គ.ជ.ប ទទួល​ស្គាល់ CPP ឈ្នះ​នៅ​ឃុំ​ដូង ខេត្ត​ស្វាយរៀង

ចុងក្រោយបំផុត និងចប់ផ្លូវតវ៉ា អាសនៈមេឃុំ នៅក្នុងឃុំដូង ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ដែលមាន​ព្រំ​ប្រទល់ ជាប់នឹង​ប្រទេសវៀតណាម ត្រូវបាន​ទៅ​គណបក្ស​ប្រជាជនកម្ពុជា បន្ទាប់ពីការរាប់សន្លឹក​ឆ្នោតឡើង​វិញ កាល​ពីម្សិល​ម៉ិញ។ លទ្ធផលបឋម នៅមុនការតវ៉ា និងការរាប់សន្លឹកឆ្នោតឡើងវិញ បានបង្ហាញផ្សេងថា គណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នក​ឈ្នះ។
គ.ជ.ប ទទួល​ស្គាល់ CPP ឈ្នះ​នៅ​ឃុំ​ដូង ខេត្ត​ស្វាយរៀង
សន្លឹកឆ្នោតដ៏ប្រទាំងប្រទើស នៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ (រូបថតលើហ្វេសប៊ុក)

រាល់សន្លឹកឆ្នោត ដែលត្រូវបានចាត់ទុក ជាសន្លឹកឆ្នោតមិនបានការ នៅក្នុងការរាប់សន្លឹកឆ្នោត នៅនឹងកន្លែង ភ្លាមៗ​បន្ទាប់ពីបោះឆ្នោតហើយនោះ គឺជា​មូលហេតុដ៏សំខាន់ ដែលធ្វើឲ្យលទ្ធផលបិទផ្លូវតវ៉ា ចេញផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ផ្ដល់ជ័យជំនះ​ឲ្យទៅ​គណបក្ស​ប្រជាជនកម្ពុជា។ នេះ បើ​តាម​សេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយស្ថាប័នធម្មនុញ្ញ រៀបចំការបោះឆ្នោតមួយនេះ កាលពី​ល្ងាច​ម្សិលម៉ិញ។

ការសម្រេចចុងក្រោយនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីការរាប់សន្លឹកឆ្នោតឡើងវិញ អស់រយៈពេល២ថ្ងៃ សម្រាប់​ការិយាល័យទាំង២៣ និងបន្ទាប់​ពី​មាន​ការជជែកគ្នា យ៉ាងតឹងសរសៃក រវាងតំណាង​​គណបក្ស​​ប្រជាជន​​​កម្ពុជា ​និង​​​គណបក្ស​​​សង្គ្រោះ​​ជាតិ។ បើគិតជាសំឡេងឆ្នោត គណបក្សប្រជាជនកម្ពុជា បានឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ តែពីរ​សម្លេង​ប៉ុណ្ណោះ (២,៦១១​​សំឡេងទល់នឹង ​២,៦០៩​សំឡេង) និងផ្ទុយពីលទ្ធផលបឋម ដែល​បង្ហាញ​ថា គណបក្ស​ប្រឆាំងបានឈ្នះ លើគណបក្សកាន់អំណាចសំឡេង (​២៥៩៩​សំឡេង ទល់នឹង២៥៩៦​សំឡេង) ។

ប៉ុន្តែលទ្ធផល នៃការរាប់​សន្លឹក​ឆ្នោត​បឋម នៅនឹងកន្លែងនេះ មិនត្រូវបាន​គណបក្ស​​ប្រជាជន​កម្ពុជា​ទទួល​យល់​ព្រម និងបាន​​ប្តឹងតវ៉ា ​ទៅ​គណៈកម្មការ​ខេត្ត​រៀបចំ​ការបោះឆ្នោត (PEC) ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ។ នៅទី​នោះ និង​ក្រោយពី​ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​នោះ លទ្ធផល​បាន​ប្រែប្រួល ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​​ឈ្នះ​វិញ ដោយទទួលបាន ៦សំឡេងលើសគណបក្សសង្គ្រោះជាតិ។ លើកនេះ គឺគណបក្សសង្គ្រោះជាតិ ជា​អ្នក​មិនទទួល​យក​ការសម្រេច​នៅថ្នាក់ខេត្ត ហើយក៏​បាន​ប្ដឹង​ ឡើងមកថ្នាក់ជាតិ (គ.ជ.ប) ដើម្បី​សុំ​ឲ្យ​ដោះ​ស្រាយ​បញ្ហា​នេះ កាលពី​ថ្ងៃទី ១២ មិថុនាពីរថ្ងៃមុន។

» សេចក្ដីប្រកាសព័ត៌មានទាំងស្រុង របស់គ.ជ.ប៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់