ហ៊ុន សែន៖ ប្រវត្តិសាស្ត្រ​មិន​មែន​«អា​ជន​ក្បត់​ជាតិ សម សារី»​ជា​អ្នក​សរសេរ!

មានតែអ្នកឈ្នះទេ ដែលជាអ្នកសរសេរប្រវត្តិសាស្ត្រ ហើយមិនមែនជា «អាជនក្បត់ជាតិ សម សារី» ជាអ្នកសរសេរនោះឡើយ។ នេះ ជាប្រតិកម្មខ្លាំងៗរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនានេះ។ ប្រតិកម្មរបស់លោក បានធ្វើឡើង នៅបន្ទាប់ពីលោក សម រង្ស៊ី មេដឹកនាំប្រឆាំង បានបង្ហោះវីដេអូជាបន្តបន្ទាប់ នូវប្រវត្តិគណបក្សប្រជាជនកម្ពុជា ដែលគេស្គាល់ថា មានកំណើតចេញ ពីគណបក្សកុម្មុយនីសឥណ្ឌូចិន របស់ស្ថាបនិកជនជាតិយួន លោក ហូ ជីម៉ិញ។
ហ៊ុន សែន៖ ប្រវត្តិសាស្ត្រ​មិន​មែន​«អា​ជន​ក្បត់​ជាតិ សម សារី»​ជា​អ្នក​សរសេរ!
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីពេលលោក នៅជក់បារី។ (រូបថត AFP)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 28, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អាន និងបញ្ចេញយោបល់

សម្រាប់លោក ហ៊ុន សែន បុរសខ្លាំងកម្ពុជា គឺគ្មានទេអ្នកស្រាវជ្រាវ«ឯករាជ្យ» ដែលសរសេរប្រវត្តិសាស្ត្រ ដោយគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ និងសរសេរ​តែការពិត! ហើយ​បើតាម​ប្រសាសន៍​របស់​លោក ក្នុងព្រឹកថ្ងៃទី២៨ ខែមិថុនានេះ រូបលោក និងគណបក្សប្រជាជនកម្ពុជា ចាំបាច់ត្រូវ«ឈ្នះ»​ជានិរន្តរ ដើម្បីសរសេរប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ទៅតាមអ្វី ដែលលោកហៅថា ដើម្បីការពារគណបក្សរបស់លោក ការពាររបបរាជានិយម និងព្រះមហាក្សត្រ។

ថ្លែងនៅចំពោះសមាជិក និងអ្នកគាំទ្ររាប់ពាន់នាក់ ក្នុងពិធី​រំលឹកខួប៦៦ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌល​កោះពេជ្រ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា៖ «ប្រវត្តិសាស្ត្រ គឺអ្នកឈ្នះ ជាអ្នកសរសេរ ដូច្នេះគ្មានឱកាសឲ្យអ្នកដទៃ ជាអ្នកឈ្នះ ដើម្បីសរសេរប្រវត្តិសាស្ត្រនោះទេ»។

លោកនាយករដ្ឋមន្ត្រីបានយកឧទាហរណ៍ ក្នុងសម័យសង្គមរាស្ត្រនិយម មកពន្យល់ថា៖ «រយៈពេលពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០ អ្នកសរសេរប្រវត្តិសាស្ត្រ គឺសង្គមរាស្ត្រនិយម។ ពេលនោះ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះអង្គគឺជាព្រះបីតាជាតិ។ ប៉ុន្តែខុសត្រូវ តែមួយថ្ងៃប៉ុណ្ណោះ ថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ លុន ណុល ធ្វើរដ្ឋប្រហារបានសម្រេច គេក្លាយជាអ្នកឈ្នះ។ គេក៏ចាប់ផ្ដើមសរសេរប្រវត្តិសាស្ត្រភ្លាម ថាសម្ដេចព្រះ នរោត្ដម សីហនុ គឺជាជនក្បត់ជាតិ ហើយ លុន ណុល គឺជាអ្នកស្នេហាជាតិ។»។

«អាជនក្បត់ជាតិ...»

លោកថា៖ «ចំណុចទាំងនេះ ចង្អុលបង្ហាញឲ្យឃើញថា មានតែអ្នកឈ្នះទេ ទើបមានសិទ្ធិសរសេរប្រវត្តិសាស្ត្រ បើសិនទុកឲ្យអ្នកដទៃ ទទួលជោគជ័យនេះ ច្បាស់ជាអាជនក្បត់ជាតិ សម សារី ស៊ឺង ងុកថាញ់ សឹម វ៉ា វានឹងក្លាយជារដ្ឋបុរស ជាវីរបុរសជាតិ ហើយសម្ដេចព្រះ នរោត្ដម សីហនុ ដែលជាព្រះបីតាជាតិរបស់យើងទាំងអស់គ្នា នឹងក្លាយទៅជាជនក្បត់ជាតិសារជាថ្មីម្ដងទៀត»។

សេចក្ដីអត្ថាធិប្បាយនៅថ្ងៃនេះ របស់លោក ហ៊ុន សែន បានធ្វើឡើង ក្រោយពីការបង្ហោះវីដេអូមួយ របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបានចេញផ្សាយ នៅយប់ថ្ងៃទី២៦ ខែមិថុនាកន្លងមក ពន្យល់ពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ដែលគេស្គាល់ថា មានអតីតភាពចេញពីគណបក្សកុម្មុយនីសឥណ្ឌូចិន ដែលបង្កើតឡើង ដោយអតីតមេដឹកនាំវៀតណាម លោក ហូ ជីមិញ។ លោក សម រង្ស៊ី បានអះអាងថា ការលើកឡើងរបស់លោក នៅក្នុងវីដេអូនោះ សុទ្ធសឹងជាការសិក្សាស្រាវជ្រាវ របស់អ្នកនិពន្ធឯករាជ្យ នៅបរទេស ដែលមិនរងគំនាបនយោបាយ ឬមានទំនោរទៅរកក្រុមណាមួយឡើយ។

គណបក្ស«យួនបង្កើត» ដឹកនាំដោយ«យួនបង្កប់» និងធ្វើតាម«យួនបង្គាប់»

ប៉ុន្តែការគាស់កកាយ បង្ហាញពីអាថ៌កំបាំង របស់គណបក្សកាន់អំណាចសព្វថ្ងៃ ទំនងជាមិនបានធ្វើឲ្យលោក ហ៊ុន សែន សប្បាយចិត្តនោះទេ ជាពិសេសនៅត្រង់ឃ្លារបស់លោក សម រង្ស៊ី ដែលនិយាយធ្វើសេចក្ដីសន្និដ្ឋាន ចេញពីការស្រាវជ្រាវទាំងនោះថា គណបក្សប្រជាជនកម្ពុជា ជាគណបក្ស«យួនបង្កើត» ដឹកនាំដោយ«យួនបង្កប់» និងធ្វើតាម«យួនបង្គាប់»។

» វីដេអូរបស់លោក សម រង្ស៊ី៖

 

ទំនងជានៅក្នុងន័យនេះហើយ ទើបលោកនាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា រូបលោក និងគណបក្សរបស់លោក ចាំបាច់ត្រូវតែឈ្នះ នៅគ្រប់ពេលវេលាទាំងអស់។ លោកថា៖ «យើងត្រូវមានកាតព្វកិច្ច មិនមែនគ្រាន់តែជាបញ្ហា ការពារគណបក្សរបស់យើងប៉ុណ្ណោះទេ តែយើងមានកាតព្វកិច្ច ការពារនូវសន្តិភាព ការពារនូវរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ការពារនូវរាជបល្ល័ង្គ ការពារព្រះមហាក្សត្រ»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់