យក ធី សុវណ្ណថា មក​ធ្វើ​ម៉ូដែល ដើម្បី​ឱ្យ​ផលិតផល​បាន​ល្បី?

ដើម្បីចង់ ឲ្យគេស្គាល់ផលិតផលមួយ គេត្រូវធ្វើការផ្សាយពាណិជ្ជកម្ម... ហើយបើសិន​ជាមានលទ្ធភាព គេអាចផ្សាយផលិតផលនោះ ជាមួយនឹងតារាល្បីមួយរូប ឬច្រើនរូប ដើម្បីជួយឲ្យកាន់តែ មានភាពទាក់ទាញ។ ចុះកញ្ញា ធី សុវណ្ណថា វិញ ដែលទើបឈានជើងជាលើកទីមួយ ទៅថតផ្សាយពាណិជ្ជកម្ម ឲ្យផលិតផលណាមួយនោះ អាចជួយអ្វីខ្លះ?
យក ធី សុវណ្ណថា មក​ធ្វើ​ម៉ូដែល ដើម្បី​ឱ្យ​ផលិតផល​បាន​ល្បី?
ទិដ្ឋភាព នៅក្នុងការថតផ្សាយមួយ ដែលកញ្ញា ធី សុវណ្ណថា ខ្លួនឯងនិយាយថា ជាការថតលើកដំបូង។ (រូបថតលើហ្វេសប៊ុក)

មកដល់ថ្ងៃនេះ គ្មាននរណាម្នាក់មិនស្គាល់ កញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលត្រូវបានគេស្គាល់ខ្លាំង នៅអំឡុងពេល នៃយុទ្ធនាការបោះឆ្នោត ឆ្នាំ២០១៣នោះឡើយ។ ភាពល្បីល្បាញ នៅក្នុងចំណោមមហាជននេះ ក៏បានជួយឲ្យកញ្ញា ធី សុវណ្ណថា ងាយស្រួលនឹងបោះជំហាន នៅក្នុងវិថីជាច្រើនដែរ។ គ្រាន់តែថា តើវិថីទាំងនោះ អាចទទួលយកយុវតីរូបនេះ បានដោយរបៀបណាប៉ុណ្ណោះ។

កាលពីម្សិលម៉ិញ កញ្ញា ធី សុវណ្ណថា ដែលបានប្ដូរ មកគាំទ្រគណបក្សកាន់អំណាចវិញ បានបង្ហោះរូបថត ពីជំហានទីមួយរបស់នាង ទៅក្នុងវិថីសិល្បៈ ដែលហាក់ដូចជាខុសទាំងស្រុង ពីអ្វីដែលនាង​បានអះអាងឡើង តាំងពីមុនប្រឡងបាក់ឌុប ថានាងចង់ក្លាយ​ជាអ្នកនយោបាយ។ ជាមួយនឹងរូបថត ដែលគេកំពុងផាត់មុខនាង និងមានប្រដាប់ប្រដាថតរូប (ឬវីដេអូ) ជាច្រើននោះ នាងបានសរសេរថា៖ «ចេញថតថ្ងៃដំបូង មានអារម្មណ៍ភ័យៗ»។

តែការបង្ហោះនោះ មិនត្រូវបានតារា«ម៉ូដែល»ថ្មីរូបនេះ បញ្ជាក់ថា ធ្វើនៅឯណា និងដើម្បីអ្វីនោះនៅឡើយ។ ប្រសិនបើការថតនេះ មានលក្ខណៈជាការផ្សាយពាណិជ្ជកម្ម ឲ្យផលិតផលណាមួយនោះ តើកញ្ញា ធី សុវណ្ណថា អាចជួយរកភាពជោគជ័យ ឲ្យម្ចាស់ផលិតផលនោះ បានដល់កម្រិតណា? 

ជាសំនួរ ដែលគេអាចរកបានចម្លើយ នៅពេលអនាគត។ ព្រោះបើសិនជាត្រូវឆ្លើយ ក្នុងថ្ងៃនេះ គេត្រូវយល់ពីហនិភ័យ នៃការធ្វើជំនួញ ដូចដែលក្រុមអ្នកសេដ្ឋកិច្ច តែងលើកឡើងជារឿយៗ។ ជាឧទាហរណ៍ ដូចរូបថតមួយសន្លឹក ដែលត្រូវបានមន្ទីរកែសម្ផស្សមួយ នៅក្នុងប្រទេសកូរ៉េខាងត្បូង យកមកបង្ហោះលើបណ្ដាញសង្គម ដើម្បីបង្ហាញថា យុវតីវ័យ២២ឆ្នាំរូបនេះ បានចូលទៅ«ឆ្នៃមុខមាត់» នៅក្នុងកន្លែងរបស់ខ្លួន បានទទួលការចែករំលែក យ៉ាងសន្ធឹកសន្ធាប់ រហូតដល់​រាប់ពាន់រាប់ម៉ឺនដង កាលពីប៉ុន្មានខែមុន

យ៉ាងណា បើទោះជាភាពល្បីល្បាញ នៃមន្ទីរកែសម្ផស្សនោះ បានកើតឡើង ដ៏គួរឲ្យភ្ញាក់ផ្អើល ក្រោយការបង្ហោះរូបថត របស់កញ្ញា ធី សុវណ្ណថា ក៏ដោយ ក៏សម្រាប់អ្នកជំនាញខាងសេដ្ឋកិច្ចខ្លះ មិនចង់និយាយ ពីភាពល្បីល្បាញ ដែលកើតឡើង​របៀបនេះទេ។ នោះ គឺដោយសារតែការចែករំលែក រាប់ពាន់រាប់ម៉ឺនទាំងនោះ បានធ្វើឡើងភាគច្រើន នៅក្រោមការជេរប្រទេចផ្ដាសារ និងការក្ដៅក្រហាយ ពីសំណាក់អ្នកប្រើប្រាស់ បណ្ដាញសង្គម ជាជាងការសួរនាំ ឬការលើកសរសើ ពីមន្ទីរកែសម្ផស្សនោះ។ នេះ គេនៅមិនទាន់ និយាយដល់ផងទេ ពីទេពកោសល្យ និងពីអ្វី ដែលតារា«ម៉ូដែល»ថ្មី មាននៅក្នុងខ្លួន៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់