CNRP ថា​មាន​ជន​ខិល​ខូច​កាត់​ត​សម្លេង រឿង​បញ្ឈប់​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ

ប្រធានគណបក្សសង្គ្រោះជាតិ បានបរិហារទង្វើនោះ ថាត្រូវបានធ្វើឡើង ដោយជនខិលខូច ដែលយកសម្លេងរបស់លោក ទៅកាត់ត ដើម្បី«បំភ្លៃការពិត»។
CNRP ថា​មាន​ជន​ខិល​ខូច​កាត់​ត​សម្លេង រឿង​បញ្ឈប់​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info)

នៅថ្ងៃសុក្រទី២៦ ខែឧសភានេះ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ បានចេញមកធ្វើសេចក្ដីបដិសេធ និងមិនទទួលខុសត្រូវ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងមានការកាត់តសម្លេង របស់ថ្នាក់ដឹកនាំគណបក្ស ដោយមូលបង្កាច់ថា មានការដក ឬបញ្ឈប់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នៅពេលដែលគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត ដឹកនាំរដ្ឋាភិបាល។ នេះ បើតាមសេចក្តីថ្លែងការណ័ ដែលទើបនឹង​ចេញផ្សាយ ដោយគណបក្ស នៅមុននេះបន្តិច។

ដូចគ្នា នឹងសេចក្ដីថ្លែងការណ៍នេះដែរ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរមុននេះ នៅលើទំព័រហ្វេសប៊ុក​របស់លោកថា៖ «ថ្មីៗនេះ មានជនខិលខូច កាត់តសម្លេងខ្ញុំ ដើម្បីបំភ្លៃការពិត។ ហេតុនេះហើយ ខ្ញុំសូមបញ្ជាក់សារជាថ្មីម្ដងទៀតថា [បើ]គណបក្សសង្គ្រោះជាតិឈ្នះ ដឹកនាំរាជរដ្ឋាភិបាល យើងគ្មានគោលនយោបាយ ដកកងកម្លាំងប្រដាប់អាវុធ ចេញពីតំណែងនោះទេ។»។

ប្រធានគណបក្សប្រឆាំង ដែលមានវត្តមាន នៅឯក្រុងសំរោង ខេត្តឧត្ដរមានជ័យ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់នោះ បានថ្លែងបន្តថា៖ «ផ្ទុយទៅវិញ មានតែផ្ដល់ប្រាក់បៀវត្សឲ្យសមរម្យ សម្រាប់លើកកម្ពស់ជីវភាព​មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងគោលបំណង បម្រើជាតិប្រជាពលរដ្ឋខ្មែរ ដោយមិនប្រកាន់ និងមិនរើសអើង»។

កាលពីប៉ុន្មានថ្ងៃមុន មេដឹកនាំគណបក្សរូបនេះ បានថ្លែងថា គណបក្សរបស់លោក គ្រោងនឹងលុបក្រសួង​អភិវឌ្ឍន៍ជនបទ​ចោល នៅពេលទទួលបានសម្លេងឆ្នោតឈ្នះ ដើម្បីដឹកនាំរដ្ឋាភិបាល។ ការលើកឡើងរបស់លោក បានបង្កការព្រួយបារម្ភ ទៅដល់សាធារណមតិមួយចំនួន ដែលគិតថា ការលុបចោលស្ថាប័នរដ្ឋមួយនេះ មានន័យស្មើរនឹងការបាត់បង់ការងារ សម្រាប់មន្ត្រីរាជការជាច្រើនរយពាន់នាក់ ដែលបម្រើការ នៅក្នុងស្ថាប័ននេះ។

នៅចំពោះការបារម្ភនោះ លោក កឹម សុខា បានចេញមកបកស្រាយវិញថា គោលនយោបាយវិមជ្ឈការ (ការផ្ដល់អំណាចទៅថ្នាក់ក្រោម) របស់គណបក្សលោក គឺជាមូលហេតុចំបង នៃការលុបចោលក្រសួងមួយនេះ ហើយគោលនយោបាយនេះ នឹងធ្វើឲ្យថ្នាក់ក្រោមជាតិ (ឃុំ-សង្កាត់) ទាំងនោះ មានការងារធ្វើច្រើន និងចុះជាប់ផ្ទាល់ នៅនឹងមូលដ្ឋាន ជាជាងមានស្ថាប័នជាតិធំមួយ ដែលគ្រប់គ្រងពីចម្ងាយ និងចំណាយ មិនចំតម្រូវការ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់