ខឹម វាសនា៖ ខ្មែរ​អាត្មា​និយម​និង​ខ្មែរ​ល្ងង់​ខ្លៅ គ្មាន​តម្លៃ​រស់​ទេ

សម្រាប់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតី បានបង្ហាញទស្សនៈថា មនុស្សខ្មែរ ដែលរស់នៅ ក្នុងភាព​អាត្មា​និយម និង​​ភាព​​ល្ងង់ខ្លៅ គ្មានតម្លៃជាមនុស្សទេ ហើយក៏គ្មានតម្លៃសមនឹងរស់នៅ លើផែនដីនេះដែរ។
ខឹម វាសនា៖ ខ្មែរ​អាត្មា​និយម​និង​ខ្មែរ​ល្ងង់​ខ្លៅ គ្មាន​តម្លៃ​រស់​ទេ
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ (រូបថតលើហ្វេសប៊ុក)

នៅទីនេះ ចូរកុំនិយាយពីសិទ្ធិមនុស្ស ឬសិទ្ធិនៃការរស់នៅអ្វីឲ្យសោះ! ព្រោះបើមនុស្ស«ខ្មែរ»ដ៏ច្រើនទាំងនោះ រស់នៅ​ក្នុងភាពជាមនុស្ស«អាត្មានិយម» ឬរស់នៅក្នុង«ភាពល្ងង់ខ្លៅ» ដែលក្លាយទៅជាបន្ទុក របស់អ្នកដទៃ នោះ​មនុស្ស​«ខ្មែរ»ប្រភេទនេះ គ្មានតម្លៃជាមនុស្សទេ ហើយក៏គ្មានតម្លៃសមរស់នៅ លើលោកានេះដែរ។ 

លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯងថា បក្សជួង) បានបង្ហាញ​ពី​ទស្សនៈ​របស់លោក ខាងលើនេះ កាលពីយប់​ម្សិលម៉ិញ ហើយបានសង្កត់​ន័យ​បន្ថែមទៀតថា ពួក«គេ (មនុស្ស​ប្រភេទខាងលើ) មិនគួរបានទទួល​នូវជំនួយណាមួយ ពីអ្នកដទៃ ក្នុងន័យគ្រាន់តែដើម្បី​បន្ថយ​ភាព​អាក្រក់ របស់​ពួក​គេ នៅលើ​ផែនដីនេះ អោយកាន់តែយូរនោះទេ»។ 

ហើយមនុស្សខ្មែរជំពូកខាងលើ មានច្រើនណាស់ រហូតក្លាយជាចំណោទមួយ ដែលប្រធានបក្សជួង សួរឡើង​ជា​ឃ្លា​សរុប​សម្រាប់​ខ្មែរ​ទូទៅថា «អ្វីជាការ​សង្គ្រោះខ្មែរពិតប្រាកដ?»។

ប្រមុខទ័ពជួង បានពន្យល់ទៀតថា៖ «មនុស្សល្អ និងបរិស្ថានធម្មជាតិរងការឈឺចាប់ និងរងការបំផ្លាញ ឲ្យ​វិនាស​ហិនហោច​ដោយស្នាដៃ​មនុស្ស​ប្រភេទ​(ខាងលើ)នេះ ច្រើនរហូតពណ៌នាមិនអស់។ មនសិការ​ជាមនុស្ស ប្រាប់​យើង​ថា ពួកមនុស្សប្រភេទនេះ មិនមានតម្លៃដើម្បីរស់នៅទេ។ ជួយឲ្យ​មនុស្ស​បែប​នេះ​មានហូបចុក មាន​ស្លៀក​ពាក់ មានជំរកស្នាក់នៅ និយាយ​រួមថា ជួយអ្វីក៏ដោយ ឲ្យតែក្នុងន័យ ដើម្បីផ្ដល់ភាពងាយស្រួល និង​បន្ថយ​ការ​រស់នៅ ឲ្យ​មនុស្ស​ធុននេះ សុទ្ធតែជារឿងមិនគួរធ្វើទាំងអស់ ឬអាច​និយាយ​បានថា ជាការជួយ​បំផ្លាញ​សុខ​សន្តិភាព ​របស់មនុស្ស សត្វ និងបរិស្ថាន​ធម្មជាតិ​ទាំង​អស់។»។

អញ្ចឹងធ្វើម៉េចទៅ?

គេគួរ​អរគុណ​លោក ខឹម វាសនា ដែលផ្ដល់នូវ​ដំណោះស្រាយ ឲ្យប្រភេទមនុស្សខ្មែរខាងលើនេះ អាចនៅរស់ និងទទួលបានការអប់រំ មក​វិញ​ដែរ។ លោក​ថា៖ «មានរបស់តែមួយគត់ ដែលយើងគួរផ្ដល់ឲ្យ​ដល់់មនុស្ស​ប្រភេទ​នេះ គឺការអប់រំ​ឲ្យ​មនុស្សប្រភេទនេះ ក្លាយទៅជាមនុស្ស ដែលរស់នៅមា​នប្រយោជន៍ ដល់​​ពិភពលោក មុននឹងពួកគេ​ទទួលបាន​​ជំនួយផ្សេងៗទៀត ដែលជាធាតុចាំបាច់ សម្រាប់ការរស់នៅ​សុខ​ស្រួល និង​យូរ​អង្វែង​របស់​ពួកគេ»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់