បង្ក្រាប​ជន​ម្នាក់​ដែល​វាយប្រហារ​លើ​នគរបាល នៅ​មុខព្រះវិហារកាតូលីក នៃរដ្ឋធានីប៉ារីស

បុរសម្នាក់ ប្រដាប់ដោយញញួរ បានបើកការវាយប្រហារ ទៅលើភ្នាក់ងារនគរបាលមួយរូប នៅខាងមុខទីលានរបស់ព្រះវិហារកាតូលីកដ៏ល្បី «Notre-Dame» នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង។ ប៉ុន្តែភ្នាក់ងារនគរបាលរូបនោះ បានផ្ទុះអាវុធការពារខ្លួនវិញ បណ្ដាលឲ្យជនម្នាក់នេះ របួសដេកដួល នៅនឹងដី។
បង្ក្រាប​ជន​ម្នាក់​ដែល​វាយប្រហារ​លើ​នគរបាល នៅ​មុខព្រះវិហារកាតូលីក នៃរដ្ឋធានីប៉ារីស
ភ្នាក់ងារនគរបាល ការពារសណ្ដាប់ធ្នាប់ នៅមុខព្រះវិហារកាតូលីក «Notre-Dame» នៃរដ្ឋធានីប៉ារីស។ (រូបថត Reuters)
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី០៦ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 06, 2017
  • ប្រធានបទ: ភេរវកម្មនៅប៉ារីស
  • អាន និងបញ្ចេញយោបល់

សាក្សីជាច្រើននាក់ បានឃើញបុរសម្នាក់ ដកញញួរចេញ ហើយរត់សំដៅ ទៅវាយលើភ្នាក់ងារនគរបាលមួយរូប នៅលើទីលាន ខាងមុខព្រះវិហារកាតូលីកដ៏ល្បី ឈ្មោះ «Notre-Dame» នៃរដ្ឋធានីប៉ារីស។ បើតាមស្នងការនគរបាលនៃរដ្ឋធានី ប៉ារីស បានបញ្ជាក់បន្ថែមថា បុសរូបនោះ ត្រូវបានជនរងគ្រោះ (ដែលជានគរបាល) ផ្ទុះអាវុធការពារខ្លួន បាញ់សដៅវិញ បណ្ដាលឲ្យរបួសដេកដួល នៅលើដី។

សាក្សីម្នាក់ទៀត បានអះអាង បានឮសូរសម្លេងស្រែកដ៏ខ្លាំងមួយ និងបន្ទាប់មកបានឃើញ​មនុស្សផ្អើលឈូឆរ នៅខាងមុខព្រះវិហារ ដែលសម្បូរទៅដោយទេសចរណ៍ ក្នុងមួយឆ្នាំៗ។ សាក្សីដដែលបានបន្តថា៖ «មនុស្សម្នានាំគ្នាជ្រួលច្របល់ ហើយខ្ញុំបានឭសូរសម្លេងផ្ទុះអាវុធ ចំនួនពីរគ្រាប់ និងបន្ទាប់មក ឃើញបុរសម្នាក់ ដេកដួលនៅលើដី។ ខ្ញុំឃើញមានស្លាកស្នាមឈាម នៅពាសពេញទីកន្លែងនោះ។»។

ប្រភពពីអាជ្ញាធរ បា​នឲ្យដឹងថា ភ្នាក់ងារនគរបាល ដែលរងគ្រោះពីការវាយប្រហារនោះ បានរងរបួសស្រាល។ ស្នងការនគរបាល នៃរដ្ឋធានីប៉ារីស បានស្នើសុំឲ្យបណ្ដាជនទាំងឡាយ បញ្ជៀសការធ្វើដំណើរទៅក្បែរទីនោះ ខណៈសង្កាត់នៅជុំវិញព្រះវិហារទាំងមូល ត្រូវបានឡោមព័ទ្ធជុំជិត ដោយកងកម្លាំងពិសេស បង្ក្រាបភេរវកម្ម និងកងកម្លាំងសង្គ្រោះ។

ការិយាល័យស៊ើបអង្កេត ប្រឆាំងភេរវកម្ម របស់រដ្ឋអាជ្ញានៃសាធារណរដ្ឋ ប្រចាំរដ្ឋធានីប៉ារីស បានប្រកាសថា សំនុំរឿងភេរវនិយមមួយ កំពុងត្រូវបានបើក ដើម្បីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ទាក់ទងនឹងហេតុការណ៍នេះ។

ហេតុការណ៍វាយប្រហារខាងលើ បានកើតឡើង នៅ៣ថ្ងៃក្រោយការវាយប្រហារ កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ នៅរាជធានី ឡុងដ៍ នៃចក្រភពអង់គ្លេស ដែលត្រូវបានអង្គការភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) ចេញមុខប្រកាសទទួលស្គាល់ នៅពេលក្រោយមក។ ភេរវកម្មដែលធ្វើឡើង នៅពីរកន្លែងកណ្ដាលរាជធានី ឡុងដ៍ នោះ បានសម្លាប់មនុស្ស៧នាក់ និងធ្វើឲ្យរបួស ច្រើនសិបនាក់ទៀត។

រាប់ចាប់តាំងពីខែមករា ឆ្នាំ២០១៥មក ប្រទេសបារាំង​បានរងអំពើ​ភេរវកម្មជាច្រើន នៅលើទឹកដីរបស់ខ្លួន រាប់ទាំងនៅក្នុងរដ្ឋធានីប៉ារីស ទីក្រុងនីស (Nice - ទីក្រុងមាត់សមុត្រភាគខាងត្បូង) និងតំបន់មួយចំនួនទៀត។ ភេរវកម្មទាំងនោះ បានសម្លាប់មនុស្សសរុបចំនួន ២៣៩នាក់ និងរបួសច្រើនរយនាក់។

ភេរវកម្មចុងក្រោយ (មុនលើកនេះ) បានកើតឡើង កាលពីថ្ងៃទី២០ ខែមេសាកន្លងទៅ នៅលើមហាវិថី «Champs Elysées» ដ៏ល្បីនៃរដ្ឋធានី បង្កឡើងដោយជនម្នាក់ ជាតិបារាំង ដែលបានបើកការបាញ់រះ សម្លាប់ភ្នាក់ងារនគរបាលមួយរូប និងធ្វើឲ្យរបួសភ្នាក់ងារនគរបាលពីររូបទៀត។ ជនម្នាក់នេះ ត្រូវបានកងកម្លាំងអាជ្ញាធរបាញ់សម្លាប់ និងបន្ទាប់មក ត្រូវបានក្រុមរដ្ឋអ៊ីស្លាម ចេញមុខមកទទួលស្គាល់ថា ជា«យុទ្ធជនស្ម័គ្រប្រយុទ្ធ»មួយរូប របស់ខ្លួន៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់