ហ៊ុន សែន គ្រោង​កែ​ច្បាប់​កុំ​ឲ្យ សម រង្ស៊ី នៅ​ពី​ក្រោយ CNRP

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាឲ្យសមាជិកសភា មកពីគណបក្សរបស់លោក ពិនិត្យមើលលទ្ធភាព ក្នុងការធ្វើវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ ដើម្បីរារាំងអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ឲ្យផ្ដាច់ខ្លួនចេញឲ្យស្រឡះ ពីគណបក្សប្រឆាំង។
ហ៊ុន សែន គ្រោង​កែ​ច្បាប់​កុំ​ឲ្យ សម រង្ស៊ី នៅ​ពី​ក្រោយ CNRP
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 28, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅចំពោះសមាជិក និងអ្នកគាំទ្ររាប់ពាន់នាក់ ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ ខែមិថុនានេះ នៅលើមជ្ឈមណ្ឌលកោះពេជ្រ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា លោកស្នើសុំឲ្យសមាជិកសភាព មកពីគណបក្សកាន់អំណាច ពិនិត្យមើលពីលទ្ធភាព ដើម្បីធ្វើវិសោធនកម្មច្បាប់ ស្ដីគណបក្សនយោបាយ ដើម្បីធ្វើយ៉ាងណា រារាំងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ កុំឲ្យនៅពីក្រោយ ឬកុំឲ្យមានទំនាក់ទំនង (ទោះមិនផ្លូវការក៏ដោយ) ជាមួយគណបក្សសង្គ្រោះជាតិ។

លោក ហ៊ុន សែន បានថ្លែងឡើងថា ការធ្វើវិសោធនកម្មច្បាប់ដដែលនេះ កាលពីប៉ុន្មានខែមុន គ្រាន់តែហាមប្រាម កុំឲ្យទណ្ឌិត ដែលមានទោសសម្រេចដោយតុលាការ អាចមកដឹកនាំ ឬជាសមាជិកថ្នាក់ដឹកនាំ របស់គណបក្សនយោបាយតែប៉ុណ្ណោះ។ លោក ហ៊ុន សែន បានសំដៅទៅលោក សម រង្ស៊ី ដោយមិនចេញឈ្មោះ ថាបន្ទាប់ពីពេលនោះមក មេដឹកនាំ​ប្រឆាំងរូបនេះ ដែលបានដាក់លិខិតលាលែងជាផ្លូវការ ពីតំណែងប្រធានគណបក្សប្រឆាំងហើយនោះ នៅតែមានសកម្មភាព«ផ្សារភ្ជាប់»ជាមួយ ជាមួយគណបក្សសង្គ្រោះជាតិដដែល។

បុរសខ្លាំងកម្ពុជា បានបញ្ជាទៅសមាជិកសភា មកពីគណបក្សកាន់អំណាច ឲ្យកែច្បាប់ ស្ដីពីគណបក្សនយោបាយនេះ ជាថ្មីម្ដងទៀត ដែលទំនងជាជំហានមួយទៀត ឈានទៅរំលាយគណបក្សសង្គ្រោះជាតិចោល ដោយយោងពីមូលហេតុ ថាប្រសិនជាលោក សម រង្ស៊ី នៅមានសកម្មភាព នៅជាមួយគណបក្សសង្គ្រោះជាតិ ទោះក្នុងទម្រង់ណាក៏ដោយ។ លោកនាយករដ្ឋមន្ត្រីថា លោកមិនបានខ្លាចលោក សម រង្ស៊ី ទេ និងថែមទាំងបានចំអក ដោយហៅមេដឹកនាំប្រឆាំង ដែលកំពុងរស់នៅនិរទសខ្លួន នៅក្រៅប្រទេស ឲ្យត្រឡប់ចូលមកក្នុងប្រទេសវិញ ជាមួយនឹងការ​អះអាងថា «ទ្វាបើកចំហរហើយ»។

បញ្ជាថ្មីរបស់លោក ហ៊ុន សែន បានធ្វើឡើងពីរថ្ងៃ ក្រោយការបង្ហោះវីដេអូមួយ ពីសំណាក់លោក សម រង្ស៊ី នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ ដែលជាការ​រំលឹកឡើងវិញ ពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ដែលមានអតីតភាព ចេញពីគណបក្សកុម្មុយនីស​ឥណ្ឌូចិន បង្កើតឡើងកាលពី៦៦ឆ្នាំមុន ដោយអតីតមេដឹកនាំយួន លោក ហូ ជីមិញ។ លោក សម រង្ស៊ី បានបកស្រាយនៅក្នុងវីដេអូនោះថា គណបក្សប្រជាជនកម្ពុជា ជាគណបក្ស«យួនបង្កើត» ដឹកនាំដោយ«យួនបង្កប់» និងធ្វើតាម«យួនបង្គាប់»៕

វីដេអូរបស់លោក សម រង្ស៊ី៖

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...