ឈាង វុន ថា​អាមេរិក​ចង់​យក​កម្ពុជា ជា​«ខ្ញុំ​បម្រើ​​តំបន់»

លោក ឈាង វុន សមាជិកសភា និងជាអ្នកនាំពាក្យរដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា បានអះអាងថា សហរដ្ឋ​អាមេរិកមានបំណង ចង់យកប្រទេសកម្ពុជា ធ្វើជា«ខ្ញុំបម្រើ» សម្រាប់នយោបាយតំបន់របស់ខ្លួន ដោយប្រើរូបភាព ជាការផ្ដល់ថវិការបស់ខ្លួន ទៅតាមអង្គការមួយចំនួន ដើម្បីធ្វើយ៉ាងណា ឲ្យមានការផ្លាស់ប្ដូររបបដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ឈាង វុន ថា​អាមេរិក​ចង់​យក​កម្ពុជា ជា​«ខ្ញុំ​បម្រើ​​តំបន់»
លោក ឈាង វុន តំណាងរាស្ត្រ និងជាអ្នកនាំពាក្យរដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ ដារា រិទ្ធិ)
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 24, 2017
  • ប្រធានបទ: បដិវត្តន៍ពណ៌
  • អាន និងបញ្ចេញយោបល់

បើទោះជាការលើកឡើង ពី«បដិវត្តន៍ពណ៌» ត្រូវបានមេដឹកនាំរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា លើកឡើងមិនដាច់ពីមាត់ នៅក្នុងរយៈចុងក្រោយនេះក៏ដោយ តែក្រុមមេដឹកនាំទាំងនោះ មិនបានចោទដោយត្រង់ ទៅកាន់ប្រទេសមហាអំណាចណាមួយ ថានៅពីក្រោយចលនា «បដិវត្តន៍ពណ៌» នោះឡើយ។ ប៉ុន្តែលោក ឈាង វុន តំណាងរាស្ត្រ និងជាអ្នកនាំពាក្យរដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា បានបោះជំហានដ៏វែងមួយ ដោយចោទសហរដ្ឋអាមេរិក ថានៅពីក្រោយចលនា នៃការធ្វើ «បដិវត្តន៍ពណ៌» ដែលមាន​​ការរៀបចំ​ជាមុន​​មួយ។ មន្ត្រីជាន់ខ្ពស់ របស់គណបក្សកាន់អំណាច​រូបនេះ បានថ្លែង​បញ្ជាក់ថា នោះ​គឺដោយ​សារ​តែប្រទេស​មហាអំណាច​ធំជាងគេ មានបំណងចង់ឲ្យកម្ពុជា ក្លាយជា«ខ្ញុំ​បម្រើ​នយោបាយ​តំបន់» របស់ខ្លួន។

ថ្លែងក្នុងបទបង្ហាញ ស្ដីអំពី «បដិវត្តន៍ពណ៌៖ វិនាសកម្មនៃសង្គ្រាម» ក្នុងវិមានរដ្ឋសភា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ លោក​ ឈាង វុន បានចោទ​រដ្ឋាភិបាលសហរដ្ឋអាមេរិក ថា​បានជួយ​គាំទ្រ​ចលនា​បដិវត្តន៍​ទាំងនោះ តាមរយៈវិទ្យាស្ថានជាតិ​ដើម្បីលទ្ធិប្រជាធិបតេយ្យ (NDI) វិទ្យាស្ថានសាធារណរដ្ឋអន្ដរជាតិ (IRI) វិទ្យាស្ថានឃ្លាំមើលសេរីភាព (Freedom House) និងវិទ្យាស្ថានសង្គមបើកចំហរ (Open Society Institute) ដែលសុទ្ធសឹងជាអង្គការធំៗ របស់អាមេរិក។ លោក ឈាន វុន បានលើកឡើងថា ការរិះគន់ជុំវិញ «ទឹកខ្មៅជ្រលក់ដៃ អាចលាងជ្រះ» ឬ«បញ្ជីបោះឆ្នោត មានការក្លែងបន្លំ» គឺជាករណីមួយចំនួន ដែល​មានការផ្ដួចផ្ដើមគំនិតឡើយ ដោយក្រុមអង្គការ​ទាំងប៉ុន្មានខាងលើ។

លោក ឈាន វុន ថែមទាំងបានចោទប្រកាន់ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន មានជាអាទិ៍ វីអូអេ អាស៊ីសេរី ភ្នំពេញប៉ុស្ដិ៍ ខាំបូឌាដេលី និងវីអូឌី ថាបានទទួលប្រាក់ឧបត្ថម្ភធុន ពីបរទេស ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត មានចេតនាបង្កចលាចល លាបពណ៌ និងធ្វើឲ្យពលរដ្ឋកម្ពុជា ស្អប់រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នកនាំពាក្យរដ្ឋសភា បានពន្យល់ថា៖ «តួនាទីនៃអង្គការក្រៅរដ្ឋាភិបាល វិទ្យុផ្សាយសំឡេងក្នុង និងក្រៅប្រទេស និងមូលនិធិរបស់សហរដ្ឋអាមេរិក ដែលមានឈ្មោះមួយចំនួន បានចូលរួមចំណែក​ ចូលរួមផ្គត់ផ្គង់ ចូលជាយោបល់ និងចាត់ចែងបដិវត្តន៍ពណ៌។ អង្គការ "National Endowment for Democracy" នេះ ជាអង្គការធំណាស់ គាត់ទទួលលុយ ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។ គេបង្កើតឡើង សម្រាប់ឲ្យគាត់ដើរតួនាទី ជាប្រអប់សំបុត្រ។ អង្គការ "NDI" គាត់ហ្នឹង មិនមែនគ្រាន់តែយកលុយ មកផ្គត់ផ្គត់ គាត់យកលុយហ្នឹង មកចាត់ចែងទៀត។»។

លោកថា៖ «បដិវត្តន៍ពណ៌ គឺការផ្ដួលរំលំរដ្ឋាភិបាលមួយ ការដឹកនាំនៃប្រទេសមួយ ដែលមិនសុខចិត្តធ្វើជាខ្ញុំបម្រើ។ ខ្ញុំបម្រើ បានន័យថា បម្រើនយោបាយតំបន់របស់មហាអំណាច។ បដិវត្តន៍ថ្មីនេះហៅថា បដិវត្តន៍ពណ៌។ គេចង់ធ្វើការផ្លាស់ប្ដូរ ពីប្រទេសមានស្ថិរភាព សន្ដិភាព សន្ដិសុខសង្គម និងអភិវឌ្ឍន៍ ទៅជាប្រទេសអស្ថិរភាពនយោបាយ ដែលជាទម្រង់ របស់ប្រទេសមហាអំណាចនោះចង់បាន។»។

ស្ថានទូតអាមេរិកប្រចាំកម្ពុជា មិនទាន់មានប្រតិកម្មយ៉ាងណា ចំពោះការចោទប្រកាន់នេះនៅឡើយ។ ប៉ុន្តែគ្រាន់តែនៅក្នុងខែឧសភាតែមួយនេះ សហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានធ្វើប្រតិកម្មដល់ទៅពីរដង ទាក់ទងនឹងសេរីភាព និងការគោរពសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា។

លើកទីមួយ ជាសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយ កាលពីថ្ងៃសុក្រទី៥ ខែឧសភា កន្លងមក។ នៅក្នុង​សេចក្ដីថ្លែងការណ៍នោះ  ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក បានប្រកាស​គាំទ្រ​សេចក្ដី​ថ្លែងការណ៍ របស់​សហភាព​អ៊ឺរ៉ុប និង​​ការិយាល័យ​ នៃ​​ឧត្ដម​ស្នងការ ​អង្គការ​សហប្រជាជាតិ​ ទទួល​​បន្ទុក​សិទ្ធិមនុស្ស ដែល​ទាមទារ​ ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្សបួនរូប និងមន្ត្រីគ.ជ.បមួយរូប ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។ មន្ត្រីទាំងប្រាំរូបនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រាប់បន្តឃុំខ្លួនពួកគេ ចំនួន៦ខែទៅមុនទៀត ខណៈពួកគេបានជាប់ឃុំ ទាំងគ្មានការជំនុំជម្រះ តាំងពីជាងមួយឆ្នាំ កន្លងមកហើយ។

លើកទីពីរ គឺជាការថ្លែងដោយផ្ទាល់មាត់ ទៅកាន់ក្រុមអ្នកសារព័ត៌មាន ពីសំណាក់អ្នកស្រី «Katina Adams» អ្នកនាំពាក្យក្រសួងការបរទេស ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កាលពីថ្ងៃសុក្រ ទី២០ ខែឧសភា ដែលជាថ្ងៃដំបូង នៃយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់។ អ្នកនាំពាក្យរូបនេះ បានថ្លែងអំពាវនាវដលរដ្ឋាភិបាលកម្ពុជា  ត្រូវចាត់វិធានការបន្ទាន់ ដើម្បីធានាសេរីភាព នៃលំហរនយោបាយដែលគ្មានការគំរាមកំហែង ឬការបំភិតបំភ័យក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងអំឡុងពេល នៃការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ រហូតដល់ពេលបោះឆ្នោតរួច។

អ្នកស្រី «Katina Adams» បានថ្លែងឡើង នៅពេលនោះថា៖ «យើងទទូចឱ្យរដ្ឋាភិបាល[កម្ពុជា ត្រូវ]ចាត់វិធានការបបន្ទាន់ ដើម្បីធានាសេរីភាព នៃលំហរនយោបាយ ដែលគ្មានការគំរាមកំហែង ឬការបំភិតបំភ័យ ក្នុងប្រទេសកម្ពុជា។ យើងអំពាវនា​វ​ដល់រដ្ឋាភិបាលកម្ពុជា លើកកម្ពស់សិទ្ធិសេរីភាព ខាងការបញ្ចេញមតិ ដែល​មាន​ការ​ទទួលស្គាល់​ជាអន្តរជាតិ សម្រាប់ពលរដ្ឋកម្ពុជាទាំងអស់។»។

សម្រាប់អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ វិញ បានហៅការលើកឡើងខាងលើ របស់មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច ថាជា«ការភ័យខ្លាច» នឹងស្រមោលអាក្រក់ខ្លួនឯង ហើយមិនហ៊ាន​ទទួលស្គាល់ការពិត ពីសំណាក់​រដ្ឋាភិបាលលោក ហ៊ុន សែន។ លោក យឹម សុវណ្ណ បានបញ្ជាក់ថា៖ «ពួកគាត់កំពុងខ្លាចស្រមោលខ្លួនឯង គាត់កំពុងតែខ្លាចឆន្ទៈប្រជារាស្ដ្រ ហើយគាត់មិនមានជំនឿ ទៅនឹងការបោះឆ្នោត នាពេលខាងមុខទេ ពីព្រោះគាត់ហាក់បីដូចជាដឹងថា​ ប្រជាពលរដ្ឋឈប់គាំទ្រគណបក្សរបស់គាត់»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់