ណីម៉ា អាច​ចេញ​ប្រកួត​លើក​ដំបូង ជា​ផ្លូវ​ការ​ជា​មួយ​ក្រុម​ប៉ារីស

បន្ទាប់ពីដឹងច្បាស់ថា ប្រាក់២២២លានអ៊ឺរ៉ូ ត្រូវបានផ្ទេរចូល ក្នុងគណនីធនាគារ​របស់​ខ្លួនរួចរាល់​ហើយ ក្រុមបាសឺឡូន (FC Barcelone - ប្រទេសអេស្ប៉ាញ) បានផ្ដល់ភ្លើងខៀវ ឲ្យស្ថាប័នគ្រប់គ្រង​បាល់ទាត់​របស់ប្រទេសអេស្ប៉ាញ ផ្ញើរលិខិតបញ្ជាក់ ស្ដីពីការផ្ទេរកីឡាករជាអន្តរជាតិ សម្រាប់កីឡាករ ណីម៉ា (Neymar) ដែលទើបនឹងចុះ​កិច្ចសន្យា ជាមួយ​ក្រុមប៉ារីស (Paris Saint germain - ប្រទេសបារាំង) កាលពីដើម​ខែសីហា​នេះ។
ណីម៉ា អាច​ចេញ​ប្រកួត​លើក​ដំបូង ជា​ផ្លូវ​ការ​ជា​មួយ​ក្រុម​ប៉ារីស
កីឡាករ ណីម៉ា នៅក្នុងពិធីបង្ហាញខ្លួនកីឡាករ កាលពីសប្ដាហ៍មុន ក្នុងកីឡាដ្ឋាន «Parc des Princes» របស់រដ្ឋធានីប៉ារីស។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១១ សីហា ២០១៧
  • កែប្រែចុងក្រោយ: August 11, 2017
  • ប្រធានបទ: ផ្ទេរកីឡាករ
  • អាន និងបញ្ចេញយោបល់

ទោះជាកីឡាករអន្តរជាតិ ណីម៉ា (Neymar) របស់ប្រទេសប្រេស៊ីល បានចុះកិច្ចសន្យា៥ឆ្នាំ ជាមួយក្រុម​ប៉ារីស​សាំងហ្សែរម៉ាំង (Paris Saint germain - ប្រទេសបារាំង) ក៏ដោយ តែកីឡាកររូបនេះ នៅមិនទាន់​អាច​ចេញ​ប្រកួត នៅក្នុងការប្រកួតជាផ្លូវការទាំងឡាយ បាននៅឡើយ បើគ្មានលិខិតបញ្ជាក់ ស្ដីពីការ​ផ្ទេរ​កីឡាករ​ជា​អន្តរជាតិ ហៅជាភាសាអង់គ្លេស «International Transfer Certificate» ចេញដោយក្រុមបាសឺឡូន (FC Barcelone - ប្រទេស​អេស្ប៉ាញ) ដែលកីឡាករបានលេងជាមួយ មុនចេញមកក្រុមប៉ារីស។

លិខិតបញ្ជាក់នេះ មិនត្រូវបាន​ក្រុមបាល់ទាត់ បាសឺឡូន ផ្ដល់ភ្លើងខៀវភ្លាមៗ ឲ្យសហព័ន្ធភូមិន្ទបាល់ទាត់អេស្ប៉ាញ (RFEF) ផ្ញើរមកកាន់សហព័ន្ធបាល់ទាត់បារាំង (FFF) ទេ ក្រោមមូលហេតុថា ទឹកប្រាក់​២២២​លាន​អ៊ឺរ៉ូ ដែលជាប្រាក់សំណងរំលោះកិច្ចសន្យា ដែលកីឡាករ ណីម៉ា បានចុះហត្ថលេខាជាមួយក្រុម​បាសឺឡូន នៅមិន​ទាន់​ចូល ដល់ក្នុងគណនីធនាគារខ្លួននៅឡើយ។

ប៉ុន្តែនៅថ្ងៃនេះ ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់ របស់ប្រទេសបារាំង អះអាងថា ខ្លួនបានទទួលជាស្ថាពរ និង​ជា​ផ្លូវការ នូវលិខិតបញ្ជាក់​ខាងលើ​នោះហើយ។

លិខិតបញ្ជាក់ ស្ដីពីការផ្ទេរកីឡាករជាអន្តរជាតិ នឹងអនុញ្ញាតឲ្យកីឡាករ ណីម៉ា អាចចូលប្រកួត​ចាប់ពីថ្ងៃ​នេះ​ត​ទៅ ជាមួយ​ក្រុមប៉ារីស ក្នុងការប្រកួតជាផ្លូវការទាំងឡាយ​របស់ក្រុម​បាល់ទាត់​មួយនេះ។ គេគ្រាន់​តែរង់ចាំ​មើល​ថា តើគ្រូបង្វឹក​របស់​ក្រុមប៉ារីស សម្រេចចិត្ត​យក​កីឡាករ​រូបនេះ ដាក់ចូល​ទៅ​ប្រកួត ឬយ៉ាងណា​ប៉ុណ្ណោះ ជា​ពិសេស​ការ​ប្រកួត ជាមួយ​ក្រុម «Guingamp» នៅយប់​ថ្ងៃអាទិត្យ​ខាង​មុខ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់