ចោរ​ថ្លើម​ធំ​ប្លន់​ទំព័រ​ហ្វេសប៊ុក​ក្រសួង​យុត្តិធម៌ និង​អ្នក​នាំ​ពាក្យ

តាំងពីម្សិលម៉ិញមក ទំព័រហ្វេសប៊ុករបស់ក្រសួងយុត្តិធម៌ ត្រូវបាន«ជនអនាមិក» ប្លន់យកទៅគ្រប់គ្រង់ ដោយបង្ហោះពីសកម្មភាពឃោសនា របស់គណបក្សសង្គ្រោះជាតិ ផ្សាយបន្តពីទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី។ នេះ បើតាមលិខិតបណ្ដឹង ចុះលេខ«ពិសេស»ពីរច្បាប់ ​ដែលត្រូវលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ សរសេរប្ដឹឹងឡើងទៅកាន់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ចោរ​ថ្លើម​ធំ​ប្លន់​ទំព័រ​ហ្វេសប៊ុក​ក្រសួង​យុត្តិធម៌ និង​អ្នក​នាំ​ពាក្យ
ទិដ្ឋភាពផ្តិតអេក្រង់ របស់ទំព័រហ្វេសប៊ុករបស់ក្រសួងយុត្តិធម៌ ដែលអ្នកនាំពាក្យអះអាងថា ត្រូវបាន Hack។
  • ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២១ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 21, 2017
  • ប្រធានបទ: បច្ចេកវិទ្យា
  • អាន និងបញ្ចេញយោបល់

មកទល់នឹងម៉ោងនេះ វីដេអូចំនួនពីរ កំពុងមានវត្តមាននៅឡើយ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងយុត្តិធម៌កម្ពុជា។ វីដេអូទាំងពីរនោះ ជាការថតបង្ហាញ ពីសកម្មភាពឃោសនារបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានបង្ហោះផ្សាយផ្ទាល់ នៅលើទំព័រហ្វេសប៊ុក របស់អតីតប្រធានគណបក្ស លោក សម រង្ស៊ី ហើយត្រូវបានយកមកចែករំលែក នៅលើទំព័រហ្វេសប៊ុករបស់ក្រសួងខាងលើ។

សម្រាប់លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានពន្យល់​នៅ​ក្នុង​ពាក្យ​បណ្ដឹង​មួយច្បាប់ ឡើងទៅលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថា សកម្មភាពនេះ ជាការប្លន់ (Hack) ទំព័រហ្វេសប៊ុក របស់ក្រសួង។ អ្នកនាំពាក្យបានសរសេរ នៅក្នុងពាក្យបណ្ដឹង ដាច់ដោយឡែកមួយទៀត ថាទំព័រហ្វេសប៊ុក ឈ្មោះ «Kim Santepheap - ​គឹម សន្តិភាព» និងប្រអប់ទូរសារអេឡិចត្រូនិក (Email) របស់លោក ក៏ត្រូវបានប្លន់យកទៅបាត់​ដែរ។

នៅក្នុងលិខិតទាំងនោះ លោក គឹម សន្តិភាព បានរៀបរាប់ថា ហេតុការណ៍ប្លន់យកទំព័រហ្វេសប៊ុកទាំងពីរ និងប្រអប់ទូរសារនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ម្សិលម៉ិញ បង្កឡើងដោយ«ជនអនាមិក» ហើយលោកបានស្នើឲ្យលោក នេត សាវឿន ចាត់វិធានការណ៍តាមច្បាប់ ដើម្បីស្វែងរក​ចាប់ខ្លួន​ជនដៃដល់ និង​អ្នក​ពាក់​ពន្ធ័ មក​ផ្តន្ទាទោស​។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសរសេរក្នុងពាក្យបណ្ដឹងទីមួយថា៖ «ក្រោយពីជននេះ បានលួចយកទៅគ្រប់គ្រង នូវគណនីបណ្ដាញសង្គម Facebook Page របស់ក្រសួងយុត្តិធម៌រួចមក គណនីនេះបានផ្សព្វផ្សាយ នូវសកម្មភាពនយោបាយ (ឃោសនាបោះឆ្នោត) របស់គណបក្សសង្គ្រោះជាតិ ដោយផ្សាយបន្ត​ ពីផេកឈ្មោះ សម រង្ស៊ី។»។

«ស្វាស៊ីបាយរួច លាបមាត់ពពែ»

វិស្វករ​ផ្នែក​បច្ចេកវិទ្យា ពីទីក្រុង ម៉ុងរ៉េអាល់ ប្រទេសកាណាដា លោក សុធា មេត្តា បានពន្យល់​ពី​ករណី​នេះ ប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូថា ការចូលទៅប្លន់ ដើម្បីគ្រប់គ្រងទៅលើទំព័រហ្វេសប៊ុក ឬប្រអប់ទូរសារអេឡិចត្រូនិក វាជារឿងអកុសលមួយ របស់ពិភពអ៊ិនធើណែត ក្នុងសម័យកំព្យូទ័រនេះ។ ប៉ុន្តែការប្លន់យកទំព័រហ្វេសប៊ុកក្រសួង ដែលមានមនុស្សតាមដាន តែជាង១៣ម៉ឺននាក់ ទៅផ្សាយបន្តព័ត៌មានមួយ ពីទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ដែលមានអ្នកតាមដាន ដល់ទៅជិត៤លាននាក់ វាហាក់ដូចជា«គ្មានន័យ» និងមានលក្ខណៈ ជា«ស្វាស៊ីបាយរួច លាបមាត់ពពែ»។

យ៉ាងណា លោក សុធា មេត្តា បានបញ្ជាក់ថា គេត្រូវរង់ចាំមើលពីសមត្ថភាព របស់អាជ្ញាធរកម្ពុជា ដែលត្រូវបង្ហាញពីលទ្ធផល នៃការស៊ើបអង្កេត គួរឲ្យជឿជាក់មួយ ហើយលោក គឹម សន្តិភាព ឬក្រសួងយុត្តិធម៌ នៅតែអាចយកគណនីទាំងនោះ ត្រឡប់មកវិញបាន ដោយគ្រាន់តែត្រូវមានជំនួយ ពីអ្នកជំនាញខាង អាយធី (IT) ណាម្នាក់ប៉ុណ្ណោះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់