ឃោសនា​បញ្ចប់៖ CPP អះអាង​ពី​ចំនួន​១៥ម៉ឺន ខណៈ CNRP លើក​ឡើង​ពី៥០ម៉ឺន

សង្គ្រាមតួលេខ កំពុងផ្ទុះឡើង រវាងគណបក្សធំទាំងពីរ នៅក្នុងថ្ងៃចុងបញ្ចប់ នៃយុទ្ធនាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នេះ។ ខណៈគណបក្សប្រជាជនកម្ពុជា ក្រោមវត្តមានរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្ស បានអះអាងពីវត្តមានអ្នកចូលរួម ចំនួន១៥ម៉ឺន ថាមិនដែលធ្លាប់មានពីមុនមកនោះ គណបក្សសង្គ្រោះជាតិ បានអះអាងថា អ្នកចូលរួមដង្ហែយុទ្ធនាការជាមួយខ្លួន មានចំនួនដល់ទៅ ៥០ម៉ឺននាក់។
ឃោសនា​បញ្ចប់៖ CPP អះអាង​ពី​ចំនួន​១៥ម៉ឺន ខណៈ CNRP លើក​ឡើង​ពី៥០ម៉ឺន
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន និងលោក កឹម សុខា កំពុងដឹកនាំក្បួនឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០១៧នេះ។ (រូបថតលើហ្វេសប៊ុក)

ក្រុមមន្ត្រីគណបក្សប្រជាជនកម្ពុជា បានអះអាងពីវត្តមានដ៏ធំសម្បើម នៃអ្នកចូលរួមដង្ហែឃោសនាបោះឆ្នោត ក្នុងរាជធានីភ្នំពេញ សម្រាប់ថ្ងៃចុងក្រោយ [ព្រឹក]ថ្ងៃទី២ ខែមិថុនានេះ ថាមានចំនួន ១៥ម៉ឺននាក់។ តែក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជាវិញ បានលើកឡើងពីចំនួនអ្នកចូលរួមគាំទ្រ និងដង្ហែក្បួន ក្នុងពេលរសៀលថ្ងៃដដែល ថាមានរហូតដល់ទៅ ៥០ម៉ឺននាក់។ តែមិនមានប្រភពឯករាជ្យណាមួយ មកបញ្ជាក់ពីតួលេខនេះបានទេ។


យ៉ាងណា គេសង្កេតឃើញ ក្រុមអ្នកគាំទ្រគណបក្សកាន់អំណាច មានមួយភាគធំ គឺជាមន្ត្រីរាជការ។ ប្រភពមួយពីក្រសួងមហាផ្ទៃ ដែលស្រង់សំដី ដោយវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) បានអះអាងថា មន្ត្រីរា​ជ​ការ​​នៅក្នុ​ង​​ក្រសួងមហាផ្ទៃ​ប្រហែលជា៧០ភាគរយ បានដាក់ច្បាប់ឈប់សំរាកប្រចំាឆ្នាំ ​ចុះទៅ​តាម​ខេត្ត​មួយ​​​ចំនួនដូចជា កំពង់ចាម ព្រៃវែង ស្វាយរៀង បាត់ដំបង កណ្តាល និងក្នុង​រាជធានីភ្នំពេញជាដើម ដើម្បី​ចូល​រួម​ដង្ហែ​​ក្បួ​នឃោសនាបោះឆ្នោត ឃុំសង្កាត់ ឲ្យគណបក្ស​ប្រជា​ជនកម្ពុជា ដែលមួយភាគ ពីក្នុងចំណោមនោះ ​មិន​ចង់ទៅចូលរួមឃោសនានោះទេ ប៉ុន្តែធ្វើតាម​«បញ្ជា​ថ្នាក់​​លើ​»។

ប៉ុន្តែការលើកឡើងនេះ ត្រូវបានអ្នកនាំពាក្យក្រសួងមហាផ្ទៃច្រានចោល។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចាត់ទុកប្រភព ដែលលើកឡើងនោះ ថាជាអ្នកគាំទ្រគណបក្សប្រឆាំង។

សម្រាប់ក្រុមអ្នកចូលរួមដង្ហែ របស់គណបក្សសង្គ្រោះជាតិវិញ ត្រូវបានគេមើលឃើញថា ភាគច្រើនកើតចេញ ពីប្រជាជនសាមញ្ញ (ឬមន្ត្រីរាជការ ដែលស្លៀកពាក់ធម្មតា)។ ក្នុងវេលាដែលអត្ថបទនេះ កំពុងសរសេរឡើង ក្បួនដង្ហែរបស់គណបក្សសង្គ្រោះជាតិ ទើបតែចាប់ផ្ដើម បានប្រមាណជា១ម៉ោងប៉ុណ្ណោះ។ ក្បាលនៃក្បួនដង្ហែ បានមកដល់ចំណុច រង្វង់មូលសាលាតិចណូ ខណៈកន្ទុយនៃក្បួនដង្ហែ នៅមិនទាន់ចេញផុត ពីទីតាំងមុខវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា នៅឡើយ។ អ្នកគាំទ្រខ្លះ មិនបានទៅដល់វត្តចាស់ទេ តែពួកគេនៅរង់ចាំ នៅតាមដងផ្លូវ ដែលចេះតែមានចំនួនកើនឡើងរហូត។


កាលពីព្រឹកម៉ិញ មានរបាយការណ៍អះអាងថា ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង មានសន្ទុះខ្លាំង ដោយសារមួយចំនួន បានធ្វើដំណើរពីបណ្ដា​ខេត្ត ដែលនៅជិតរាជធានី មកចូលរួមក្បួនឃោសនាថ្ងៃបញ្ចប់ ក្នុងរសៀលនេះ។ ទង្វើខាងលើ ត្រូវបានអាជ្ញាធរព្រមានថា នឹងពិនិត្យមើលផ្លូវច្បាប់ ដើម្បីចាត់ការគណបក្សប្រឆាំង។ ប៉ុន្តែមន្ត្រីគណបក្សប្រឆាំង បានអះអាងថា គណបក្សមិនបានទៅកៀងគរអ្នកគាំទ្រ មកពីតាមបណ្ដាខេត្តទេ តែគេក៏មិនអាចឃាត់សិទ្ធិពលរដ្ឋ ឲ្យធ្វើដំណើរ ទៅចូលរួមដង្ហែគណបក្សណា ដែលពលរដ្ឋនោះចង់ហែនោះដែរ។

ដើម្បីចង់ដឹងឲ្យពិតប្រាកដ ថាគណបក្សណា មានការគាំទ្រច្រើនជាងគេនោះ គឺមានតែថ្ងៃទី៤ ខែមិថុនា ដែលជាថ្ងៃបោះឆ្នោតខាងមុខនេះទេ ដែលគេអាចដឹង ពីចម្លើយ ​តាមរយៈ​សន្លឹកឆ្នោត៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់