កឹម សុខា អង្គុយ​បត់​ជើង​សំពះ​ម្ដាយ ក្នុង​ថ្ងៃ​ខួប​កំណើត

ថ្ងៃនេះ ជាថ្ងៃខួបកំណើត របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ ទន្ទឹមនឹងសារជូនពរ ពីសំណាក់អ្នកគាំទ្រលោក និងពីសំណាក់មេដឹកនាំជាតិ និងអន្តរជាតិជាច្រើននោះ លោក កឹម សុខា ខ្លួនលោកវិញ បានជ្រើសរើសរូបភាព អង្គុយបត់ជើងអោបថើបម្ដាយរបស់លោក មកបង្ហោះនៅលើបណ្ដាញសង្គម ជាមួយនឹងសារខ្លីៗប៉ុន្មានឃ្លា។
កឹម សុខា អង្គុយ​បត់​ជើង​សំពះ​ម្ដាយ ក្នុង​ថ្ងៃ​ខួប​កំណើត
លោក កឹម សុខា អង្គុយអោបថើបម្ដាយ ក្នុងថ្ងៃបុណ្យខួបកំណើតរបស់លោក ទី២៧ ខែមិថុនា ឆ្នាំ២០១៧។ (រូបថតលើហ្វេសប៊ុក)

បើរាប់អាយុតាមរបៀបខ្មែរ  (ឬនៅអាស៊ីខាងកើត) ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានអាយុ៦៤ ចូល៦៥ឆ្នាំហើយ (តាមបែបលោកខាងលិច លោក កឹម សុខា មានអាយុ១ឆ្នាំក្មេងជាង) នៅថ្ងៃនេះ។ គឺនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ត្រូវជាឆ្នាំម្សាញ់ ដែលទារក កឹម សុខា បានចាប់កំណើត ក្នុងឃុំ​ឧត្ដម​សូរិយា ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ។

ផ្ទុយពីការជូនពរ ដែលត្រូវបានធ្វើឡើង ដោយក្រុមអ្នកគាំទ្រ និងបណ្ដាមេដឹកនាំជាតិ និងអន្តរជាតិជាច្រើននោះ លោក កឹម សុខា ខ្លួនលោកបានជ្រើសរើសការបង្ហោះរូបថត ឃើញរូបលោកស្លៀកពាក់ខោអាវសមញ្ញ អង្គុយបត់ជើងសំពះម្ដាយរបស់លោក ជាមួយនឹងសារខ្លីៗ ចំនួនបីឃ្លា ដូចខាងក្រោម៖ 

ថ្ងៃនេះកាលពី៦៤ឆ្នាំមុន (ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣) គឺជាថ្ងៃដែលម៉ែ បានផ្ដល់កំណើតឲ្យកូន កូនបានឃើញពន្លឺព្រះអាទិត្យ។ អ្នកម៉ែ តែងតែប្រៀនប្រដៅកូន ឲ្យកូនខិតខំសិក្សារៀនសូត្រ ទោះបីគ្រួសារយើងក្រីក្រក្ដី។

លើសពីនេះទៀត ម៉ែតែងតែទូន្មានប្រដៅ ឲ្យកូនចេះស្រលាញ់ប្រទេសជាតិរបស់ខ្លួន និងចេះជួយយកអាសា ការពារអ្នកទន់ខ្សោយ។

ក្នុងឱកាសថ្ងៃខួបកំណើតខ្ញុំនេះ ខ្ញុំសូមជូនពរដល់អ្នកម៉ែ ដែលមានជន្មាយុ ៨៩ឆ្នាំហើយ សូមអ្នកម៉ែ មានសុខភាពល្អ និងអាយុយឺនយូរបន្ដទៀត ដើម្បីឃើញប្រទេសជាតិយើង មានសន្ដិភាពពេញលេញ និងប្រជាពលរដ្ឋខ្មែរយើង រស់នៅដោយសុខដុមរមនា ដូចអ្វី ដែលម៉ែ ប្រាថ្នាចង់បាននោះ។

លោក កឹម សុខា បានចូលប្រឡូក ក្នុងជីវិតនយោបាយដំបូង ក្នុងឆ្នាំ១៩៩២ ជាមួយគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា កាលនោះដឹកនាំដោយលោក សឺន សាន។ លោកនៅតែមានវត្តមាន នៅក្នុងគណបក្សលោកតាសឺនសាន ដែលជាគណបក្សបង្កើតថ្មី នៅក្រោយការបែកបាក់ផ្ទៃក្នុង នៃគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា។ ប៉ុន្តែ នៅឆ្នាំ១៩៩៩ គណបក្សលោកតាសឺនសាន បានចូលរួមក្នុងគណបក្សហ្វុនស៊ីនប៉ិច ហើយលោក កឹម សុខា នៅពេលនោះ ក៏បានក្លាយជាសមាជិកព្រឹទ្ធសភា ក្នុងអាណត្តិដំបូងរបស់ស្ថាប័នមួយនេះ ដែលទើបនឹងបង្កើត ក្រោមកិច្ចព្រមព្រៀងនយោបាយថ្មី។

នៅឆ្នាំ២០០២ លោក កឹម សុខា ដែលជាវិស្វករជំនាញ​ផ្នែកគីមី ពីប្រទេសឆេកូស្លូវ៉ាគី (អតីតប្រទេសពីរបញ្ចូលគ្នា) បានជ្រើសរើសការចាកចេញ ពីគណបក្សហ្វុនស៊ីនប៉ិច រួចបានបង្កើត និងដឹកនាំមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) រហូតដល់ឆ្នាំ២០០៧។ នៅឆ្នាំ២០០៧នោះ លោកបានលាឈប់ពីមជ្ឈមណ្ឌលនេះ ហើយបានរួមគ្នាជាមួយអ្នកនយោបាយដទៃទៀត ដើម្បីបង្កើតគណបក្សសិទ្ធិមនុស្ស នៅថ្ងៃទី ១៩ ខែមេសា (ឆ្នាំដដែល)។

នៅក្នុងរយៈពេលនេះ លោក កឹម សុខា បានជាប់ពន្ធនាគារ អស់រយៈពេលជាងពីរសប្ដាហ៍ រាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៥ មកទល់នឹងថ្ងៃ ១៦ ខែមករា ឆ្នាំ២០០៦ ក្រោមបទចោទប្រកាន់បរិហារកេរ្តិ៍ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទងនឹង​ម​តិ​យោ​ប​ល់មួយ ​ស​រ​សេ​រដោ​យ​​ជ​ន​មិ​ន​ស្គា​ល់​​អ​ត្ត​ស​ញ្ញា​ណ​ នៅលើ​ប​ដា ​ដែ​ល​បា​ន​ដា​ក់​ប​ង្ហា​ញ​ នៅ​ថ្ងៃ​ប្រា​រ​ព្ធ​ទិ​វា​សិ​ទ្ធិ​ម​នុ​ស្ស​ ខែធ្នូ ឆ្នាំ២០០៥​។

នៅឆ្នាំ២០១២ គណបក្សសិទ្ធិមនុស្ស បានរួមជាមួយគណបក្សសម រង្ស៊ី បង្កើតជាគណបក្សសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន។ ក្រោមការដឹកនាំរបស់លោកទាំងពីរ គណបក្សប្រឆាំងថ្មីមួយនេះ បានដណ្ដើមបានកៅអីនៅក្នុងសភាជាតិ ៥៥ ទល់នឹង៦៨កៅអី ទទួលបានដោយគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច តាំងពីជិត៤ទសវត្សន៍ នៅកម្ពុជា។ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះ លោក កឹម សុខា បានក្លាយជាប្រធានគណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោក សម រង្ស៊ី បានធ្វើលិខិត​លាលែង​ពីគណបក្ស ក្រោមមូលហេតុ ដែលមេដឹកនាំប្រឆាំងរូបនេះ អះអាងថា ដើម្បីស្រោចស្រង់គណបក្ស ពីការរំលាយជាយថាហេតុណាមួយ ក្រោមច្បាប់ស្ដីពីគណបក្សនយោបាយ ដែលកែប្រែថ្មីដោយគណបក្សប្រជាជនកម្ពុជា​របស់លោក ហ៊ុន សែន៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់