សមាជិក​ក្រុម​ការងារ CPP ទម្លាយ​រឿង​ចាញ់​ឆ្នោត​នៅ​កំពង់ចាម

សមាជិកក្រុមការងារ របស់គណបក្សប្រជាជនកម្ពុជា (CPP) ប្រចាំខេត្តកំពង់ចាម និងជាអ្នករកទទួលទានធំដុំមួយរូប បានទម្លាយនូវហេតុផល [មួយផ្នែក] ដែលនាំគណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោតនៅខេត្តកំពង់ចាម។ ជាការលើកឡើង ដើម្បពញាក់អារម្មណ៍ ឲ្យ«ថ្នាក់លើកាត់សាច់​ស្អុយ» ដែលនាំបញ្ហាឲ្យគណបក្សកាន់អំណាច។
សមាជិក​ក្រុម​ការងារ CPP ទម្លាយ​រឿង​ចាញ់​ឆ្នោត​នៅ​កំពង់ចាម
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ហុក ជ្រា ឧកញ៉ានាំត្រីចូលពីប្រទេសវៀតណាម - សមាជិកក្រុមការងារចុះពង្រឹងមូលដ្ឋាន របស់គណបក្សប្រជាជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)

លោក​ឧកញ៉ា ហុក ជ្រា ​អ្នកជំនួញ​ដឹក​ត្រី​រ៉ស់ និង​ត្រី​ឆ្តោ​ នាំចូល​ពី​ប្រទេស​វៀតណាម និង​ជា​សមាជិកក្រុមការងារ ជួយ​ជ្រោមជ្រែង ​ចុះ​ពង្រឹង​ការងារ​មូលដ្ឋាន ​របស់គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំខេត្តកំពង់ចាម បានទម្លាយនូវរឿងវ៉ាវមួយចំនួន ដែលនាំឲ្យគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចដ៏ចាស់វស្សា ចាញ់ឆ្នោតនៅក្នុងខេត្តនេះ។ នៅក្នុងសារមួយ បង្ហោះនៅលើបណ្ដាញសង្គម កាលពីម្សិលម៉ិញ (លុបចេញវិញនៅថ្ងៃនេះ) លោក ហុក ជ្រា បានព្រលះ​មន្ត្រី​សមត្ថកិច្ច​តាមផ្លូវ រួមមាន មន្ត្រី​គយ ជលផល និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ថាតែងបណ្ដាក់គ្នាដូចខ្យង ដើម្បីកាក់យកលុយ ពីរថយន្ដដឹកត្រីនាំចូល ពីប្រទេសវៀតណាម។

ការបណ្ដាក់យកប្រាក់នោះ ត្រូវបានលោក ហុក ជ្រា និយាយថា ត្រូវបានក្រុមមន្ត្រីទាំងនោះ ធ្វើឡើងជារឿយៗ បើទោះជាការដឹកជញ្ជូនទាំងនោះ មានលិខិតអនុញ្ញាតត្រឹមត្រូវ រួចហើយក្ដី។ បុរសអ្នកមានប្រាក់ ដែលជាសមាជិកសកម្មមួយរូប ក្នុងការជ្រោមជ្រែង ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា បានភ្ជាប់មកជាមួយ នូវលិខិតស្នាមជាច្រើន ទាក់ទងនឹងការអនុញ្ញត ឲ្យនាំចូលពីប្រទេសវៀតណាម នូវត្រី​ឆ្តោ​ចំនួន​១០​តោន កូន​ត្រី​ឆ្តោ​ចំនួន​៥​ម៉ឺន​ក្បាល និង​ត្រី​រ៉ស់​ចំនួន​១០​ម៉ឺន​ក្បាល។ លិខិតនោះ ចេញដោយលោក អេង ជា​សាន ប្រតិភូ​រដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

» សូមអានការទម្លាយនូវរឿងរ៉ាវ ដែលឧកញ៉ារូបនេះ មិនអាចទ្រាំនៅស្ងៀមបាន ដូចខាងក្រោម (លេខទូរស័ព្ទរបស់លោក ត្រូវបានបិតបាំង ដើម្បីការពារភាពឯកជនរបស់លោក)៖

លទ្ធផល​ផ្លូវ​ការ​ នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ចេញ​ដោយ​ គ.ជ.ប. នៅ​ថ្ងៃ​ទី២៥ ខែមិថុនា បានបង្ហាញ​ថា គណ​បក្ស​ប្រជាជនកម្ពុជា ​ទទួល​បាន​ការ​គាំ​ទ្រ តែជាង ២០​ម៉ឺន ៥​ពាន់​សំឡេង ខណៈគណបក្ស​សង្គ្រោះជាតិឈ្នះ​ បាន​ឃុំ​សង្កាត់​ភាគ​ច្រើន ​នៅ​ក្នុង​ខេត្ត​នេះ ជាមួយ​សំឡេង​ឆ្នោត​គាំ​ទ្រ​ រហូតដល់ទៅជាង ២៤​ម៉ឺន ៥​ពាន់​សំឡេង។

គណបក្ស​កាន់អំណាច ឈ្នះ​បាន​អាសនៈ ៣៨០ ក្នុង​នោះ​តំណែង​ជា​មេ​ឃុំ​ចំនួន ៣៥ ជំទប់​ទី​១ ៣៧ ជំទប់​ទី​២​ចំនួន ៧២ និង​សមាជិក​ក្រុម​ប្រឹក្សា​សរុប ២៣៦។ រីឯគណបក្ស​ប្រឆាំងវិញ ឈ្នះ​បាន​អាសនៈ​សរុប ៤៣៥ ក្នុង​នោះ​ឈ្នះ​បាន​តំណែង​ ជា​មេ​ឃុំ ៧៤ ជំទប់​ទី​១​ចំនួន ៧២ ជំទប់​ទី​២​ចំនួន ៣៥ និង​សមាជិក​ក្រុម​ប្រឹក្សា​សរុប ២៥៤។

យ៉ាងណា លោក ហុក ជ្រា មិនបានឆ្លើយតប ទៅនឹងការហៅទាក់ទង តាមទូរស័ព្ទរបស់លោក ដើម្បីសុំការលំអិតបន្ថែម ពីបញ្ហាខាងលើបានទេ ដោយលេខទូរស័ព្ទខ្លះ​មិនដំណើរការ លេខខ្លះទៀតហៅចូល តែគ្មានអ្នកលើក។

ប៉ុន្តែក្រុមអ្នកប្រើប្រាស់ បណ្ដាញសង្គមភាគច្រើន បានលើកឡើងថា បញ្ហាចាញ់ឆ្នោត របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងខេត្តដ៏ធំមួយនេះ មិនមែនដោយសារតែរឿង ដូចលោក ហុក ជ្រា បានរៀបរាប់នោះទេ ខណៈរឿងរ៉ាវខាងលើ ហាក់គ្រាន់តែជាបញ្ហាមួយតូច ដែលបានប៉ះពាល់ ទៅដល់ផលប្រយោជន៍ផ្ទាល់ របស់អ្នកជំនួញរូបនេះប៉ុណ្ណោះ។ ម្យ៉ាងទៀត ថ្នាក់ដឹកនាំដែល (ឬធ្វើ)​មិនដឹងពីរឿងរ៉ាវដដែលៗនេះ ព្រោះជាហេតុការណ៍ ដែលតែងត្រូវបានសារព័ត៌មាន ​ចុះផ្សាយជារឿយៗនោះ គ្រាន់តែជាថ្នាក់ដឹកនាំ ដែលគ្មានការទទួលខុសត្រូវ និងគ្មានអ្វីត្រូវអាណិតឡើយ។

ខណៈក្រុមអ្នកវិភាគវិញ បានពន្យល់ការចាញ់ឆ្នោត របស់គណបក្សកាន់អំណាច ក្នុងខេត្តក្រុងធំៗ ជាពិសេសក្នុងខេត្តកំពង់ចាម ថាដោយ​សារ​តែខេត្តក្រុងទាំងនោះ ទទួលបានព័ត៌មានច្រើន ពីបញ្ហាសង្គម និងនយោបាយ ដើម្បីអនុញ្ញតឲ្យម្ចាស់ឆ្នោត មានសុភវិន្និច្ឆ័យ ក្នុងការជ្រើសរើសគណបក្ស​នយោបាយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់