណថា ថា​កុំ​គិត​តែ​ពី​«ប្ដឹង»

បើចង់ប្រឡូកខ្លួន នៅក្នុងវិថីសិល្បៈ ចាំបាច់ត្រូវកញ្ញា ធី សុវណ្ណថា អនុវត្តន៍ឲ្យបាននូវតំណមពីរយ៉ាង។ លោក អ៊ឹម ជីវ៉ា តារាសម្ដែងប្រុស បានពន្យល់ទាក់ទង​នឹង​តំណម​ទាំងពីរ​នេះ ទៅកាន់កញ្ញា ធី សុវណ្ណថា ដែលជាអ្នកគាំទ្រ​គណបក្ស​កាន់អំណាចដូចគ្នាថា តំណមទីមួយ កុំកើតជំងឺតួឯក និងតំណមទីពីរ កុំចេះតែ«ងាកប្ដឹងៗ»។ តែមិនត្រឹមតែប៉ុណ្ណឹងទេ លោក អ៊ឹម ជីវ៉ា នៅបាននិយាយ ពី«វាសនា»អណ្ដែត ដ៏អស្ចារ្យ របស់កញ្ញា «ចៅតា» រូបនេះ​ផងទៀត។
អ៊ឹម ជីវ៉ា ប្រាប់ ធី សុវណ្ណថា ថា​កុំ​គិត​តែ​ពី​«ប្ដឹង»
​កញ្ញា ធី សុវណ្ណថា «ចៅតា» អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 04, 2017
  • ប្រធានបទ: តារាហ្វេសប៊ុក
  • អាន និងបញ្ចេញយោបល់

រហស្សនាម «ជួបប្ដឹង» ដែលមនុស្សជាច្រើន បានហៅសំដៅ​កញ្ញា ធី សុវណ្ណថា «ចៅតា» មិនទំនងជាកើតចេញ តែពីការ«កត់សម្គាល់» របស់ក្រុមមនុស្សនិយមកណ្ដាល និងនិយមគណបក្សប្រឆាំងប៉ុណ្ណោះទេ។ តែបើសូម្បីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាដូចគ្នា ក៏បានគិតប្រហាក់ប្រហែលគ្នាដែរ ពីករណី«ងាកប្ដឹងៗ» និងពី«វាសនា»អណ្ដែត របស់យុវតី​អតីតអ្នកគាំទ្រគណបក្សប្រឆាំងរូបនេះ។

លោក អ៊ឹម ជីវ៉ា តារាសំដែងមួយរូប ដែលគេស្គាល់ថា មានទំនោរស្និតនឹងគណបក្សប្រជាជនកម្ពុជា បានលើកយកករណីនេះ មកនិយាយនៅក្នុង​«យោបល់»​មួយរបស់លោក ដែលលោកសរសេរ ផ្ដល់ទៅឲ្យកញ្ញា ធី សុវណ្ណថា កាលពីម្សិលម៉ិញ បន្ទាប់ពីយុវតីសំដីបានរូបនេះ បានបង្ហាញសញ្ញា ពីការបោះជំហានទីមួយរបស់នាង ដើរចូលទៅក្នុងវិថីសិល្បៈ។

តារាសំដែងប្រុស​បាន​លើកឡើងថា បើចង់ក្លាយខ្លួន ធ្វើជាតារា កញ្ញា ធី សុវណ្ណថា ត្រូវតែកែរឿង ចំនួនពីរសិន៖ «រឿងទីមួយ គឺរឿងបើក្លាយជាតារាល្បី កុំកើតជំងឺបូសក្លៀក ឬជំងឺតួឯក។ រឿងទី២ គឺ រឿងប្តឹង។»។

លោក អ៊ឹម ជីវ៉ា បានរៀបរាប់ថា៖ «ព្រោះក្មួយចូលសម្តែងឆៅៗចឹង ក្មួយប្រហែលជាអៀន ឬកាយវិការខ្លះនៅឆ្គង។ អ្នកដឹកនាំរឿងខ្លះ គាត់មានសំដីអាក្រក់បន្តិច[ហើយ] ពេលតួមិនសូវចេះសម្តែង។ គាត់តែងតែស្តីឲ្យ។ តែបើអ្នកដឹកនាំរឿងស្តីឲ្យក្មួយ [បែប]រាងអាក្រក់បន្តិច ហាមដាច់ខាតក្មួយកុំឆេវឆាវ កុំតបត[ទៅ]​ពួកគាត់វិញ ជាពិសេសកុំអន់ចិត្ត រហូតដល់ប្តឹងគាត់ណា ព្រោះគាត់ជាចាស់ទុំ ជាព្រឹទ្ធាចារ្យ ខុសត្រូវអី​ ត្រូវអធ្យាស្រ័យពួកគាត់! បើទស្សនិកជន​រិះគន់ក្មួយ ក្នុងន័យស្ថាបនា ក្មួយត្រូវទទួលយកការពិត កុំប្តឹងគេក្មួយ។»។

លោកថា៖ «បើចង់ក្លាយជាអ្នកដឹកនាំ ឬជាមនុស្សល្បី ដោយកិត្តិយសក្នុងសង្គម ក្មួយត្រូវប្រកាន់ចិត្តអោយធ្ងន់ មិនឆេវឆាវ មិនងាយជឿតាមការផ្លុំត្រចៀករបស់អ្នកដទៃ រឺអ្នកនៅក្បែរខ្លួនក្មួយខ្លាំងពេកនោះទេ»។

«វាសនាខុសគ្នា...»

បុរសតារាសំដែង នៅបានគិតបន្តថា កញ្ញា ធី សុវណ្ណថា គ្រាន់តែចង់​ជ្រើសរើសវិថីសិល្បៈមួយ ដែលសមប្រកបនឹងខ្លួននាងប៉ុណ្ណោះ និងមិនដូចជារូបលោក ដែលត្រូវថតសំដែង នៅក្រោមកំដៅថ្ងៃ សឹងជារៀងរាល់ដងនោះទេ។ លោកបានពន្យល់ ពីមូលហេតុនេះថា៖ «ព្រោះក្មួយមានឡានទំនើបជិះហើយ និងលុយហើយ ចំណែកពូវិញ រៀនចប់បរិញ្ញាបត្រសាលាវិចិត្រសិល្បៈ ចូលសិល្បះជាង១០ឆ្នាំហើយ ជិះតែឡានឆ្លាមកញ្ចាស់ ទៅមុខមិនរួចផង ផ្ទះក៏ជួលគេទៀត»។

លោក អ៊ឹម ជីវ៉ា ដែលគេឧស្សាហ៍ឃើញ តែងមានវត្តមាន នៅពេលឃោសនាបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា កាលពីពេលថ្មីៗនេះ បានរៀបរាប់ពីការអាក់អន់​​ស្រពន់ចិត្ត របស់លោកទៀតថា៖ «រាល់ថ្ងៃ ពូអន់ចិត្តខ្លួនឯងបន្តិច ពូខំធ្វើដើម្បីសង្គម ស្ទើស្លាប់ខ្លួន តែគ្មានអ្នកមើលឃើញសោះ សូម្បីតែពាក្យសរសើ ឬមេដៃសំរិទ្ធមួយក៏គ្មាន ហើយបើនិយាយពីតួនាទីការងារ ក្នុងស្ថាប័នណាមួយ ក៏គ្មានផង។ ក្មួយជាក្មេងស្រីមកក្រោយពូទេ តែក្មួយស្រីមានសមត្ថភាព មានកេរ្តិ៍ឈ្មោះកិត្តិយស និងមេដៃ ពូសូមកោតសរសើសមត្ថភាពរបស់ក្មួយ! (...) តែមិនអីទេ រស់នៅក្រោមមេឃតែមួយ តែវាសនាខុសគ្នា។»។

នៅក្រោយបន្តិចមក កញ្ញា ធី សុវណ្ណថា បានបង្ហោះពាក្យសំដីតបវិញថា នាងទទួលយកនូវយោបល់ខាងលើ និងប្រាប់លោក អ៊ឹម ជីវ៉ា ថាកុំអន់ចិត្តថ្វី។ យុវតីវ័យ២២ឆ្នាំ បានសរសេរថា៖ «ក្មួយសូមទទួយយកការទូន្មាន ពីពូ។ ក្មូយរីករាយសាទរ អំពើល្អរបស់ពូ តែសូមពូកុំអន់ចិត្ត។ អំពើល្អ ពិតធ្វើដោយចិត្ត មិនបាច់គេឃើញ ឬឲ្យមេដាយទេ»៕ 


Loading...

អត្ថបទទាក់ទង


មតិ-យោបល់