ស្ពាន​អាកាស​ចែក​ផ្លូវ​ធំ​ជាង​គេ​នៅ​ចិន ទើប​នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស

ស្ពានអាកាស ដែលមានប្រាំជាន់ សម្រាប់ចែកផ្លូវ ទៅកាន់ទិសដៅច្រើនតំបន់ ទើបនឹងត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ នៅឯជាយក្រុង «Chongqing» ភាគកណ្ដាលនៃប្រទេសចិន កាលពីសប្ដាហ៍កន្លងទៅ។ ប៉ុន្តែស្ពានអាកាស ដ៏ស្មុគ្រស្មាញទាំងនេះ មិនបានបង្កភាពងាយស្រួលឡើយ សម្រាប់ក្រុមអ្នកបើកបរ ដែលត្រូវប្រកាន់យកឥរិយាបថថ្មី និងទម្លាប់ថ្មី នៅក្នុងការស្វែងរកទិសដៅរបស់ខ្លួន។
ស្ពាន​អាកាស​ចែក​ផ្លូវ​ធំ​ជាង​គេ​នៅ​ចិន ទើប​នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស
ស្ពាន «Huangjuewan» នៃក្រុង ចុងគីន មើលពីលើអាកាស។ (រូបថត Chinanews)
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៦ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 06, 2017
  • ប្រធានបទ: ហេដ្ឋារចនាសម្ព័ន្ធ
  • អាន និងបញ្ចេញយោបល់

ក្រុមអ្នកបើកបរ បានហៅបណ្ដាញស្ពានអាកាស ចែកផ្លូវថ្មី កំពស់៥ជាន់ នៅក្នុងតំបន់ជាយក្រុង​ ចុងគីន (Chongqing) ភាគកណ្ដាលនៃប្រទេសចិន ថាជា«នំបញ្ចុក» ដែលមិនទាន់ចាប់ចង្វាយ។ ស្ពានអាកាសចែកផ្លូវនេះ មានឈ្មោះរួមថា «Huangjuewan» ហើយត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ កាលពីសប្ដាហ៍កន្លងទៅ បន្ទាប់ពីបានស្ថិតក្នុងការសាងសង់ តាំងពី៨ឆ្នាំមកហើយ។

ស្ពានអាកាសដែលខ្ពស់ជាងគេ មានកំពស់ដល់ទៅ ៣៧ម៉ែត្រ ខណៈស្ពាននីមួយៗ ត្រូវបានសង់បែកផ្លូវ ជាខ្នែងទៅកាន់ទិសដៅ មិនតិចជាង១៥ទិសដៅ ដោយមិនទាន់រាប់ពីទិសដៅ ទាំងទៅទាំងមក។

ប៉ុន្តែស្ពានអាកាសដ៏រវាមទាំងនេះ នៅមិនទាន់ជួយ ផ្ដល់ភាពងាយស្រួល ឲ្យអ្នកបើកបរយានទាំងឡាយនោះទេ បើសូម្បីអ្នកទាំងនោះ មានប្រព័ន្ធនាំផ្លូវ «GPS» ហើយក៏ដោយ។ ក្រុមអ្នកបើកបរ បានសរសេរព្រមាន បែបចំអក ដាក់នៅលើបណ្ដាញសង្គមចិន «Weibo» ថា៖ «បើអ្នកឯងបើកបរច្រឡំ យកផ្លូវចេញណាមួយនោះ អ្នកនឹងមកដល់ក្រុង ចុងគីន យឺតពេលជាង១ថ្ងៃ ពោលទាល់តែស្អែកឡើង ទើបអ្នកឯងមកដល់»។

អ្នកបើកបរមួយរូបផ្សេង បានសរសេរបែបកំប្លែងឡើងថា៖ «ម៉ាស៊ីននាំផ្លូវ "GPS" បាននិយាយឡើងថាៈ អ្នកឯងចង់ទៅណាទៅទៅ តែសូមកុំមករំខានខ្ញុំ»។ ខណៈប្រិយមិត្តម្នាក់ទៀត បានឲ្យនិយមន័យក្រុង ចុងគីន ជាមួយនឹងបណ្ដាញចែកផ្លូវថ្មី របស់ទីក្រុងនេះ ដូច្នេះថា៖ «ក្រុង ចុងគីន ទីក្រុង​ដ៏​អាថ៌កំបាំង ដែលគេមិន​អាច​រក​ច្រក​ចាក​ចេញ​បាន»។

យ៉ាងណា បញ្ហាខាងលើនេះ ទំនងជាបានកើតឡើង ដោយសារទម្លាប់ចាស់ របស់ក្រុមអ្នកបើកបរ ព្រោះមានអ្នកបើកបរខ្លះ ក៏បានថ្លែងសរសើរពីគម្រោងថ្មី ដែលទើបនឹងដាក់ ឲ្យប្រើប្រាស់នេះដែរ។ អ្នកបើកបរម្នាក់នោះ បានសរសេរអួត ពីសមិទ្ធិផលថ្មី របស់ក្រុង ចុងគីន ថា៖ «Huangjuewan ស្ពានអាកាសដែលមានតែមួយ កំពស់៥ជាន់ៈ ខ្ញុំបានឆ្លងកាត់ទីនោះ ដោយគ្មានចាំបាច់ប្រើម៉ាស៊ីន "GPS" ហើយខ្ញុំក៏មិនបានវង្វេងអ្វីដែរ»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់