ខៀវ សុភ័គ ទទួល​ស្គាល់​ថា​បាន​គំរាម NGO មុន​ពេល​បោះ​ឆ្នោត

កាលពីសប្ដាហ៍មុន លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងព្រមានថា អង្គការមិនមែន​រដ្ឋាភិបាល​​មួយ​​ចំនួន និងថ្នាក់ដឹកនាំរបស់អង្គការទាំងនោះ ត្រូវបានចុះក្នុង«បញ្ជីខ្មៅ» និងដាក់​ក្រោយ​ការ​ស៊ើប​​អង្កេត ចំពោះ​ការ​ជួយ​គណបក្ស​ប្រឆាំង ក្នុងការបោះឆ្នោត​ជ្រើសតាំង ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិ​ទី៤។ តែ​នៅ​​សប្ដាហ៍​​នេះ អ្នកនាំ​ពាក្យ​ដដែល បាន​ទទួល​​ស្គាល់​ថា ការព្រមាននោះ គឺជាការ​«គម្រាម» ដើម្បី​«បន្លាច»​​ពួកគេ។
ខៀវ សុភ័គ ទទួល​ស្គាល់​ថា​បាន​គំរាម NGO មុន​ពេល​បោះ​ឆ្នោត
លោកឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។ (រូបថតសហការី)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 09, 2017
  • ប្រធានបទ: សិទ្ធិ NGO
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

និយាយព្រមាន ព្រោះចង់គំរាម! នេះបើតាមការលើកឡើង​របស់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានថ្លែងកាលពីម្សិលមិញ ប្រាប់សារព័ត៌មាន ខេមបូឌាដេលី ទាក់ទងនឹងការលើកឡើងរបស់លោក កាល​ពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍កន្លងទៅ ដែលថា អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន និងថ្នាក់ដឹកនាំ​របស់​អង្គការ​ទាំង​នោះ ត្រូវបានចុះក្នុងបញ្ជីខ្មៅ និងដាក់ឲ្យស្ថិត​ក្រោមការអង្កេតតាមដាន ចំពោះការជួយគណបក្ស​ប្រឆាំង​ដោយ​ខុស​ច្បាប់។

មន្ត្រីអ្នកនាំពាក្យបានពន្យល់ ពីការគំរាមនេះ ដូច្នេះថា៖ «ខ្ញុំគ្រាន់តែនិយាយ (កាលពីសប្ដាហ៍មុន) ថា ក្រសួង​មហា​ផ្ទៃ​បាន​ចាប់ផ្ដើម ការស៊ើបអង្កេតហើយ ព្រោះ​យើង​ចង់​គំរាម​​អង្គការ​ទាំងនោះឱ្យខ្លាច បើមិនអ៊ីចឹងទេ ពួកគេ​នឹង​ធ្វើ​គ្រប់​បែបយ៉ាង តាមចិត្តចង់ដែលបំពានច្បាប់»។

នៅចំពោះការសួរដេញដោល ពីសំណាក់អ្នកសារព័ត៌មាន ជុំវិញការរើសអ៊ើង ទៅលើក្រុមអង្គការសង្គមស៊ីវិល ដែល​បានធ្វើឡើង ពីក្រសួងរដ្ឋមួយនេះ លោក ខៀវ សុភ័គ បានសួរដោយសំដីខ្លាំងៗ តបទៅអ្នក​សារព័ត៌មាន​វិញ​ថា៖ «ម៉េចក៏អ្នកឯងសួរពីករណីនេះ? ការបោះឆ្នោតឃុំ សង្កាត់ បានបញ្ចប់ហើយ ហើយក៏គ្មានអ្វី​កើត​ឡើង ចំពោះ អង្គការ​ទាំង​នោះ​ដែរ។ អ្នកឯងសួរខ្ញុំសំណួរនេះ ដើម្បីបង្កបញ្ហាដល់ប្រជាពលរដ្ឋ និងដើម្បីបង្ក​ជម្លោះ។»។

លោក ខៀវ សុភ័គ មិនបានបញ្ជាក់ឲ្យច្បាស់ ថាអង្គការសង្គមស៊ីវិលទាំងនោះ មានប៉ុន្មាន និង​ជាអង្គការ​សមាគម​ឈ្មោះ​អ្វី​ឡើយ តែក្នុងចំណោមនោះ មានអង្គការការពារ​សិទ្ធិមនុស្ លីកាដូ (Licadho) និងសមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc)។ សារ​ព័ត៌មានមួយ ដែលល្បីជាអ្នកនាំពាក្យ ឲ្យរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា បានស្រង់សម្ដីមន្ត្រីសន្តិសុខជាតិម្នាក់ មកបញ្ជាក់ថា អង្គការទាំងនោះ មានទីតាំង​នៅត្រង់​ម្ដុំ​ចំការ​មន រាជធានីភ្នំពេញ។

លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីមួយរូប ពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស លីកាដូ មិនបានសំដែងការភ្ញាក់ផ្អើលអ្វីទេ នៅ​ចំពោះការគំរាមនេះ ដោយសារតែអង្គការរបស់លោក ធ្លាប់រងការគំរាមជាច្រើន រួចមកហើយ។ លោកថា៖ «កន្លង​មក យើងបានទទួលការគំរាមកំហែងជាច្រើន។ សកម្មភាពរបស់អង្គការយើង បានប៉ះពាល់​ដល់​កិត្តិយស របស់​គណបក្ស​ប្រជាជនកម្ពុជា និងធ្វើឱ្យគណបក្សកាន់អំណាចនេះ បាត់បង់ប្រជាប្រិយភាព ដោយ​សារ​តែ​មន្ត្រី​របស់​ខ្លួន​ធ្វើ​ខុស។»។

កាលពីថ្ងៃពុធម្សិលម៉ិញ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ទទួលបន្ទុកក្នុងតំបន់អាស៊ីអាគ្នេយ៍ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ស្នើឲ្យ​មានការកែលម្អ​បរិយាកាស សម្រាប់សង្គមស៊ីវិល និងបញ្ឈប់រាល់​ការ​គម្រាម​កំហែង ផ្នែក​នយោបាយ ទៅលើពួកគេ និងសមាជិកគណបក្សប្រឆាំង។ សេចក្ដីថ្លែងការណ៍បាន​សរសេរ​ថា៖ «រាល់​ការ​គំរាម​កំហែង​ខាង​នយោបាយ និងការចាប់ខ្លួនសកម្មជន របស់អង្គការសង្គមស៊ីវិល និង​សមាជិក​គណបក្ស​ប្រឆាំង គួរត្រូវបញ្ឈប់ ដើម្បីឲ្យពួកគេ​បន្តដើរតួនាទី​ស្របច្បាប់​នៅក្នុង​ប្រទេសកម្ពុជា ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ ជាពិសេសនៅមុនការបោះឆ្នោតជាតិ នាឆ្នាំក្រោយ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...