ខៀវ កាញារីទ្ធ៖ ៧០%​ជា​យុវជន មិន​ខ្លាច​សង្គ្រាម​ទេ!

រដ្ឋមន្ត្រីព័ត៌មាន និងជាសមាជិកជាន់ខ្ពស់ របស់គណបក្សកាន់អំណាច នៅកម្ពុជា លោក ខៀវ កាញារីទ្ធ បាន​យក​សំណេរ​របស់ប្រិយមិត្តម្នាក់ មកសរសេរបន្ត ដោយលើកឡើងថា ប្រជាជនកម្ពុជាប្រមាណជា៧០% ដែល​កើត​ក្រោយ​ឆ្នាំ ១៩៧៩ មិនខ្លាចសង្គ្រាមទេ! បើកាន់តែគម្រាម យុវជនទាំងនោះ កាន់តែ«ផ្គើន»។
ខៀវ កាញារីទ្ធ៖ ៧០%​ជា​យុវជន មិន​ខ្លាច​សង្គ្រាម​ទេ!
លោក ហ៊ុន សែន ជូតទឹកភ្នែកនៅមុខកាម៉េរ៉ា នៅក្រោយព្រឹត្តិការណ៍ យុវជនរត់ជាន់គ្នា លើកោះពេជ្រ កាលពីឆ្នាំ២០១០ ដោយមិនឃើញថា លោកបានចាត់វិធានការអ្វីធំដុំ។ (រូបថត Reuters)

របូតអស់ ជិត៥០០កៅអីឃុំសង្កាត់... ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អណត្តិទី៤នេះ គណបក្ស​ប្រជាជនកម្ពុជា ដែលកាន់អំណាចនៅកម្ពុជា តាំងពីច្រើន​ទសវត្សន៍​មកនោះ ហាក់មើល​ឃើញ​ពី​ផ្លូវ​ដើរ​ថ្មី ដើម្បី​ឲ្យ​គណបក្ស​អាច​បន្ត​កាន់អំណាច តទៅមុខ​ទៀត! នៅ​ថ្ងៃ​នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីព័ត៌មាន និង​ជា​សមាជិក​ជាន់​ខ្ពស់មួយរូប របស់គណបក្សប្រជាជន​កម្ពុជា បាន​​ស្រង់​​យក​​ទស្សនៈ​មួយ របស់​ប្រិយមិត្ត​របស់​លោក ឈ្មោះ «គីម ហ៊ាង» មកសរសេរនៅលើ​ជញ្ជាំង​ហ្វេសប៊ុក​របស់​លោក ទាក់ទងនឹងគោល​នយោបាយ​ ដ៏​សំខាន់​មួយ ដែល​គណបក្ស​គប្បី​ប្រកាន់​យក ជាជាង​«ការ​គម្រាម​ពី​សង្គ្រាម»។

ដំណកស្រង់នោះ មានសេចក្ដីទាំងស្រុងថា៖ «ប្រជាជនយើងមានប្រហែល៧០% កើតក្រោយ ០៧ មករា ១៩៧៩ ហើយអ្វីដែលពួកគាត់ចង់បាន គឺការយកចិត្តទុករបស់ CPP ទៅលើអនាគត និងយុវជន ហើយ​យុវជន​មិន​ខ្លាច​សង្រ្គាមទេ បើកាន់តែគំរាម យុវជនកាន់ផ្គើន តែបើ CPP មានគោលនយោបាយ ផ្តោតលើ​យុវជន​កាន់​តែ​ច្រើន នោៈពួកគាត់នឹងគាំទ្រដោយស្មោៈចិត្ត! និយាយយ៉ាងខ្លី គឺមិនអាចគំរាមបានទេ តែត្រូវយកចិត្ត តាម​រយៈ​គោល​នយោបាយ​យុវជន!»។

នៅមុន​នេះបន្តិច លោករដ្ឋមន្ត្រីក៏បានស្រង់ការលើកឡើង របស់លោក គីម ហ៊ាង មកសរសេរដែរ ទាក់ទង​នឹង​ចម្រៀង ដែលគណបក្ស​ប្រជាជនកម្ពុជា តែងច្រៀង​រំលឹក​គុណ​ថ្ងៃ៧ មករា។ លោកបានសរសេរថា៖ «ចម្រៀង​ដដែលៗ​របស់ CPP ដែលតែងតែរំលឹកគុណពី ០៧ មករា ១៩៧៩ គួរតែមានការ Update សម្រាប់ឆ្នាំ ២០១៨ ព្រោៈ​ក្មេង​ក្រោយ​គ្រាប់ផ្លោង ជាម្ចាស់ឆ្នោត ២០១៨ និងទៅអនាគត មិនសូវចាប់អារម្មណ៌ទេ!»។

ជារៀងរាល់ពេលមុនការបោះឆ្នោត មេដឹកនាំគណបក្សកាន់អំណាច នៅកម្ពុជា ជាពិសេសលោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី-ប្រធានគណបក្ស តែងលើកឡើង​សឹង​តែ​នៅ​គ្រប់​ការថ្លែងជាសាធារណៈ គម្រាមពីការ​ត្រៀម​ធ្វើ​សង្គ្រាម ឬការផ្ទុះសង្គ្រាមក្នុងស្រុកជាថ្មីឡើងវិញ ប្រសិនណា​ជាគណបក្សប្រជាជនកម្ពុជារបស់លោក ចាញ់​ឆ្នោត។ ក្រៅពីការថ្លែងគម្រាមដូច្នេះហើយ ក្រុមមេដឹកនាំទាំងនេះ នៅបានអួតអាងពីសមិទ្ធិផល ដែល​រដ្ឋាភិបាល​គណបក្ស​ប្រជាជនកម្ពុជា សម្រេចបាន ដោយប្រៀបធៀប​ស្នាដៃ​ទាំងនេះ ទៅនឹងចំណុចសូន្យ (ចំណុច ដែល​ចេញ​ពី​របប​ប្រល័យពូជសាសន៍ ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩)។

ប៉ុន្តែភាគតិចណាស់ ដែលក្រុមមេដឹកនាំនយោបាយ មកពីគណបក្សកាន់អំណាច​ទាំងនេះ លើកឡើងពន្យល់​ពី​នយោបាយ និងពីទស្សនៈវិស័យ សម្រាប់អនាគតវែងឆ្ងាយ ជាពិសេស​សម្រាប់​យុវជន​ជំនាន់​ក្រោយ ខណៈ​យុវជន​​មាន​ចំនួន ប្រមាណជា៧០% នៃចំនួនប្រជាជនសរុប កំពុងរង់ចាំដោយស្រេកឃ្លាន ពីចំណាត់​ការ​ទាំង​នោះ ដែល​​ផ្ទុយ​​ស្រឡះ​​ទាំង​ស្រុង ពីការលើកឡើង ទាក់ទងនឹងសង្គ្រាម។ សង្គ្រាម ដែលគ្មានអ្នក​ជំនាញ​ណា​ម្នាក់ គិតថា​​នឹង​អាច​កើត​មាន​នៅកម្ពុជាវិញឡើយ ក្រៅតែពី​អ្នក​គាំទ្រ​លោក ហ៊ុន សែន ដែល​​ប្រដាប់​​ដោយ​​អាវុធ ​ចេញមុខងាក​​មកប្រឆាំង​ នឹងលទ្ធផលនៃការបោះឆ្នោត បន្ទាប់ពីលោក ហ៊ុន សែន ចាញ់ឆ្នោត។

«បញ្ហាមិន​តិច​ជាង ៣ម៉ឺន ៤ពាន់ ព្រះធម្មខណ្ឌ»

ការលើកឡើងខាងលើ របស់លោក ខៀវ កាញារីទ្ធ បើទោះជាសំណេរនេះ ជាការដកស្រង់សំដីអ្នកផ្សេង​ក៏ដោយ ក៏វាត្រូវបាន​មនុស្សជាច្រើន សំដែងការគាំទ្រ។ ក្រុមអ្នក​គាំទ្រខ្លះ បានជំរុញឲ្យលោក គីម ហ៊ាង ដែល​ជា​ម្ចាស់​គំនិត​ខាងលើ ក្លាយជាទី«ប្រឹក្សាឲ្យរដ្ឋាភិបាល» ដោយហេតុថា«រដ្ឋាភិបាលមើលមិនអស់»។ តែអ្នក​គាំទ្រ​ទាំង​នោះ​ទំនង​​ជា​​ភ្លេច​ថា រដ្ឋាភិបាលលោក ហ៊ុន សែន មានក្បាលធំ-មហាធំ និងមានទីប្រឹក្សា ជំនួយ​ការ​រាប់​មិន​អស់ នោះផងទេ។

ប៉ុន្តែប្រិយមិត្តខ្លះទៀត បានលើកឡើងថា ការលើកឡើងរបស់លោក គីម ហ៊ាង គ្រាន់តែជាជ្រុង​តូច​មួយ​ប៉ុណ្ណោះ។ ប្រិយមិត្តម្នាក់ដាក់ឈ្មោះ «អ្នក ប្រុស ម៉ុច» បាន​សរសេរ​ថា៖ «បញ្ហាមានច្រើនលើសលប់ មិន​តិច​ជាង ៣ម៉ឺន ៤ពាន់ ព្រះធម្មខណ្ឌទេ។ សិក្សាស៊ីជំរៅ ឲ្យកាន់តែលឿន និងមានប្រសិទ្ធភាពរឹតតែល្អ ក្រែង​ស្ថានភាព​​ប្រសើរ​ជាងនេះ។ យុវជនអាចជួយបាន? វាមិនអាចទេ! នៅភ្នំពេញ យុវជនឡើងមកថ្មីៗរបស់ CPP ធ្វើព្យុះ​ធ្វើ​ភ្លៀង​សម្បើមណាស់ មិនថាចាស់មិនថាក្មេង ឲ្យតែបាន​ធ្វើការ​រដ្ឋ តាំងខ្លួនដូចស្តេច [និង]​តែង​តែ​ច្រលំ​ថា​ខ្លួន​តួរឯករហូត ភ្លេចខ្លួនថា មានតួនាទីបំរើររាស្រ្ត។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់