អ្នក​ជំនួញ​ដើម​កំណើត​ខ្មែរ​ម្នាក់ ជាប់​ជា​តំណាង​រាស្ត្រ​បារាំង

លោក តាន់ ប៊ុនហុង (Buon Huong Tan) បេក្ខជនតំណាងរាស្ត្រ មកពី​គណបក្ស ដំណើរសាធារណរដ្ឋ (La République en Marche) របស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាន​ជាប់​ឆ្នោត​​ជា​តំណាង​រាស្ត្រ​បារាំង នៃរដ្ឋធានីប៉ារីស កាលពីថ្ងៃបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី១៨ ខែមិថុនានេះ។ ជាមួយនឹងសម្លេងឆ្នោត ៥៥,២៦% លោក តាន់ បានក្លាយជាសមាជិកសភាបារាំង ដែល​មាន​ដើម​កំណើត​ខ្មែរ ដំបូង​គេ​បង្អស់ ដែលចូលទៅអង្គុយ ក្នុងស្ថាប័នច្បាប់ដ៏កំពូល របស់ប្រទេស​បារាំង។ 
អ្នក​ជំនួញ​ដើម​កំណើត​ខ្មែរ​ម្នាក់ ជាប់​ជា​តំណាង​រាស្ត្រ​បារាំង
លោក តាន់ ប៊ុនហុង ជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ (រូបថតលើទ្វីសធើរ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 20, 2017
  • ប្រធានបទ: នយោបាយបារាំង
  • អាន និងបញ្ចេញយោបល់

មានអាយុ៤៤ឆ្នាំ លោក តាន់ ប៊ុនហុង (Buon Huong Tan) ដែលគេស្គាល់លោក ជាមួយនឹងឈ្មោះ​ខ្លី «ប៊ុនតាន់ (Buon Tan)» ជានាយកក្រុមហ៊ុនតែ ដ៏ល្បីមួយ នៅក្នុងប្រទេសបារាំង។ ប៉ុន្តែនៅក្នុងនយោបាយ លោក​មិន​មែន​ទើប​ចូលប្រឡូក ក្នុងពេលថ្មីៗនេះទេ។ លោកជាចៅសង្កាត់រង នៃសង្កាត់ទី១៣ (ដែលមានចៅ​សង្កាត់ មក​ពី​គណបក្ស​សង្គម​និយម - PS) របស់រដ្ឋធានីប៉ារីស តាំងពីឆ្នាំ២០០៨ ហើយលោកក៏ជាទីប្រឹក្សា (ក្នុង​នាម​ជា​ជន​ឯករាជ្យ - គ្មានគណបក្ស) របស់រដ្ឋធានីប៉ារីស ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងទេសចរណ៍​ តាំង​ពី​ឆ្នាំ​​២០១៤​មក​ដែរ។

ងាកទៅមើលអតីតកាលរបស់លោកវិញ លោក តាន់ ដែលចាប់កំណើត ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា បាន​ឆ្លងកាត់របបខ្មែរក្រហម ក្នុងរយៈពេលខ្លីមួយ ដែលខុសពីប្រជាជនកម្ពុជា រាប់លាននាក់ផ្សេងទៀត។ ប៉ុន្តែ​រយៈពេលខ្លីនេះ វាគ្រប់គ្រាន់នឹងធ្វើឲ្យលោក តាន់ និងគ្រួសាររងទុក្ខខ្លោចផ្សារ រហូតគ្រួសាររបស់លោក ដែល​មាន​ដើម​កំណើតចិន ពីខេត្តកង់ទុង (Canton) នៃប្រទេសចិន ត្រូវបង្ខំចិត្ត​ រត់គេចចេញពីកម្ពុជា ឆ្ពោះទៅ​ប្រទេស​វៀតណាម។

គ្រួសារលោកមួយផ្នែក ដែលមិនចងចាកចេញ ពីរាជធានីភ្នំពេញ ត្រូវបានបនប៉ុលពតដុតសម្លាប់ទាំងរស់ នៅ​ក្នុង​ផ្ទះ។ លោក ប៊ុនហុង បានរំលឹករឿងនេះ ប្រាប់សារព័ត៌មាន «Le Parisien»​ ថា៖ «ខ្ញុំមានអាយុ៨ឆ្នាំ នៅ​ពេល​ដែល​ចាក​ចេញ​ពីរាជធានី ភ្នំពេញ បន្ទាប់ពីខ្មែរក្រហម បានឈ្នះសង្គ្រាម និងលើកទ័ពចូលក្រុង។ ខ្ញុំនៅចាំ​រឿង​នេះ ហាក់​ដូច​ទើប​ឆ្លងកាត់ កាលពីម្សិលម៉ិញ។ គ្រួសារខ្ញុំដែលចាកចេញពីភ្នំពេញ ត្រូវបានបង្ខំឲ្យធ្វើការជាទម្ងន់ នៅ​ក្នុង​ចំការ​ពោតមួយកន្លែង។»។

គ្រួសារលោកបានគេចខ្លួន ចេញពីប្រទេសកម្ពុជា តាមផ្លូវទន្លេមេគង្គ រហូតបានជួបជាមួយទូកអ្នកនេសាទមួយ ដែលបានជួយយកអាសារ ដឹកគ្រួសារលោក រហូតដល់ប្រទេសវៀតណាម និងបានជ្រកកោន អស់​រយៈ​ពេល​ជា​ច្រើន​ខែ នៅក្នុងស្ថានទូតនៃប្រទេសបារាំង ប្រចាំនៅរដ្ឋធានី សៃហ្គន (Saïgon - ដែល​ក្រោយ​មក​ក្លាយ​ជា​រដ្ឋធានី ហូជីមិញ)។

លោកបានបន្តទៀតថា នៅក្នុងស្ថានទូតនោះ មានបុគ្គលិកជាស្ត្រីបារាំងម្នាក់ ដែលមានការអាណិតអាសូរ ចំពោះ​គ្រួសារលោក បានជួយខ្នះខ្នែងស្វែងរកលិខិតស្នាម ដើម្បីអាចឲ្យពួកលោកធ្វើដំណើរ មកកាន់​ប្រទេស​បារាំង។ លោក តាន់ និយាយថា តាំងពីពេលនោះមក លោកនិងគ្រួសារ មិនដែលបាន​ជួប​បុគ្គលិកស្ត្រី​ម្នាក់​នោះ ជា​ថ្មី​ទៀត​ឡើយ។

មកដល់ប្រទេសបារាំង លោក តាន់ និងឪពុកបានបើកហាងរកស៊ី លក់ទំនិញចិន-អាស៊ី និងបាន​ចូលរួម ក្នុង​ការ​បង្កើត​ឲ្យ​មាន នូវក្រុងចិន (Chinatown) នៅក្នុងសង្កាត់ទី១៣ នៃរដ្ឋធានីប៉ារីស។ លោកបានបញ្ជាក់ថា សហគមន៍​នៃ​បណ្ដាជន ដែលមានដើមកំណើត​អាស៊ី មិនបានរស់នៅដាច់ដោយឡែក ពីសង្គមបារាំងទេ។ លោក​ តាន់ បានថ្លែង​នៅពេលលោក ក្លាយ​ជាចៅសង្កាត់រងថា៖ «ប្រទេសបារាំង​បានផ្ដល់មកឲ្យខ្ញុំ នូវទំនុកចិត្ត ដូចដែល​ប្រទេសនេះ បានទទួលខ្ញុំ ដែលជាជនភៀសខ្លួន នៅក្នុងទសវត្សន៍ឆ្នាំ៧០។ ខ្ញុំចង់និយាយ​ទៅ​ប្រទេស​បារាំង​ថា អរគុណ។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់